ខេត្តព្រះសីហនុ ៖ សាលាដំបូងខេត្តព្រះសីហនុ បានចេញសេចក្តីថ្លែងការណ៍បំភ្លឺ ជុំវិញការបង្ហោះព័ត៌មានជុំវិញការចាប់ខ្លួនអតីតកីឡាករប្រដាល់ ១រូប ឈ្មោះជិន រ៉ា ដែលបុគ្គលនេះ ត្រូវចាប់ខ្លួនពាក់ព័ន្ធករណីការចាប់ឃុំឃាំងនិងបង្ខាំងមនុស្សដោយខុសច្បាប់ នៅសណ្ឋាគារ មួយកន្លែង កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ កន្លងទៅ។
យោងតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ អ្នកនាំពាក្យនៃសាលាដំបូងខេត្តព្រះសីហនុ បានបញ្ជាក់ថា «អ្នកនាំពាក្យនៃសាលាដំបូងខេត្តព្រះសីហនុ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងគ្រប់បណ្តាញសារព័ត៌មាន មេត្តាជ្រាបថា ថ្មីៗនេះ តាមរយៈបណ្តាញសង្គម បានបង្ហោះផ្សព្វផ្សាយថា “មានការអាណិតជាពន់ពេកចំពោះអតីតកីឡាករ ជិន រ៉ា ដែលពេលនេះកំពុងតែជាប់នៅក្នុងមន្ទីរឃុំឃាំង ដោយពុំមានកំហុសឡើយ” ហើយនៅលើ Page YouTube ផ្លូវការរបស់កញ្ញា ពេជ្រ ចរណៃ ក៏បានបង្ហោះផងដែរថា “ការចាប់ខ្លួនកីឡាករ ជិន រ៉ា កញ្ញាពេជ្រ ចរណៃ បានបង្ហោះរឿងអយុត្តិធម៌ និងស្នើដល់សម្តេចតេជោ ឱ្យជួយ”។
ដើម្បីចៀសវាងការភ័ន្តច្រលំទៅលើចំណាត់ការពាក់ព័ន្ធនឹងករណីខាងលើនេះ អ្នកនាំពាក្យនៃសាលាដំបូងខេត្តព្រះសីហនុ មានកិត្តិយស សូមបំភ្លឺ និងជម្រាបជូនសាធារណជន និងគ្រប់បណ្តាញសារព័ត៌មានដូចខាងក្រោម ៖
ទី១- ឈ្មោះជិន ភារៀង ហៅជិន រ៉ា ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅក្នុងហេតុការណ៍ពាក់ព័ន្ធនឹងការចាប់ឃុំឃាំងនិងបង្ខាំងមនុស្សដោយខុសច្បាប់ នៅសណ្ឋាគារមួយ ដែលឈ្មោះជិន ភារៀង ហៅ ជិន រ៉ា បម្រើការជាសន្តិសុខ ហើយករណីនេះ មិនពាក់ព័ន្ធទៅនឹងការបង្ហាត់ បង្រៀនគុនខ្មែររបស់ឈ្មោះជិន រ៉ា នោះទេ។
ផ្អែកតាមរបាយការណ៍របស់នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១០ៈ០០នាទីព្រឹក គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ រួមជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាល បានធ្វើការឆែកឆេរសណ្ឋាគារជីងកាង ក្នុងនោះរកឃើញមានបន្ទប់មួយ នៅជាន់ទីពីរ ដែលជាបន្ទប់សម្រាប់បង្ខាំងមនុស្សខុសច្បាប់។
បន្ទាប់ពីការឆែកឆេរបន្ទប់នោះរួច សមត្ថកិច្ចបានរំដោះជនរងគ្រោះចំនួន២នាក់ និងដកហូតសម្ភារៈសម្រាប់ធ្វើសកម្មភាពបង្ខាំងមនុស្ស រួមមាន ៖ ដំបងឆក់ កៅអីមានផ្សាដៃចាប់ជើងវិសចាក់បេតុង និងកាំភ្លើងខ្លីមួយដើម ម៉ាក SIG SAUER បង់មួយ គ្រាប់ចំនួន១៦គ្រាប់ ដែលលាក់នៅក្នុងទូដែករបស់ជនសង្ស័យ WENG GAO YANG។
តាមចម្លើយបញ្ជាក់របស់ជនសង្ស័យឈ្មោះ WENG GAO YANG ថា កាំភ្លើងនេះ គឺបានមកពីឈ្មោះជិន ភារៀង ហៅ ជិន រ៉ា ដែលមានតួនាទីជាសន្តិសុខ នៅសណ្ឋាគារជីងកាង និងជាអ្នកយាមកាមមិនឱ្យជនរងគ្រោះរត់ចេញពីបន្ទប់។
ទី២- ចំពោះករណីខាងលើនេះ បន្ទាប់ពីទទួលបានសំណុំរឿងពីសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងដោយផ្អែកលើភ័ស្តុតាងដែលសមត្ថកិច្ចប្រមូលបាន អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៣៩៣ ចុះ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ និងបានសម្រេចបើកការស៊ើបសួរលើអង្គហេតុខាងលើ និងដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យលើឈ្មោះជិន ភារៀង ហៅជិន រ៉ា ភេទប្រុស ពីបទចាប់ឃុំឃាំងនិងបង្ខាំងមនុស្សដោយខុសច្បាប់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត រួមទាំងជនសង្ស័យ៤នាក់ផ្សេងទៀត និងបានបញ្ជូនសំណុំរឿងបន្តទៅតុលាការ។
នៅក្នុងដំណាក់កាលស៊ើបសួរ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ បានបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទទាំងប្រាំខាងលើ ហើយបានបំពេញកិច្ចនីតិវិធីរបស់ខ្លួន ដោយបានធ្វើការកោះហៅជនត្រូវចោទ មកធ្វើការសាកសួរ កោះហៅជនរងគ្រោះ សាក្សី និងបានធ្វើលិខិតជូនដំណឹងបិទការស៊ើបសួរ ជូនមកតំណាងអយ្យការរួចហើយផងដែរ។ ទន្ទឹមនេះ នៅក្នុងសំណុំរឿងនេះ មកដល់បច្ចុប្បន្ន ពុំមានជនត្រូវចោទណាមួយ ត្រូវបានធ្វើការដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ននោះទេ។
ទី៣- ជាថ្មីម្តងទៀត អ្នកនាំពាក្យនៃសាលាដំបូងខេត្តព្រះសីហនុ សូមគូសបញ្ជាក់ថា ការចាប់ខ្លួនឈ្មោះជិន ភារៀង ហៅជិន រ៉ា គឺពាក់ព័ន្ធនឹងបទ ចាប់ឃុំឃាំងនិងបង្ខាំងមនុស្សដោយខុសច្បាប់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដែលជាបទល្មើសព្រហ្មទណ្ឌ ហើយដែល ករណីនេះ មិនជាប់ពាក់ព័ន្ធទៅនឹងការបង្ហាត់បង្រៀនគុនខ្មែររបស់បុគ្គលរូបនេះ ដូចការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន និង Page Youtube មួយចំនួននោះទេ។
ចំពោះសំណុំរឿងនេះ សាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នឹងពិនិត្យស្រាវជ្រាវដោយយកចិត្តទុកដាក់ និងឱ្យបានត្រឹមត្រូវ ដើម្បីស្វែងរកឱ្យឃើញការពិត ដោយអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមាន»៕