ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ ប្រភេទ DBST ១ខ្សែ ប្រវែងជាង ៥គីឡូម៉ែត្រ ក្នុងក្របខ័ណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាស្ថាប័នប្រតិបត្តិ។
លោករដ្ឋមន្រ្ដី បានថ្លែងថា ផ្លូវដែលកំពុងបើកដំណើរការសាងសង់នាពេលនេះ មានប្រវែង ៥ គីឡូម៉ែត្រ ៧៤៤ម៉ែត្រ ក្នុងនោះប្រវែង ៣គីឡូម៉ែត្រ ៣៨០ម៉ែត្រ ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងប្រវែង ២គីឡូម៉ែត្រ ៣៦៤ម៉ែត្រ ជាផ្លូវបេតុង ដែលមានទទឹងប្រវែង ០៨ ម៉ែត្រ និងសំណង់សិល្បការ្យ រួមមានលូប្រអប់ ចំនួន ៣កន្លែង លូមូលកាត់ទទឹងផ្លូវ ចំនួន ៨ កន្លែង លូមូលកាត់ផ្លូវបំបែក ចំនួន ១៩កន្លែង លូអក្សរអ៊ុយរំដោះទឹក ប្រវែង ១៣៦៩ម៉ែត្រ។ ជាមួយនេះ មានបំពាក់ស្លាកសញ្ញាសុវត្ថិភាពតាមបណ្ដោយខ្សែផ្លូវ រួមមាន ស្លាកសញ្ញាចរាចរណ៍ ៦៩កន្លែង គំនូសអ័ក្សផ្លូវ និងមានគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់ ចំនួន ៤កន្លែងផងដែរ។ ផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ ៥ ចាប់ពីភូមិក្បាលថ្នល់ ភូមិតាសូរ ភូមិតាសុខ ភូមិចំបក់ផ្អែម ដល់ភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលគ្រោងនឹងបញ្ចប់ការសាងសង់ នៅអំឡុងខែមិថុនា ឆ្នាំ២០២៣ ខាងមុខ និងទទួលសាងសង់ដោយក្រុមហ៊ុន UNG SIMSIA CONSTRUCTION CO.LTD ក្នុងទឹកប្រាក់ប្រមាណ ១ ៧២២ ២២៩.៣៦ដុល្លារអាមេរិក។
លោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បន្តថា នេះជាគម្រោងថ្មីមួយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខដឹកនាំ ផ្ដល់ឱកាសមានលក្ខណៈពិសេសខុសពីគម្រោងផ្សេងៗទៀត ដែលមានលក្ខខណ្ឌតម្រូវឲ្យចាប់ផ្ដើមអនុវត្តបន្ទាន់ ដើម្បីបន្តរក្សានិរន្ដរភាពសេដ្ឋកិច្ចជនបទ ស្ដារជីវភាពរបស់ប្រជាជននៅជនបទ ឲ្យល្អប្រសើរឡើងវិញ បន្ទាប់ពីបាននិងកំពុងងើបពីវិបត្តិជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ អនុវត្តពីឆ្នាំ២០២១-២០២៣ មានថវិកាសរុប ចំនួន ៦៧លានដុល្លារអាមេរិក ក្នុងនោះថវិកាចំនួន ៦០លានដុល្លារអាមេរិក ជាហិរញ្ញប្បទានរបស់ធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និង ៧.៥លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
គម្រោងនេះ មានសមាសភាពចំនួន ២គឺ ៖
១- អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ដែលត្រូវស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែង ១៨៥គីឡូម៉ែត្រ និងផ្លូវបេតុងប្រវែង ៥០គីឡូម៉ែត្រ។ ស្ថាបនាស្រះដីសហគមន៍ ចំនួន ៧៥ស្រះ ស្ថាបនាស្រះសហគមន៍រៀបថ្ម ឬបេតុង ចំនួន ៧៥ស្រះ នៅក្នុងខេត្តគោលដៅចំនួន ៥ គឺ ៖ ខេត្តកំពង់ឆ្នាំង ខេត្តប៉ៃលិន ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តកោះកុង។
២- អភិវឌ្ឍន៍ជំនាញនៅជនបទ និងផ្ដល់សេវាគាំទ្រដល់អង្គភាពគ្រប់គ្រងគម្រោងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងខេត្តគោលដៅនៃគម្រោង៕