Friday, September 20, 2024
Homeព័ត៌មានជាតិក្មេងប្រុស៥ឆ្នាំ វង្វេងផ្ទះ ប៉េអឹមសង្គ្រោះ

ក្មេងប្រុស៥ឆ្នាំ វង្វេងផ្ទះ ប៉េអឹមសង្គ្រោះ

ភ្នំពេញ ៖ មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលវេលាម៉ោង ០៨ និង៤៥នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ បានទទួលសេចក្តីរាយការណ៍ព័ត៌មានតាមរយៈលេខទូរស័ព្ទ ១២៩១ ថាបានប្រទះឃើញកុមារវង្វេងឪពុកម្តាយម្នាក់ នៅចំណុចផ្លូវ៣៧១ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

ក្មេងប្រុសរងគ្រោះដែលដើរវង្វេងផ្ទះនោះ មានឈ្មោះខេត សុខេម អាយុ៥ឆ្នាំ មានលំនៅ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានដាក់បញ្ជាដោយផ្ទាល់ដល់ក្រុមការងារឱ្យចុះទៅដល់កន្លែងកើតហេតុ ហើយបានទទួលយកកុមារម្នាក់នោះ មកមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ ដើម្បីធ្វើការស្រាវជ្រាវស្វែងរកឪពុកម្តាយ និងបានជូនដំណឹងទៅកាន់បណ្តាញសង្គមផងដែរ ដើម្បីឱ្យជួយប្រកាសរកឪពុកម្តាយ អាណាព្យាបាល មកទទួលយកកុមារត្រឡប់ទៅផ្ទះវិញ។

ក្រោយពីបានធ្វើការស្រាវជ្រាវ និងផ្សព្វផ្សាយតាមបណ្តាញសង្គមផងនោះ នៅទីបំផុត កុមារ ដែលវង្វេងឪពុកម្តាយនេះ ត្រូវបានម្តាយឈ្មោះចិន ចន្ធី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានលំនៅ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មកទទួលយកត្រឡប់ទៅផ្ទះវិញ ដោយសុវត្ថិភាព។

ចំពោះករណីកុមារវង្វេងផ្លូវបាត់ឪពុកម្តាយនេះ បានធ្វើឱ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអំពាវនាវដល់ឪពុកម្តាយទូទៅ ត្រូវមើលថែនិងគ្រប់គ្រងកុមារឱ្យបានដិតដល់ ចៀសវាងមានរឿងអកុសលកើតឡើងលើកុមារ ដោយសារតែការធ្វេសប្រហែសរបស់យើង ដែលអាចនឹងក្លាយជារឿងស្តាយក្រោយ អស់មួយជីវិត៕

RELATED ARTICLES