Friday, September 20, 2024
Homeព័ត៌មានជាតិប្រពន្ធសម្រាលកូន ប្តីចាប់រំលោភកូនឈ្នួល

ប្រពន្ធសម្រាលកូន ប្តីចាប់រំលោភកូនឈ្នួល

ខេត្តកណ្តាល ៖ បុរសម្នាក់ ឆ្លៀតពេលដែលប្រពន្ធរបស់ខ្លួនទៅសម្រាលកូន និងស្នាក់នៅឯស្រុកកំណើត អត់មានអ្នកជួយលក់ដូរខ្លួន ក៏ទៅពឹងយុវតីម្នាក់ ឱ្យមកជួយលក់ដូរ ដោយផ្តល់កម្រៃប្រចាំថ្ងៃ ២ម៉ឺនរៀល បន្ទាប់មកក៏បែកគំនិតចាប់រំលោភយុវតីជាកូនឈ្នួលនោះ រហូតបានសម្រេច ទីបំផុតរឿងរ៉ាវបានបែកធ្លាយដឹងដល់ម្តាយក្មេងស្រីរងគ្រោះ ក៏ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះ នាំយកមកចាត់ការតាមច្បាប់។

ករណីនេះបានកើតឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាល បានឱ្យដឹងថា យុវតីរងគ្រោះដែលត្រូវជនសង្ស័យចាប់រំលោភរហូតបានសម្រេចនោះ មានអាយុ១៦ឆ្នាំ មានលំនៅក្នុងភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ហម ផល្លា ហៅរ៉ូ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់នំ នៅម្តុំរង្វង់មូលស្ពានព្រែកតាមាក់ ស្នាក់នៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល និងមានស្រុកកំណើតនៅភូមិតារាម ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ប្រភពដដែល បន្តថា រយៈពេល ២ឆ្នាំមកហើយ ដែលជនសង្ស័យបានមកជួលផ្ទះគេស្នាក់នៅក្នុងភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល និងប្រកបរបរជាអ្នកលក់នំ នៅរង្វង់មូលស្ពានព្រែកតាមាក់ រហូតមកដល់សព្វថ្ងៃនេះ។  លុះមកដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ប្រពន្ធរបស់ជនសង្ស័យ បានទៅសម្រាលកូន ហើយស្នាក់នៅឯស្រុកកំណើត ខេត្តកំពង់ធំ។ បន្ទាប់មក នៅវេលាម៉ោងប្រហែល ៨ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ជនសង្ស័យបានហៅជនរងគ្រោះ ឱ្យជួយលក់នំ ជំនួសប្រពន្ធខ្លួន ដោយឱ្យប្រាក់ឈ្នួល ១ថ្ងៃ ២ម៉ឺនរៀល។ លុះមកដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះបានមកលក់នំ ជាមួយជនសង្ស័យ រហូតដល់ម៉ោង ៤និង៣០នាទី ថ្ងៃដដែល ពេលលក់នំអស់ ជនសង្ស័យប្រើជនរងគ្រោះ ឱ្យជិះម៉ូតូរបស់ខ្លួន ទៅលាងចាននៅឯផ្ទះជួលរបស់ខ្លួន រីឯជនសង្ស័យ ជិះរ៉ឺម៉កម៉ូតូលក់នំ មកតាមក្រោយ។

ប្រភពខាងលើ បញ្ជាក់ថា ពេលមកដល់ ជនរងគ្រោះជាកូនឈ្នួល បានទៅលាងចានដែកសម្រាប់លាយម្សៅធ្វើនំ ពេលលាងរួច ជនរងគ្រោះ ក៏អង្គុយចាំជនសង្ស័យ ដឹកខ្លួនទៅផ្ទះវិញ។ មកដល់ម៉ោង ៥ល្ងាច ថ្ងៃដដែល ជនសង្ស័យបានហៅជនរងគ្រោះចូលក្នុងផ្ទះ ដើម្បីឱ្យអាវរងា ស្រាប់តែពេលជនរងគ្រោះចូលទៅដល់ ជនសង្ស័យបានចាប់ផ្តួលជនរងគ្រោះទៅលើពូកហើយក៏ចាប់រំលោភនាងរហូតដល់បានសម្រេចតែម្តង។

ក្រោយពេលចាប់រំលោភជនរងគ្រោះរួច ជនសង្ស័យបានជិះម៉ូតូ ជូនជនរងគ្រោះទៅផ្ទះវិញ។ លុះពេលទៅដល់ ជនរងគ្រោះបានប្រាប់ឪពុកម្តាយពីដំណើររឿង។ ឮដូច្នេះ គ្រួសាររបស់ជនរងគ្រោះ បានចាប់ឃាត់ខ្លួនជនសង្ស័យជាប់ភ្លាមៗ រួចរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ព្រែកតាមាក់ ទើបកម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល អនុវត្តតាមនីតិវិធីតែម្តង៕

RELATED ARTICLES