Friday, September 20, 2024
Homeព័ត៌មានជាតិចោរស្រីលួចលុយ ចាយអស់ពាក់កណ្តាល ជាប់ខ្នោះ

ចោរស្រីលួចលុយ ចាយអស់ពាក់កណ្តាល ជាប់ខ្នោះ

ភ្នំពេញ ៖ ស្ត្រីដៃឆើតម្នាក់ ជិះម៉ូតូដឹកកូនតូចរបស់ខ្លួន២នាក់ ទៅដើរលេងនៅសួនកុមារ ក្នុងគោលបំណងនាំកូនទៅកម្សាន្តផង ចេញធ្វើសកម្មភាពលួចផង លុះទៅដល់ ឃើញស្ត្រីម្នាក់យួរកាបូបដៃភ្លេចខ្លួន ក៏ចូលទៅក្បែរ លួចយកកាបូបលុយបានសម្រេច ដោយមានប្រាក់ដុល្លារ ចំនួន ៦ពាន់ដុល្លារ ព្រមទាំងប្រាក់រៀល និងប្រាក់ដុងវៀតណាម មួយចំនួនទៀត រួចក៏គេចខ្លួន ដើរចាយវាយហ៊ឺហាអស់ប្រាក់ប្រមាណ ៣ពាន់ដុល្លារ ក៏ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ នាំយកមកចាត់ការតាមច្បាប់។

ករណីលួចកាបូបលុយនេះ បានកើតឡើង កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចសួនកម្សាន្តក្មេងលេង OCIC ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ រហូតមកដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ទើបកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនស្ត្រីសង្ស័យបាន នៅចំណុចមុខវត្តនាគវ័ន ផ្លូវបេតុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ស្ត្រីសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឡាយ សម្ភស្ស ហៅភាន់ អាយុ៣៤ឆ្នាំ មានលំនៅផ្ទះជួល ផ្លូវលំ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះអ៊ាត រ៉ាដូ អាយុ៤៦ឆ្នាំ មានលំនៅ ភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹង កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ មានករណីស្ត្រីម្នាក់ធ្វើសកម្មភាពលួចកាបូប នៅចំណុចសួនកម្សាន្តក្មេងលេង OCIC ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ដែលនៅក្នុងកាបូបនោះ មានលុយ ចំនួន ៦ពាន់ដុល្លារ ២០ម៉ឺនរៀល និង ៣០ម៉ឺនដុង អត្តសញ្ញាណប័ណ្ណ ១សន្លឹក ប័ណ្ណបើកបររថយន្ត ១សន្លឹក ប័ណ្ណសម្គាល់យានយន្ត១ និងកាតធនាគារអេស៊ីលីដា ១សន្លឹក។ ក្រោយកើតហេតុ ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងឱ្យកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកជនសង្ស័យខាងលើ យកមកដាក់ទោសតាមផ្លូវច្បាប់។

លោកវរសេនីយ៍ឯក ប៊ុន សត្យា បន្តថា លុះដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើបាន នៅចំណុចមុខវត្តនាគវ័ន ផ្លូវបេតុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក និងបានចាប់យកភ័ស្តុតាងប្រាក់ដុល្លាររបស់ជនរងគ្រោះ ចំនួន៣ពាន់ដុល្លារ រួចបញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាបូបលុយរបស់ជនរងគ្រោះ ប្រាកដមែន។ មុនពេលកើតហេតុ ខ្លួនបានចាកចេញពីផ្ទះជួលនៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដោយជិះម៉ូតូ ១គ្រឿង ដឹកកូនចំនួន ២នាក់ ដើម្បីទៅធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលទៅលេងកម្សាន្តនៅសួនកម្សាន្តក្មេងលេង OCIC សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ លុះទៅដល់ចំណុចកើតហេតុខាងលើ ស្រាប់តែបានប្រទះឃើញជនរងគ្រោះកំពុងដើរជាមួយគ្រួសារ ហើយជនរងគ្រោះ មានយួរកាបូបដៃ ភ្លាមៗនោះខ្លួន ក៏បានដើរចូលទៅជិតជនរងគ្រោះ រួចធ្វើសកម្មភាពលួចយកកាបូបពីក្នុងកាបូបយួរដៃ បានសម្រេច រួចហើយនាំកូនជិះម៉ូតូគេចខ្លួនបាត់ និងដើរស៊ីចាយអស់ប្រាក់ចំនួន ៣ពាន់ដុល្លារ នៅសល់តែ ៣ពាន់ដុល្លារប៉ុណ្ណោះ ក៏ត្រូវសមត្ថកិច្ចចាប់បានតែម្តង។

ស្ត្រីសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES