Friday, September 20, 2024
Homeព័ត៌មានជាតិកូនស្រីឪម៉ាល់ទិចស្លាប់ ម៉ែបន្ទោសពេទ្យ

កូនស្រីឪម៉ាល់ទិចស្លាប់ ម៉ែបន្ទោសពេទ្យ

ខេត្តស្វាយរៀង ៖ ក្មេងស្រីអាយុ៧ឆ្នាំម្នាក់ កំពុងជិះកង់តាមវាលស្រែសុខៗ ស្រាប់តែមានសំបុកឪម៉ាល់ ១សំបុក ត្រូវខ្យល់បោកបក់ខ្លាំងដាច់ធ្លាក់ចំ ធ្វើឱ្យផ្អើលសត្វឪម៉ាល់ ទិចក្មេងស្រីរងគ្រោះប្រមាណជាង ១០០មេ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងបានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យគន្ធបុប្ផា និងត្រូវបានឪពុកម្តាយក្មេងស្រីរងគ្រោះ បន្ទោសថា ដោយសារតែក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែក អត់មានលទ្ធភាពសង្គ្រោះ មិនព្រមបញ្ជូនអ្នកជំងឺទៅពេទ្យភ្នំពេញ ភ្លាមទេ ចេះតែទុកតាមដាន ពន្យារពេលរាប់ម៉ោង រហូតដល់ហួសពេល។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅចំណុចភ្លឺបឹងតាបែន ស្ថិតនៅភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង ចម្ងាយពីផ្ទះក្មេងស្រីរងគ្រោះ ប្រមាណ ២០០ម៉ែត្រ។

ក្មេងស្រីរងគ្រោះ ដែលត្រូវសត្វឪម៉ាល់ទិច បណ្តាលឱ្យស្លាប់ មានឈ្មោះភឿន ចន្ថា អាយុ៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១ នៅសាលាបឋមសិក្សា២ធ្នូ មានឪពុកឈ្មោះខៀវ ថេន អាយុ៣៥ឆ្នាំ និងម្តាយឈ្មោះហ៊ូ ស៊ីណា អាយុ៣៦ឆ្នាំ មានលំនៅក្នុងភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង។

តាមប្រភពពីឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ទាំងអួលដើមកថា មុនពេលកើតហេតុ កូនស្រីរបស់គាត់ឈ្មោះ ភឿន ចន្ថា (ក្មេងស្រីរងគ្រោះ) បានជិះកង់ទៅលេងនៅវាលស្រែ ទៅតាមជីតាដែលចេញទៅឃ្វាលគោ នៅមាត់បឹងតាបែន។ ខណៈដែលកំពុងជិះ កង់ ទៅដល់ភ្លឺបឹង ស្រាប់តែមានខ្យល់យ៉ាងខ្លាំងបោកបក់ បណ្តាលឱ្យដាច់ធ្លាក់សំបុកឪម៉ាល់ពីលើចុងត្នោត មកដីទាំងសំបុក (ប៉ុនល្អី) ចំពីមុខកង់ របស់កូនស្រីគាត់ និងធ្វើឱ្យសត្វឪម៉ាល់ ១សំបុក ផ្អើលឪម៉ាល់ហើរចេញពីសំបុក មកទិចកូនស្រីរបស់គាត់ បណ្តាលឱ្យរងរបួសសុះខ្លួនប្រាណ ប្រមាណ១០០មេ។ ភ្លាមនោះ កូនស្រីរបស់គាត់ បានផ្តួលកង់ចោល រួចរត់ចេញ ហើយស្រែកហៅតាឱ្យជួយ ចំណែកជីតា ក៏រត់ទៅជួយ ចម្ងាយពីសំបុកឪម៉ាល់ ប្រមាណ ៥០ម៉ែត្រ។ សត្វឪម៉ាល់ ក៏លែងដេញ បានហើរទៅសំបុកវិញ។

ឪពុកម្តាយក្មេងស្រីរងគ្រោះ បន្តថា ពេលនោះ កូនស្រីគាត់ ឈឺចុកចាប់យ៉ាងខ្លាំង ប៉ុន្តែមានស្មារតីរឹងមាំ ហើយជីតា ក៏នាំត្រឡប់មកផ្ទះ ដើរមកដល់ផ្ទះខ្លួនឯង ទើបពួកគាត់ជាឪពុកម្តាយ ប្រញាប់ដឹកបញ្ជូនកូនស្រី តាមម៉ូតូ ឆ្ពោះទៅមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះ។ ពេលទៅដល់មន្ទីរពេទ្យខេត្ត គឺនៅវេលាម៉ោង ៥ល្ងាច ពេលនោះក្រុមគ្រូពេទ្យ ត្រូវធ្វើតេស្តកូវីដ-១៩ លទ្ធផលអវិជ្ជមាន ទើបពេទ្យឱ្យឪពុកបីកូន ទៅអគារកុមារ រួចបន្តោកសេរ៉ូម មួយប្លោក និងចាក់ថ្នាំ ២ម្ជុល ក៏ទៅបាត់ រហូតដល់ម៉ោង ៧និង៣០នាទីយប់ មានលោកគ្រូពេទ្យម្នាក់ មកមើល ហើយនិយាយថា កូននេះធ្ងន់ហើយ បើមានលទ្ធភាពបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា នៅភ្នំពេញ ទៅ ហើយក៏ចេញទៅវិញបាត់ទៅ។

ក្រោយមក មានគ្រូពេទ្យក្មេងៗ ២នាក់ មកមើល ទើបពួកគាត់ជាឪពុកម្តាយនិយាយថា “បើគ្មានលទ្ធភាពព្យាបាលកូនខ្ញុំទេ ខ្ញុំសុំបញ្ជូនទៅភ្នំពេញ” ខណៈនោះ គ្រូពេទ្យសុំទុកតាមដានរយៈពេល ១ម៉ោងទៀតសិន មិនអីទេ ចាំឱ្យកូននោមសិន ក្រែងធូរ។ ក៏ប៉ុន្តែកូនស្រីគាត់ កាន់តែឈឺចុកចាប់ពេញខ្លួនប្រាណខ្លាំងឡើងៗ រហូតម៉ោង ៨និង១០នាទីយប់ ទើបបញ្ជូន ហើយបានហៅរថយន្តសាមុយឯកជន មកដឹក ដោយម្ចាស់រថយន្ត យកតម្លៃ ១៨០ដុល្លារ ដឹកដល់មន្ទីរពេទ្យគន្ធបុប្ផា នៅភ្នំពេញ។ ប៉ុន្តែដោយរថយន្តសាមុយឯកជននោះ ចាស់ ទើបបើកមិនបានលឿន រហូតដល់ម៉ោង ១០និង៣០យប់ ទើបដល់មន្ទីរពេទ្យគន្ធបុប្ផា ឯរាជធានីភ្នំពេញ។ លុះទៅដល់ ក្រុមគ្រូពេទ្យ លើកយកកូនចុះពីរថយន្ត  កូនស្រីគាត់ ក៏បានដាច់ខ្យល់ស្លាប់តែម្តង។

ម្តាយក្មេងស្រីរងគ្រោះ បាននិយាយទាំងទឹកភ្នែកថា អាណិតកូនស្រីខ្លោចចិត្ត និយាយរហូត ឱ្យគ្រូពេទ្យជួយ និយាយរហូតដល់នាងដាច់ ល់ស្លាប់ ហើយអ្វីដែលគាត់កាន់តែហួសចិត្តនោះ រថយន្តសាមុយ ដែលដឹកកូនគាត់ទៅ យក១៨០ដុល្លារ លុះពេលកូនគាត់ស្លាប់ហើយ ដឹកត្រឡប់មកវិញ យកថ្លៃដឹកសពថែម ១២០ដុល្លារទៀត។

ជុំវិញករណីខាងលើនេះ ឪពុកម្តាយក្មេងស្រីរងគ្រោះ បានសំណូមពរដល់លោកប្រធានមន្ទីរសុខាភិបាលខេត្ត រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកអភិបាលខេត្តស្វាយរៀង មេត្តាចុះអធិការកិច្ចលើបញ្ហាគ្រូពេទ្យមិនសូវយកចិត្តទុកដាក់ផ្តល់សេវាថែទាំព្យាបាលអ្នកជំងឺ ដែលត្រូវសង្គ្រោះបន្ទាន់ ជូនប្រជាពលរដ្ឋ ដែលទៅរកសេវានៅមន្ទីរពេទ្យរដ្ឋ សូមឱ្យក្រុមគ្រូពេទ្យ ទទួលខុសត្រូវ ចៀសវាងគ្រោះថ្នាក់ដល់ជនរងគ្រោះផ្សេងទៀត ជាពិសេសឡានពេទ្យ យកថ្លៃពេក។

ពាក់ព័ន្ធទៅនឹងការលើកឡើងរបស់ឪពុកម្តាយក្មេងស្រីរងគ្រោះខាងលើ នៅមិនទាន់មានការឆ្លើយតបបំភ្លឺពីលោកប្រធានមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង នៅឡើយទេ កាលពីម្សិលមិញ៕

RELATED ARTICLES