Friday, September 20, 2024
Homeព័ត៌មានជាតិចាក់សម្លាប់២ប្តីប្រពន្ធ ជាប់គុក១០ឆ្នាំ

ចាក់សម្លាប់២ប្តីប្រពន្ធ ជាប់គុក១០ឆ្នាំ

ភ្នំពេញ ៖ បុរសជនជាតិហ្វីលីពីនម្នាក់ ដែលបានធ្វើសកម្មភាពចាក់សម្លាប់ប្តីប្រពន្ធ ២នាក់ ជាជនជាតិហ្វីលីពីន ដូចគ្នា បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ នៅចំណុចខុនដូមួយកន្លែង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន ត្រូវបានចៅក្រម សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ចំនួន១០ឆ្នាំ។

លោកស្រី យី សុខវួច ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងលោក សំម ឫទ្ធីវាសនា ជាតំណាងអយ្យការ កាលពីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទ ឈ្មោះ Yabes Fermin Jr Suyat ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិហ្វីលីពីន ដាក់ពន្ធនាគារ កំណត់ចំនួន១០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយមរណភាពនៃជនរងគ្រោះ»។

សូមបញ្ជាក់ថា ជនត្រូវចោទ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស (ម១) កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ និងបានបើកសវនាការជំនុំជម្រះ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ហើយប្រកាសសាលក្រម នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។

គួររំលឹកថា កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ មានករណីឃាតកម្មដ៏ឃោរឃៅមួយ បានកើតឡើងនៅត្រង់ចំណុចអគារខុនដូ លេខ២៥ ផ្លូវ១០៣ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន ដោយបុរសជនជាតិហ្វីលីពីនម្នាក់ បានឡើងទៅបន្ទប់ជាន់ទី១ នៃខុនដូ រួចបានធ្វើសកម្មភាពចាក់សម្លាប់ប្តីប្រពន្ធ ២នាក់ ជាជនជាតិហ្វីលីពីន ដូចគ្នា បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម។ លុះធ្វើសកម្មភាពរួច ជនដៃដល់បានរត់ចេញពីបន្ទប់ជនរងគ្រោះ និងស្ទុះលោតលើអគារខុនដូ ជាន់ទី១ ចុះមកក្រោម បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យឯកជន។

សពជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បុរសជាប្តី មានឈ្មោះ Jerry Cervanez  អាយុ៤៣ឆ្នាំ មុខរបរទីផ្សារពាណិជ្ជកម្មអនឡាញ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះ Grae Vabes Cervanez អាយុ៤១ឆ្នាំ មុខរបរទីផ្សារអនឡាញ ស្នាក់នៅក្លែងកើតហេតុ។ ចំណែកជនសង្ស័យដៃដល់ មានឈ្មោះ Yabes Fermin Jr Suyat ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរម្ចាស់ទីតាំង (រងរបួសធ្ងន់ ដោយសារតែបានរត់ចេញពីបន្ទប់ជនរងគ្រោះ មកលោតពីលើអគារខុនដូ ជាន់ទី១ ចុះមកក្រោម)។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិហ្វីលីពីនម្នាក់ បានឡើងទៅលើអគារខុនដូ ជាន់ទី១ ចូលទៅក្នុងបន្ទប់ពីរនាក់ប្តីប្រពន្ធ ជាជនជាតិហ្វីលីពីន ដូចគ្នា និងបានចាក់សម្លាប់ពីរនាក់ប្តីប្រពន្ធ បណ្តាលឱ្យស្លាប់នៅក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម។ បន្ទាប់មក ជនដៃដល់ បានរត់ចេញពីបន្ទប់ជនរងគ្រោះ មកក្រៅ លោតពីលើអគារជាន់ទី១ បណ្តាលឱ្យរងរបួសធ្ងន់ សន្លប់ស្តូកស្តឹង ត្រូវបានរថយន្តមន្ទីរពេទ្យឯកជន ដឹកទៅជួយសង្គ្រោះភ្លាមៗ៕

RELATED ARTICLES