Friday, September 20, 2024
Homeព័ត៌មានជាតិកូនប្រុសចេញពីមណ្ឌលកែប្រែ ជក់ថ្នាំញៀន វ៉ៃម៉ែ

កូនប្រុសចេញពីមណ្ឌលកែប្រែ ជក់ថ្នាំញៀន វ៉ៃម៉ែ

ភ្នំពេញ ៖ បុរសម្នាក់ បានលង់ខ្លួនប្រើប្រាស់ថ្នាំញៀន រហូតដល់គ្រប់គ្រងសតិស្មារតីលែងបាន ចេះតែបង្កការអុកឡុកក្រុមគ្រួសារ និងអ្នកជិតខាង ជាបន្តបន្ទាប់ ធ្វើឱ្យឪពុកម្តាយទ្រាំមិនបាន ក៏ប្តឹងសមត្ថកិច្ចចាប់បញ្ជូនទៅមណ្ឌលបន្សាបថ្នាំញៀន ចំនួន៣លើករួចមកហើយ ប៉ុន្តែកូនប្រុសនេះ មិនព្រមកែប្រែខ្លួនសោះ លុះចុងក្រោយ ទើបនឹងចេញពីមណ្ឌលកែប្រែផ្តាច់ថ្នាំញៀន ក៏បន្តប្រើប្រាស់ថ្នាំញៀនដដែល និងថែមទាំងបង្ករឿង វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ព្រមទាំងវាយម្តាយបង្កើតខ្លួនឯងទៀត ទើបត្រូវកម្លាំងអាវុធហត្ថ ចុះចាប់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារ កូនប្រុសវាយម្តាយបង្កើតនេះ បានកើតឡើង កាលពីវេលាម៉ោង១និង១៦នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៣៦៦ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

កូនប្រុសកំណាចដែលប្រើប្រាស់ថ្នាំញៀនហួសកម្រិត (បែកថ្នាំ) រហូតដល់ហ៊ានប្រើហិង្សាលើម្តាយបង្កើតខ្លួនឯង និងត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួននោះ មានឈ្មោះយេស សម័យ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៦៦ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ទី១ ខណ្ឌមានជ័យ។

តាមប្រភពពីមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១និង១៦នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ មានប្រជាពលរដ្ឋផ្តល់ព័ត៌មានមកកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ របស់មណ្ឌល បញ្ជាប្រតិបត្តិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍ លើករណីបុរសម្នាក់ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិគ្រួសារ និងបង្កហិង្សាលើម្តាយ នៅចំណុចផ្ទះលេខ៣៦៦ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់បញ្ជាដោយផ្ទាល់ដល់ក្រុមការងារ ដែលមានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ និងកម្លាំង ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះដល់ទីតាំងដែលបានរាយការណ៍។

ពេលកម្លាំងអន្តរាគមន៍ចុះទៅដល់ ជនសង្ស័យបានរត់ចូលពួនសំងំលាក់ខ្លួនក្នុងផ្ទះអ្នកជិតខាង ភ្លាមនោះកម្លាំងអន្តរាគមន៍ បានធ្វើការឡោមព័ទ្ធ ឃាត់ខ្លួនជនសង្ស័យឈ្មោះយេស សម័យ ប្រគល់ឱ្យកម្លាំងមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កងពលតូច លេខ៣១ ដើម្បីយកទៅធ្វើការព្យាបាល និងស្តារនីតិសម្បទា។

ជនសង្ស័យ យេស សម័យ គឺជាមនុស្សធ្លាប់ញៀនថ្នាំជាប្រចាំ និងធ្លាប់ចូលមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ចំនួន ៣លើករួចមកហើយ តែជននេះនៅតែមិនលះបង់គ្រឿងញៀន ហេតុដូច្នេះហើយ ក្រោយពេលដែលបានចេញពីមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន រាល់លើក បុគ្គលរូបនេះ តែងតែបន្តប្រើប្រាស់គ្រឿងញៀន ដដែល៕

RELATED ARTICLES