Friday, September 20, 2024
Homeព័ត៌មានជាតិឪវ៉ៃ១រំពាត់ កូនកាប់១ពូថៅ

ឪវ៉ៃ១រំពាត់ កូនកាប់១ពូថៅ

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ បានដាស់កូនប្រុសរបស់ខ្លួនដែលកំពុងដេក ឱ្យក្រោកទៅច្រូតស្មៅគោ តែកូនប្រុសមិនព្រមទៅ ហើយក៏មិនព្រមក្រោកពីដេកទៀត ទើបធ្វើឱ្យបុរសជាឪពុកខឹង ក៏ទាញរំពាត់មកវាយកូនប្រុស ១រំពាត់ ស្រាប់តែកូនប្រុសផ្ទុះកំហឹង ស្ទុះទៅទាញពូថៅ កាប់ឪពុកបង្កើតខ្លួន ចំនួន ១ពូថៅ បណ្តាលឱ្យត្រូវចំកំភួនដៃ រងរបួសធ្ងន់ ទីបំផុតត្រូវសមត្ថកិច្ចចុះចាប់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារ កូនប្រុសកាប់ឪពុកបង្កើត ១ពូថៅ បណ្តាលឱ្យដាច់ដៃនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៣៥នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នៅចំណុចត្របែកខ្ទូង ស្ថិតនៅភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ។

ជនដៃដល់ជាកូនប្រុសដែលកាប់ឪពុកបង្កើតខ្លួនឯង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះគុណ សំណាង អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះជាឪពុក មានឈ្មោះគីម គុណ អាយុ៥៤ឆ្នាំ មុខរបរកសិករ។ ឪពុកកូនទាំងពីរ មានលំនៅក្នុងភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ ជាមួយគ្នា។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង ៨និង១៥នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះគីម គុណ ថាមានករណីហិង្សាក្នុងគ្រួសារ ដោយកូនប្រុសបង្កើតរបស់គាត់ ឈ្មោះគុណ សំណាង បានប្រើពូថៅ កាប់រូបគាត់ជាឪពុក បណ្តាលឱ្យរងរបួសត្រង់កំភួនដៃ យ៉ាងធ្ងន់។

របាយការណ៍ដដែល បន្តថា ក្រោយទទួលពាក្យបណ្តឹងរួច កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ ចំនួន៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក សុង សេរីវុធ ឋានៈនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះគុណ សំណាង យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ ដើម្បីធ្វើការសាកសួរ ព្រមទាំងបានដកហូតវត្ថុតាង រួមមាន ពូថៅដៃ ចំនួន១ កាំភ្លើងកែច្នៃ (កាំភ្លើងខ្យល់) ចំនួន១ដើមផងដែរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះគុណ សំណាង បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកពូថៅកាប់ទៅលើឪពុកបង្កើត ឈ្មោះគឹម គុណ ប្រាកដមែន មូលហេតុដោយសារខឹងឪពុកឱ្យទៅច្រូតស្មៅគោ ខ្លួនមិនទៅ ព្រោះកំពុងដេកស្រួល ក៏ត្រូវឪពុកវាយមួយរំពាត់ ជាហេតុធ្វើឱ្យរូបគេផ្ទុះកំហឹង ក៏ក្រោកស្ទុះទៅយកពូថៅ កាប់សងទៅលើឪពុកតែម្តង។

ជនសង្ស័យ បានសារភាពបន្តទៀតថា កន្លងមក ខ្លួនធ្លាប់បានប្រើប្រាស់គ្រឿងញៀន ជាមួយមិត្តភក្តិនៅភ្នំពេញ ផងដែរ។

ជនសង្ស័យខាងលើ ត្រូវបានអាណាព្យាបាល សំណូមពរឱ្យផ្តន្ទាទោសតាមច្បាប់។ ចំពោះជនរងគ្រោះជាឪពុក ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពតាលោ។

សមត្ថកិច្ចបានបញ្ជាក់ថា ដោយមានការអនុញ្ញាតពីលោកកូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ សមត្ថកិច្ចបានសម្រេចធ្វើការឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES