Tuesday, November 26, 2024
Homeព័ត៌មានជាតិព្រួតវ៉ៃសម្លាប់ចុងភៅម្នាក់ មុខកាស៊ីណូ

ព្រួតវ៉ៃសម្លាប់ចុងភៅម្នាក់ មុខកាស៊ីណូ

ខេត្តស្វាយរៀង ៖  បុរសជាចុងភៅម្នាក់ ត្រូវបានជនសង្ស័យ ១ក្រុម មានគ្នាប្រមាណ ៤ទៅ៥នាក់ ប្រដាប់ដោយដំបងនិង​បំពង់ទីបគ្រប់ដៃ បានធ្វើសកម្មភាពព្រួតវាយ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង គួរឱ្យរន្ធត់  ចំណែកក្រុមជនសង្ស័យ ក្រោយពីធ្វើសកម្មភាពរួច បាននាំគ្នារត់គេចខ្លួនបាត់អស់។

ករណីអំពើឃាតកម្ម ព្រួតវាយសម្លាប់យ៉ាងសាហាវឃោរឃៅលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង១៥នាទី​ទៀបភ្លឺ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខកាស៊ីណូ៦៧ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ឱ្យដឹងថា បុរសរងគ្រោះដែលត្រូវក្រុមជនដៃដល់ព្រួតវាយសម្លាប់ មានឈ្មោះយឿង មិនទៀង  អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបរចុងភៅ មានលំនៅក្នុងខេត្តហាយយឿង ប្រទេសវៀតណាម។ ចំណែកក្រុមជនសង្ស័យ ដែលគេស្គាល់ថា ជាជនជាតិវៀតណាម ដែរនោះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅ​ឡើយទេ ខណៈក្រោយកើតហេតុ ពួកគេបានរត់គេចខ្លួនបាត់ភ្លាមៗ បន្សល់តែជនរងគ្រោះដេកស្លាប់តាមផ្លូវ។

តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ ដែលជនជាតិវៀតណាម ខាងលើ បានយកទូរស័ព្ទរបស់ខ្លួនទៅបញ្ចាំ នៅហាង ១កន្លែង ដើម្បីយកលុយទៅលេងល្បែងក្នុងកាស៊ីណូបន្តទៀត។ ក្រោយមក ក៏មានក្រុមជនសង្ស័យ មានគ្នាប្រមាណ ៤ទៅ៥នាក់ បានដើរចូលទៅនិយាយគ្នាជាមួយជនរងគ្រោះ ស្រាប់តែមិនដឹងជាមានរឿងអ្វីទេ រំពេចនោះ ក្រុមជនសង្ស័យ បានធ្វើសកម្មភាពព្រួតយកដំបងនិងបំពង់ទីប វាយសន្ធាប់ទៅលើជនរងគ្រោះទាំងកំរោល បណ្តាលឱ្យជនរងគ្រោះដេកដួលស្លាប់ក្នុងថ្លុកឈាម។ ចំណែកក្រុមជនដៃដល់ បាននាំគ្នារត់រត់គេចខ្លួនបាត់ភ្លាមៗ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើអន្តរាគមន៍ ប៉ុន្តែសមត្ថកិច្ចបានទៅដល់ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយមក សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងបានស្រាវជ្រាវរកក្រុមជនសង្ស័យទាំងនោះ ដើម្បីឃាត់ខ្លួនយកមកផ្តន្ទាទោសឱ្យខាងតែបាន ខណៈមានកាមេរ៉ាសុវត្ថិភាព ចាប់យកសកម្មភាពរបស់ក្រុមជនទាំងនោះ ដែលព្រួតគ្នាវាយទៅលើជនរងគ្រោះ រហូតដល់ស្លាប់ផងដែរ៕

RELATED ARTICLES