Tuesday, November 26, 2024
Homeព័ត៌មានជាតិបំបែកសំណុំរឿងជួញដូរកម្លាំងពលកម្ម ចាប់ខ្លួន១១នាក់ កាំភ្លើង៦ដើម

បំបែកសំណុំរឿងជួញដូរកម្លាំងពលកម្ម ចាប់ខ្លួន១១នាក់ កាំភ្លើង៦ដើម

ភ្នំពេញ ៖ នាយឧត្តមសនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីស្រាវជ្រាវលើករណីជួញដូរកម្លាំងពលកម្មមួយ នៅខេត្តព្រះសីហនុ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ បានធ្វើការឃាត់ខ្លួនមនុស្សចំនួន ១១នាក់ ព្រមទាំងដកហូតអាវុធវែងខ្លី សរុបចំនួន៦ដើម។

ប្រតិបត្តិការបង្ក្រាបករណីជួញដូរកម្លាំងពលកម្មនេះ បានធ្វើឡើងតាំងពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីមានបណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថាមាននារីម្នាក់ត្រូវបានក្រុមជនសង្ស័យចាប់បង្ខាំងទុក ដើម្បីឱ្យនៅបម្រើការងារក្នុងក្រុមហ៊ុនមួយកន្លែង នៅក្នុងខេត្តព្រះសីហនុ។ ប្រតិបត្តិការថ្ងៃដំបូងនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៥នាក់ ដែលជាជនជាតិចិន និងបានរំដោះនារីរងគ្រោះម្នាក់ ដែលជាជនជាតិម៉ាឡេស៊ី។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា បន្ទាប់ពីស្រាវជ្រាវក្នុងកិច្ចប្រតិបត្តិការបន្តនេះ កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបានជនសង្ស័យ សរុប៨នាក់ ក្នុងនោះកម្លាំងសមត្ថកិច្ច ដកហូតបានអាវុធខ្លី ម៉ាក ZORAKI ចំនួន ០១ដើម។ បន្តមកទៀត រហូតដល់វេលាម៉ោង ១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញ បានធ្វើការស្រាវជ្រាវបង្ក្រាបបានជនសង្ស័យ ៣នាក់ទៀត (ខ្មែរ ២នាក់ និងចិន ម្នាក់) ព្រមទាំងដកហូតបានវត្ថុតាង អាវុធមួយចំនួនបន្ថែមទៀត។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានចាប់ខ្លួន រួមមាន ទី១-ឈ្មោះ TANG GUO HUI ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន លិខិតឆ្លងដែនលេខ EH6362750។ ទី២-ឈ្មោះសាន សុខឡេង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៣-ឈ្មោះថៃ ឃាង ភេទប្រុស មុខរបរមិនពិតប្រាកដ។

ចំណែកវត្ថុតាងដែលត្រូវដកហូតបាន រួមមាន អាវុធវែង ២ដើម (ម៉ាត់ត្រយ៉ែត និងកាលីតឌូ) បង់ត្រឡោក១ បង់អាវុធវែង AK ចំនួន១។ អាវុធខ្លី ៣ដើម (សរុប ៤ដើម) ម៉ាក ZORAKI ពណ៌ខ្មៅ បង់១ ម៉ាក ZORAKI ពណ៌ខ្មៅ បង់១ ម៉ាក SIG SAURER ពណ៌ខ្មៅ បង់២ គ្រាប់កាំភ្លើង២៤០គ្រាប់ (សរុប ២៦៥គ្រាប់) និងរថយន្ត ចំនួន១គ្រឿង។

សូមបញ្ជាក់ថា ពេលនេះ កម្ពុជា កំពុងបើកប្រតិបត្តិការទ្រង់ទ្រាយធំ ដើម្បីត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេសនៅ​កម្ពុជា លើកលែងតែមន្ត្រីការទូត ដើម្បីពិនិត្យភាពស្របច្បាប់ និងរកមុខសញ្ញាដែលពាក់ព័ន្ធនឹងជួញដូរមនុស្ស៕

RELATED ARTICLES