ខេត្តបន្ទាយមានជ័យ ៖ ព្រះសង្ឃមួយអង្គ បានបើករថយន្ត ១គ្រឿង ដោយអង្គឯង បំណងជូនញោមស្រី ត្រឡប់ទៅផ្ទះវិញ ស្រាប់តែរេចង្កូតទៅបុករថយន្ត ១គ្រឿងទៀត បណ្តាលឱ្យរងការខូចខាតទាំងសងខាង តែមិនបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ទេ ហើយព្រះសង្ឃអង្គនោះ ត្រូវបានកម្លាំងនគរបាល និមន្តទៅស្នងការនគរបាលខេត្ត ដើម្បីធ្វើការសាកសួរពីមូលហេតុឡើងបើករថយន្តដោយអង្គឯង លុះទៅដល់ ស្រាប់តែពិនិត្យឃើញថា ព្រះសង្ឃជាអ្នកបើកបរ មានទាំងជាតិអាល់កុលក្នុងព្រះកាយទៀតផង។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅចំណុចមុខសណ្ឋាគាររុងរឿង ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
តាមប្រភពពីអ្នកឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាកឡិចស៊ីស RX-300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2J-8522 បានបើកបរតាមបណ្តោយជាតិលេខ៥ ក្នុងទិសដៅពីលិចមកកើត លុះមកដល់ត្រង់ចំណុចកើតហេតុ ក៏មានរថយន្ត១គ្រឿងទៀត ម៉ាកកាមរីឆ្លាម ពាក់ស្លាកលេខ ភ្នំពេញ 2L-0874 បានបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីកើតមកលិច ក្នុងល្បឿនលឿន រួចក៏បានរេចង្កូតទៅឆ្វេងដៃ ជ្រុលទៅបុករថយន្តឡិចស៊ីស ខាងក្រោយចំហៀងខាងឆ្វេង បណ្តាលឱ្យរងការខូចខាតទាំងសងខាង តែសំណាងល្អ មិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ។
ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះទៅសម្រួលចរាចរណ៍ និងវាស់វែង តែអ្វីដែលគួរឱ្យហួសចិត្ត និងភ្ញាក់ផ្អើលនោះ គឺនៅពេលពិនិត្យមើលក្នុងរថយន្តកាមរីឆ្លាម ប្រទះឃើញព្រះសង្ឃ ចំនួន២អង្គ គង់នៅក្នុងនោះ ដោយ១អង្គ ជាអ្នកបើកបរ ចំណែក ១អង្គទៀត គង់នៅកៅខាងមុខ ក្បែរតៃកុង និងថែមទាំងមានស្ត្រីចំណាស់ម្នាក់ អង្គុយនៅបាំងខាងក្រោយទៀតផង និងត្រូវបានព្រះសង្ឃជាអ្នកបើកបរថយន្ត អះអាងថា គឺជាញោមស្រីរបស់ព្រះអង្គ។
បន្ទាប់មក កម្លាំងសមត្ថកិច្ច បាននិមន្តព្រះសង្ឃ ២អង្គ និងស្ត្រីចំណាស់ដែលរួមដំណើរជាមួយ ឡើងរថយន្តប៉ូលិស ទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសាកសួរ។ ចំណែករថយន្តទាំង២គ្រឿង ត្រូវបានស្ទូចយកទៅរក្សាទុកនៅស្នងការនគរបាលខេត្ត ដើម្បីដោះស្រាយគ្នាតាមច្បាប់។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយនិមន្តព្រះសង្ឃ ២អង្គ និងស្ត្រីម្នាក់ ទៅស្នងការដ្ឋាននគរបាលខេត្ត ហើយនៅពេលកម្លាំងជំនាញបានធ្វើតេស្ត ក្នុងចំណោមព្រះសង្ឃ២អង្គ មានព្រះសង្ឃ ១អង្គ មានជាតិអាល់កុល ហើយជាអ្នកបើកបរទៀត និងជាចៅអធិការវត្ត ប៉ោយអង្គរ ឃុំតាគង់ ស្រុកម៉ាឡៃ ចំណែកស្ត្រីម្នាក់ មកជាមួយ គឺជាញោមស្រី (ម្តាយ) របស់ព្រះអង្គ។
ប្រភពខាងលើ បន្តថា មុនពេលគ្រោះថ្នាក់កើតឡើង ព្រះសង្ឃទាំង ២អង្គ បាននិមន្តមកពីវត្តប៉ោយអង្គរ ឃុំតាគង់ ស្រុកម៉ាឡៃ នាំម្តាយមកលេងវត្តស្វាយចាស់ ដោយបើករថយន្តចេញមកក្រៅ ចូលហាងក្បែរផ្លូវ រហូតដល់ព្រលប់ ទើបដឹកម្តាយត្រឡប់ទៅផ្ទះ នៅស្រុកម៉ាឡៃ វិញ លុះពេលបើកបរចេញមកក៏បុកជាមួយរថយន្តឡិចស៊ីស បណ្តាលឱ្យរងការខូចខាតទាំងសងខាងបែបនេះតែម្តង៕