ភ្នំពេញ ៖ សពទារកដែលទើបនឹងកើតម្នាក់ ត្រូវបានប្រទះឃើញនៅក្នុងកាបូប ប្លុងចោលនៅមាត់ស្រះទឹក ក្នុងដីឡូត៍មួយកន្លែង ស្ថិតតាមផ្លូវ១០៥គ ភូមិចម្ការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ការប្រទះឃើញសពទារកនេះ ខណៈអ្នករកត្រីម្នាក់ ចុះដាក់សន្ទូច ស្រាប់តែប្រទះឃើញកាបូបខាងលើ នៅនឹងមាត់ស្រះ ទើបនឹកឆ្ងល់ ក៏បានបើកមើល ស្រាប់តែឃើញមានសពទារកដែលទើបនឹងកើតនៅក្នុងនោះ បង្កឱ្យមានការភ្ញាក់ផ្អើល រួចក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យភ្លាមៗតែម្តង។
តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ មានប្រជានេសាទម្នាក់ បានដើររកត្រីនៅចំណុចមាត់ស្រះខាងលើ ក៏ប្រទះឃើញកាបូបមួយ នៅមាត់ទឹក នៅពេលបើកមើល ស្រាប់តែប្រទះឃើញសពទារកដែលទើបនឹងកើតថ្មីៗ រួចរត់ទៅរាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យតែម្តង។
តាមការសន្និដ្ឋាននៅកន្លែងកើតហេតុ សពទារកខាងលើ ទើបនឹងកើតថ្មីៗ សង្ស័យកើតរួចស្លាប ទើបម្តាយច្រកក្នុងកាបូប យកមកបោះចោលបែបនេះតែម្តង។
ទោះយ៉ាងនេះក៏ដោយ សមត្ថកិច្ចជំនាញ កំពុងធ្វើកោសល្យវិច័យលើសពទារកនោះ ដើម្បីរកមូលហេតុឱ្យច្បាស់លាស់៕