Saturday, July 12, 2025
Homeព័ត៌មានជាតិចោរប្រុងកាត់ខ្សែកកូនស្រី ឪឃើញទាន់ ក្របួចជាប់

ចោរប្រុងកាត់ខ្សែកកូនស្រី ឪឃើញទាន់ ក្របួចជាប់

ខេត្តកណ្តាល ៖ ស្ត្រីជាមុខសញ្ញាលួចយ៉ាងសកម្មម្នាក់ បានធ្វើសកម្មភាពលួចកាត់ខ្សែកក្មេងស្រី អាយុ៣ឆ្នាំម្នាក់ តែពុំបានសម្រេច ដោយសារឪពុកក្មេងស្រីរងគ្រោះឃើញទាន់ ក៏ចាប់យកទៅប្រគល់ឱ្យសមត្ថកិច្ច ដើម្បីចាត់ការតាមច្បាប់។

ករណីប៉ុនប៉ងលួចនេះ បានកើតឡើងកាលពីវេលាម៉ោង ៧យប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅចំណុចការដ្ឋានកំពុងសាងសង់ មួយកន្លែង ស្ថិតក្នុងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

ឪពុកក្មេងស្រីរងគ្រោះ មានឈ្មោះភុំ សុវណ្ណអ៊ី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានលំនៅ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ចំណែកស្ត្រីសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះណង ចាន់ណា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិគោករកា សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រីឯវត្ថុតាងចាប់យក ទូរស័ព្ទ ចំនួន ១គ្រឿង ម៉ាក OPPO ពណ៌ផ្កាឈូកលាយស (របស់ជនសង្ស័យ) និងកន្ត្រៃកាត់ក្រចក ចំនួន១ (របស់ជនសង្ស័យ)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ បុរសឈ្មោះភុំ សុវណ្ណអ៊ី បាននាំប្រពន្ធនិងកូនស្រីតូចរបស់ខ្លួន ដែលទើបនឹងមានអាយុ៣ឆ្នាំ មកដើរលេងនៅសួនច្បារ មាត់ទន្លេ ក្រុងតាខ្មៅ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ លុះដល់វេលាកើតហេតុខាងលើ បុរសឈ្មោះភុំ សុវណ្ណអ៊ី បាននាំប្រពន្ធនិងកូនមករកទិញសៀវភៅដែលគេដាក់លក់នៅក្នុងការដ្ឋានកំពុងសាងសង់ ក្នុងភូមិតាខ្មៅ១ ខណៈដែលគាត់កំពុងតែទិញសៀវភៅ ស្រាប់តែជនសង្ស័យ ធ្វើសកម្មភាពបម្រុងកាត់ខ្សែកកូនគាត់ តែត្រូវបានគាត់ឃើញទាន់ ក៏ចាប់ឃាត់ខ្លួនទុក និងរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅ យកទៅសាកសួរនៅប៉ុស្តិ៍តែម្តង។

នៅមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប៉ុនប៉ងលួចកាត់ខ្សែកកូន របស់ជនរងគ្រោះប្រាកដមែន។

ស្ត្រីសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES