Tuesday, November 26, 2024
Homeព័ត៌មានជាតិស្ត្រីម្នាក់ ទម្លាយរឿងប្តីបោកទៅនៅចម្ការខឹម វាសនា

ស្ត្រីម្នាក់ ទម្លាយរឿងប្តីបោកទៅនៅចម្ការខឹម វាសនា

ខេត្តសៀមរាប ៖ ស្ត្រីម្នាក់ដែលទើបនឹងដកខ្លួនចេញពីក្នុងចម្ការលោកខឹម វាសនា បានទម្លាយរឿងរ៉ាវផ្ទាល់ខ្លួន ដែលចាញ់បោកប្តី ថានាំទៅលេងខេត្តសៀមរាប តែបែរជានាំនាងចូលចម្ការរបស់លោកខឹម វាសនា ទៅវិញ ដោយអះអាងថា ដើម្បីគេចផុតពីគ្រោះមហន្តរាយធម្មជាតិ ទឹកជន់លិចពិភពលោក នៅសល់តែដីចម្ការលោកខឹម វាសនា ឯជើងភ្នំគូលែន ប៉ុណ្ណោះ ព្រោះតែលោកខឹម វាសនា គឺជាព្រះព្រហ្ម រក្សាលោក ដែលអាចសង្គ្រោះពិភពលោកទាំងមូលបាន។

ស្ត្រីខាងលើ មានអាយុជាង៣០ឆ្នាំ បានឲ្យដឹងថា នាងត្រូវប្តីនាំចូលទៅស្តាប់ធម៌នៅចម្ការលោកខឹម វាសនា តាំងពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ក្រោយពីស្នាក់នៅក្នុងចម្ការ អស់៣យប់៣ថ្ងៃ នាងក៏បានរត់ចេញមកវិញ តែម្នាក់ឯង ខណៈដែលប្តីបន្តស្នាក់នៅក្នុងចម្ការនោះដដែល មិនព្រមចេញទេ។

ស្ត្រីខាងលើ បានរៀបរាប់ថា “ដំបូងឡើយ ខ្ញុំអត់ដឹងថា ប្តីនាំមកចម្ការសៀមរាប (ចម្ការខឹម វាសនា) ទេ តែប្តីកុហកខ្ញុំថា នាំខ្ញុំទៅលេងសៀមរាប ហើយខ្ញុំគ្រាន់តែឮប្តីបបួលថា ទៅលេងសៀមរាប ខ្ញុំសប្បាយចិត្ត ប្រមូលខោអាវដាក់ថង់ ចេញមកតាំងពីថ្ងៃ២៣ សីហា លុះមកដល់សៀមរាប ប្តីមាននាំដើរលេងណា នាំចូលចម្ការតែម្តង។ ប្តីខ្ញុំ លើកទឹក១ធុង អត់រួចទេ តែមកដល់ចម្ការខឹម វាសនា គាត់លីអាដើមអីវែងៗនោះ ហើយទឹកលិចត្រឹមកជើង ខ្ញុំថា ចុម! នៅផ្ទះបើសិនជាយើងធ្វើការអ៊ីចឹង ខ្ញុំមិនបាច់រកស៊ីអីទេ ខ្ញុំអង្គុយអង្អែលតែជើង ក៏ខ្ញុំស្រួលដែរ ដល់ពេលហ្នឹង គាត់ប្រហែលជាខ្មាសគេដែរ ក្រុមការងារនោះ ដាក់មុខចុះ សូម្បីនៅស្រុក ម៉ែពុកឱ្យបាញ់ថ្នាំ គ្រវែងធុងចោលហ្មង ។ និយាយទៅ ពេលចូលដល់ក្នុងហ្នឹង ពួកគាត់កញ្ជ្រោលសាហាវហ្មង អ៊ីចឹងបានថាពួកគាត់ហ្នឹង លក្ខណៈថា អត់ខ្លាចទេ ដែលគេនិយាយថា មមាចអត់ខ្លាចភ្លើងអីគេនោះ ពួកគាត់ហ្នឹងក៏អ៊ីចឹងដែរ បើតាមខ្ញុំមើលទៅ ខ្ញុំចូលបាន ៣យប់៣ថ្ងៃដែរ នៅក្នុងហ្នឹង ខ្ញុំក៏មានអញដែរ ដល់ចេញមកវិញ អញពេញខ្លួនដដែលហ្នឹង»។

ស្ត្រីដដែល បន្តថា «អាហារ គេមានឱ្យហូប ៣ពេល បាយហ្នឹង យើងចង់ទៅហូបនៅកន្លែងក៏បាន ដួសមកក៏បានដែរ តែរៃលុយពីយើង ទៅទិញវិញហ្នឹង ហើយអាហារក្នុងនោះ ជាទូទៅ សម្បូរជាងគេ ត្រីងៀត និងសាច់ក្រក ច្រើនហ្មង គឺទិញរហូតដល់ផ្សារដំដែក ដាច់ស្តុក មិនធម្មតាទេ។ ពេលនេះ ខ្ញុំថាខ្ញុំចង់នាំប្តីទៅវិញ ឱ្យគាត់កែខ្លួន ហើយចង់ឱ្យម៉ូតូ ទៅវិញ តែតាំងពីខ្ញុំចេញមកវិញ បាត់ដំណឹងគាត់ឈឹង ហើយទាក់ទងអត់បានទៀត។ និយាយពីទឹកវិញ គេមានទឹកដាក់ឱ្យហូបរួមដែរ តែខ្ញុំអារបស់ហូបរួម ខ្ញុំអត់សូវចូលចិត្តដែរហ្នឹង ពេលថ្ងៃមកហ្នឹង ខ្ញុំទិញទឹក ៣ដប អាទឹក ២០០០​ យើងហ្នឹង ៣ដបហ្នឹង ពេលខ្ញុំញ៉ាំអស់ទៅ ខ្ញុំទៅច្រក កម្រហូបកែវជាមួយគេណាស់ ព្រោះអ្នកខ្លះលាងស្អាត អ្នកខ្លះលាងអត់ស្អាតទេ។ ខ្ញុំច្រកទុកហូបរហូត ដល់ពេលថ្ងៃទី២៦ ហ្នឹង ខ្ញុំចេញហ្នឹង ខ្ញុំអត់ទឹក ខ្ជិលដើរទៅ សុខចិត្តអត់ហូបទឹក ដល់ពេលទៅឆាប់ដឹងខ្លួន។ ខ្ញុំសង្ស័យមានសារធាតុអីនៅក្នុងទឹក អាទឹកកាដុងខៀវៗ យើងហ្នឹង ប្រជាពលរដ្ឋនៅក្នុងហ្នឹង គាត់ហូបទឹកហ្នឹងរួមទាំងអស់ បើតាមខ្ញុំសន្និដ្ឋាន វាអាចមានសារធាតុអីនៅក្នុងទឹក ទឹកហ្នឹងអត់ដឹងថា ដឹកមកពីណាដែរ ទាំងឡានៗ អាកាដុងយើងដូរ ២៥០០-៣០០០ហ្នឹង។ ចំណែកលោកពូហ្នុង ខ្ញុំបានជួបដែរ តែឆ្ងាយ អត់បានជួបជិតទេ គេអត់ឱ្យយើងទៅជិតទេ គេឱ្យយើងអង្គុយស្តាប់អ៊ីចឹងទៅ គាត់ពន្យល់នៅហ្នុងទៅ គេអត់ឱ្យយើងទៅជិតទេ…”។

ស្ត្រីខាងលើ បានបញ្ជាក់ថា “ចំពោះលុយកាក់វិញ ដោយសារតែខ្ញុំមានអញនៅក្នុងខ្លួនច្រើន អ៊ីចឹងខ្ញុំនៅស្តាយ ខ្ញុំឱ្យគេតែ ១០ម៉ឺនទេ ប៉ុន្តែខ្ញុំទិញអីវ៉ាន់អស់មួយចំនួនហើយ តែទិញអីវ៉ាន់ហ្នឹង មិនសូវបានហូបទេ ចែកគេចែកឯងហូបពេញហ្នឹងទៅ ហូបទាំងអស់គ្នា។ តាមអីដែលគេពន្យល់ហ្នឹង ពាក្យអញ មានន័យថា បើមនុស្សស្រី មានអញ ដូចថាចង់ស្អាត ចង់លាបក្រែម តែងខ្លួនអីចឹងទៅ ហ្នឹងគេហៅអញ។ ចំណែកការរៃប្រាក់វិញ មានអ្នកដើរយួរថង់ (រៃលុយ) ដើរកាត់យើងរាល់ថ្ងៃ ហើយបើតាមខ្ញុំគិតមើល និងឃើញពួកគាត់ជាក់ស្តែង បើអ្នកមាន ឱ្យ (លុយ) ច្រើនណាស់ ព្រោះគាត់លែងចាយលុយហើយ គាត់ថា ១ថ្ងៃ២ទៀត លែងបានចាយលុយហើយ គាត់គិតថា ទឹកលិចអស់ហើយ លែងបានចាយលុយហើយ ក្លាយជាទឹកទាំងអស់ ប្រទេសយើងហ្នឹង។ ចំណែកខ្ញុំផ្ទាល់ ក្រោយពីបរិច្ចាគលុយហើយ នៅសល់ក្រវិល ខ្សែក ចិញ្ចៀន ហើយសល់លុយដែលខ្ញុំលាក់នៅក្នុងខ្លួន បាន៧០ម៉ឺន។ តាមពិតទៅ ដូចខ្ញុំដឹងខ្លួនម៉េចទេ ពេលខ្ញុំចេញពីភ្នំពេញ មក លុយខ្ញុំដាក់ក្នុងខ្លួន លាក់ប្តីខ្ញុំ តាមពិត ខ្ញុំអត់ជឿស៊ប់ដូចប្តីខ្ញុំទេ តែខ្ញុំគ្រាន់តែចាញ់បោកប្តី ពេលចូលទៅហ្នឹង ខ្ញុំអត់ដឹងម៉េចដែរ អារម្មណ៍ខ្លួនឯង ដូចគ្រប់ក្រងអារម្មណ៍ខ្លនឯងអត់បានហ្មង ដល់យូរៗទៅ ម៉ែឪ បងប្អូន តេមក ខឹងទៀត អាកំពុងតែស្តាប់ធម៌ តេមក ខ្ញុំស្តីឱ្យគាត់ថា “បន្តិចទៀត ខ្ញុំតេទៅវិញហើយ តេមកអីតេ”។ ខ្ញុំថាឱ្យគាត់ តែយើងអត់ដឹងខ្លួនទេ ទៅជាខឹងគាត់ (ឪពុកម្តាយ)។ ចំពោះខ្ញុំ កន្លងមក សម្រាប់ឪពុកម្តាយបងប្អូន ខ្ញុំអត់ដែលឱ្យគាត់ពិបាកចិត្តទេ តែពេលនៅក្នុងហ្នឹង (ចម្ការខឹម វាសនា) ខ្ញុំអត់ដឹងថាម៉េចដែរ ស្រាប់តែទៅជាខឹងពួកគាត់វិញ។ ពេលខ្ញុំរត់ចេញពីចម្ការមកវិញ ខោអាវខ្ញុំនៅក្នុងនោះទាំងអស់ ខ្ញុំអត់មានខោអាវទេ។ តាមពិត ដំបូងឡើយ ខ្ញុំរើខោអាវ ថាទៅពីភ្នំពេញ ទៅក្រចេះទៅ ព្រោះអីមេខ្ញុំ គាត់សម្រាកការងារ ខ្ញុំនៅធ្វើការឱ្យមេតិចតួច តាមកុំព្យូទ័រទេ អ៊ីចឹងបានខ្ញុំសុំគាត់ទៅធ្វើការនៅក្រចេះ ជាមួយប្តីខ្ញុំ។ ពេលខ្ញុំចេញពីចម្ការមកហ្នឹង គេប្រាប់ថា បើខ្ញុំចេញហើយ គេមិនឱ្យខ្ញុំចូលវិញទេ តែបើគ្រួសារខ្ញុំ (ប្តី) គាត់ថាអ៊ីចេះ “បើទៅក៏ទៅៗ ប្រយ័ត្នងាប់តាមផ្លូវ ទឹកលិច”។ ខ្ញុំប្រាប់គាត់វិញថា “ប្រសិនបើខ្ញុំងាប់ជាមួយគ្រួសារខ្ញុំ (ឪពុកម្តាយ) វាកក់ក្តៅជាងងាប់នៅទីនេះ (ចម្ការខឹម វាសនា)” ខ្ញុំនិយាយអ៊ីចឹងហ្មង…”។

ស្ត្រីខាងលើ បានបញ្ជាក់ទៀតថា “សព្វថ្ងៃ ខ្ញុំធ្វើការងារជាគណនេយ្យនៅក្រុមហ៊ុនមួយ តែឥឡូវសម្រាកហើយ ខ្ញុំបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រដែរ គ្រាន់តែមិនទាន់ទទួលបានសញ្ញាបត្រ ប៉ុន្តែមូលហេតុដែលខ្ញុំជឿលង់ស្លុង ១ពេលនោះ ដំបូងគឺត្រូវប្តីបោកថា នាំមកលេង សៀមរាប លុះចូលដល់ក្នុងចម្ការ មានអ្នកអូសទាញយើងច្រើនណាស់ គេអត់ឱ្យយើងគិតអីទេ គេឱ្យយើងមើលតែលោកពូខឹម វាសនា ពន្យល់ធម៌ ហើយឱ្យតែយើងអង្គុយជុំៗហ្នឹង គេមកហើយ និយាយតែពីរឿងធម៌ហ្នឹង ហើយខាងគាត់ហ្នឹង ស្រុះស្រួលគ្នាណាស់ ថាអីបន្តិច មកហើយ ដូចជាគេហៅថា មើលបងប្អូនយើង ១០នាក់ មកធ្វើអីនេះបន្តិច ទៅទាំង១០តែម្តង។ អ៊ីចឹងបានថា ពួកគាត់ព្រួតគ្នាបានល្អណាស់ គេថា ម៉ោះស្រីៗ ៧នាក់ ទៅរោងបាយ អីចឹងទៅ គ្រប់ ៧នាក់ ដើរទៅ អត់ពិបាកដូចយើងនៅធម្មតា កៀងគរ ជេរស្តីទេ…”៕ ដារិទ្ធ

RELATED ARTICLES