Tuesday, November 26, 2024
Homeព័ត៌មានជាតិអាកាសធាតុកម្ពុជា ពីថ្ងៃ៥-៩ កញ្ញា ភ្លៀងធ្លាក់រាយប៉ាយ ពេញប្រទេស

អាកាសធាតុកម្ពុជា ពីថ្ងៃ៥-៩ កញ្ញា ភ្លៀងធ្លាក់រាយប៉ាយ ពេញប្រទេស

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីឥទ្ធិពលប្រព័ន្ធសម្ពាធទាប ដែលបង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយលើផ្ទៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់៩ ខែកញ្ញា ឆ្នាំ២០២២។

យោងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ដែលចុះហត្ថលេខា ដោយលោករដ្ឋមន្ត្រី លឹម គានហោ បានឲ្យដឹងថា យោងតាមការសង្កេតតាមដានស្ថានភាពអាកាសធាតុដែលបាន វិវត្តជាក់ស្តែងជាបន្តបន្ទាប់ បានបង្ហាញឱ្យឃើញថា ប្រទេសកម្ពុជា បាននិងកំពុងទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយនៅលើភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម។ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ប្រព័ន្ធសម្ពាធទាប នឹងរំកិលចុះមកក្រោម អូសបន្លាយគ្របដណ្តប់មកលើប្រទេសកម្ពុជា។

លក្ខណៈបែបនេះ នឹងធ្វើឱ្យប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ស្ថានភាពអាកាសធាតុជាទូទៅ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ជាមួយនឹងទឹកភ្លៀងដែលមានលក្ខណៈធ្លាក់ជាប់ជាបន្ត ក្នុងកម្រិតពីមធ្យម ទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចបង្កឱ្យតំបន់ផ្ទៃរងទឹកភ្លៀងនៃបណ្តាខេត្តមួយចំនួន នៅក្នុងភូមិសាស្ត្រជាប់តំបន់ភ្នំ ជួរភ្នំ និងទីទំនាបជាប់ផ្លូវទឹក មានហានិភ័យខ្ពស់នឹងជំនន់ទឹកភ្លៀង មានជាអាទិ៍ ៖ ខេត្តព្រះវិហារ រតនគិរី កំពង់ធំ (ស្ទឹងសែន ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង សៀមរាប ប៉ៃលិន ពោធិ៍សាត់ កំពង់ស្ពឺ (ស្រុកជាប់ជួរភ្នំក្រវាញ និងភ្នំឱរ៉ាល់) កោះកុង និងខេត្តព្រះសីហនុ (កំណាត់ផ្លូវជាតិលេខ៤ រវាងខេត្តកោះកុង និងខេត្តព្រះសីហនុ)។

ទន្ទឹមនេះផងដែរ អាចនឹងមានភ្លៀងធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងនៃអាងមេគង្គ ដែលអាចធ្វើឱ្យទឹកទន្លេ មានការងើបឡើងវិញ។

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនានដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន បង្កើនការប្រុងប្រយ័ត្នខ្ពស់៕

RELATED ARTICLES