ភ្នំពេញ៖មាស សុខសោភា ជ្រកនៅរាម ជាង១ឆ្នាំនេះដៃគូចម្រៀងរបស់នាងមានតែម្នាក់គត់នោះគឺលោកដួង វីរៈសិទ្ធ ដែលអតីតតារាហង្សមាសរូបនេះមានតួនាទីច្រៀងឆ្លងឆ្លើយ និងនិពន្ធបទចច្រៀងឲ្យនាងច្រៀងផងដែរ។ប៉ុន្ដែគេកត់សម្គាល់ថាសុខសោភា មិនសូវមានទីផ្សារចម្រៀងខ្លាំងក្លាដូចមុននោះទេពោលគឺហាក់នៅទ្រឹងស្របពេលដែលកាលពីដើមខែមករាឆ្នាំ២០២២ សោភា បានប្រកាសថាឆ្នាំនេះនាងនឹងបង្ហាញអ្វីដែលថ្មីនិងប្លែកបំផុតក្នុងអាជីពពុំធ្លាប់មានពីមុនឡើយ ពោលគឺមានន័យថានាងនឹងធ្វើឲ្យបទចម្រៀងនាងនៅផលិតកម្មថ្មីល្បីកក្រើកឡើងវិញ។តែក្រោយការតាំងចិត្តយ៉ាងមុតមាំបែបនោះរហូតមកដល់ពេលនេះមានរយៈពេលជិត៩ខែទៅហើយបទចម្រៀងរបស់សោភា នៅតែមិនទាន់មានផ្ទុះខ្លាំងដដែល ទើបធ្វើឲ្យមានការលើកឡើងថាសុខសោភា អាចនឹងប្រឈមចុះខ្សោយឬធ្លាក់ចុះជាមិនខានបើសិនជានៅតែបែបនេះតទៅទៀត។

ប៉ុន្ដែកាលពីថ្ងៃទី៤កញ្ញា គេឃើញសុខសោភា បានប្ដូរយុទ្ធសាស្រ្ដថ្មីក្នុងការពង្រឹងទីផ្សារចម្រៀងរបស់នាងឡើងវិញដោយពេលនេះនាងងាកទៅច្រៀងឆ្លងឆ្លើយជាមួយដៃគូថ្មីនោះគឺតារាចម្រៀងសិស្សប្អូននាងនៅរាម ឈ្មោះអាតី តាមរយៈការបើកឆាកជាមួយគ្នាបទ”អ្នកកំដរអាជីព”។នេះជាការព្យាយាមថែមមួយកម្រិតទៀតរបស់សោភា ព្រោះកន្លងមកគេកម្រឃើញនាងច្រៀងដៃគូជាមួយតារាណាដែរតែពេលនេះនាងមិនធ្វើអ្វីៗដែលដដែលទៀតនោះទេ គឺត្រូវតែប្ដូរទាំងដៃគូច្រៀងនិងការតុបតែងខ្លួនឲ្យប្លែកៗផងដែរ។តែការរកឃើញដៃគូថ្មីនេះនឹងធ្វើឲ្យសោភា ទៅមុខឬថយក្រោយនោះគេនៅតែមិនអាចសន្និដ្ឋានបានឡើយមុនពេលបទចម្រៀងនោះចេញជាផ្លូវការ ខណៈដែលអ្នកជំនាញសិល្បៈបានលើកឡើងថាបទចម្រៀងរបស់សុខសោភា នៅរាម មិនមែនជាការប្រជែងជាមួយបទនៅហង្សមាស និងGalaxy ឡើយ ព្រោះផលិតកម្មថ្មីនេះគេធ្វើចម្រៀងតាមព័ណសំបុររបស់គេ ហេតុនេះហើយបានជារាល់កម្មវិធីប្រលងចម្រៀងធំៗគេកម្រឃើញមានបេក្ខភាពណាយកបទថ្មីសោភា ទៅច្រៀងគឺមានតែបទនាងចាស់ៗនៅM និងថោន ប៉ុណ្ណោះ។

មាស សុខសោភា បានសម្រេចចិត្តបន្ថែមចំនួនកុងត្រានៅរាម ថែមទៀតកាលពីខែកុម្ភៈឆ្នាំ២០២២ ទើបធ្វើឲ្យផលិតកម្មដែលរងចាំត្រងយកនាងមានដូចជាហង្សមាស,ថោន និងGalaxy នោះបានខកចិត្តព្រោះថាពេលនេះទោះជាសោភា មិនសូវមានបទល្បីៗដូចមុនមែន ប៉ុន្ដែនាងមិនជ្រើសផ្លូវប្ដូរទ្រនុំឡើយ ដោយសារតែទំនាក់ទំនងនាងនិងថៅកែស្រីរាម កាន់តែស៊ីជម្រៅក្នុងការរកស៊ីជាមួយគ្នា ហេតុនេះចម្រៀងអាចជាជម្រើសបន្ទាប់របស់នាងទៅវិញ។ដោយឡែកសម្រាប់ផលិតកម្មCamtrax ដែលជាកម្មសិទ្ធិរបស់សុខសោភា ហើយមានស្វាមីនាងលោកអ៊ឹត រ៉ាដា និងបងប្រុសនាងលោកមាស សុខរតនៈ ជាអ្នកគ្រប់គ្រងនោះពេលនេះមិនមានសកម្មភាពអ្វីថ្មីទេ ទើបធ្វើឲ្យសោភា ត្រូវពឹងតែលើរាម តែ១ច្រកប៉ុណ្ណោះ គឺបើមានបទល្បីនឹងផ្ទុះ តែបើគ្មាននាងនឹងស្ងាត់តែម្ដង។

ក្រៅពីមាស សុខសោភា តារាចម្រៀងដែលប្ដូរផលិតកម្មច្រៀងហើយលែងសូវមានសន្ទុះខ្លាំងមានដូចជាលោកព្រាប សុវត្ថិ ,ងួន ចាន់ដេវីត,ខេម,ឈិត សុវណ្ណបញ្ញា,ទេព បូព្រឹក្ស និងសុន ស្រីពេជ្រ ជាដើម។យ៉ាងណាសម្រាប់សុខសោភា វិញពេលនេះនាងមិនពឹងលើការងារសិល្បៈទាំងស្រុងដូចមុនទៀតឡើយ ក្រោយមានហាងកាហ្វេ និងលក់ផលិតផលផ្ទាល់ខ្លួនមក។ប៉ុន្ដែអ្វីដែលFan របស់សុខសោភា កាន់តែខកចិត្តថែមទៀតនោះគឺនៅឆ្នាំ២០២៣ នេះសុខសោភា នៅតែគ្មានដំណឹងរៀបការជាលើកទី៣ដោយចំហឡើយ បន្ទាប់ពីនាងបានរៀបការទាំង២លើកគឺទី១៖កាលពីឆ្នាំ២០០៨ ការតាមបែបសាសនាគ្រិស្ទនៅកាណាដា និងទី២៖ការក្នុងស្រុកតាមប្រពៃណីខ្មែរថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩ នោះធ្វើដោយលាក់លៀមបំផុតដូចគ្នា ទើបនាំឲ្យមានការរិះគន់លើនាងរឿងរៀបការដោយបិតបាំងនេះរយៈពេលជាង១០ឆ្នាំមកហើយ៕
