ភ្នំពេញ៖អតីតតារាដែលឡើងជាឧកញ៉ាដូចជាលោកទុំ សារុត ហៅនាយឃ្លោគ និងលាន អាហ្រ្វីលគីនីន ជាដើមនោះសុទ្ធតែបានបោះបង់អាជីពសិល្បៈទាំងស្រុងទៅហើយ ខណៈដែលលោកខែម ប៊ុនថៃ វិញច្រើនតែថតរូបផុសនៅលើផេកច្រើនជាងរាំច្រៀងនារយៈពេលចុងក្រោយនេះ។ប៉ុន្ដែសម្រាប់លោកឧកញ៉ាព្រាប សុវត្ថិ វិញកាលពីថ្ងៃទី៥កញ្ញា តារាGalaxy រូបនេះ បានចេញមុខមកថតសម្ដែងបទចម្រៀងប្រពៃណីចូលឆ្នាំខ្មែរសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌឡើងវិញដោយថែមទាំងបន្ដចាប់ដៃជាមួយនាងតន់ ច័ន្ទសីម៉ា ទៀតផង។ការវិលមកវិញរបស់លោកឧកញ៉ាសុវត្ថិ នេះបន្ទាប់ពីលោកឡើងជាឧកញ៉ាជាង៤ខែនេះអតីតតារាហង្សមាសទើបចេញបទថ្មីៗបាន២បទប៉ុណ្ណោះ ស្របពេលដែលសកម្មភាពនៅលើឆាកតន្រ្ដីតាមប៉ុស្ដិ៍ទូរទស្សន៍ទាំងឡាយគឺលោកស្ទើតែបាត់បង់ទាំងស្រុង។ប៉ុន្ដែការចេញស្ដារមុខមាត់ឡើងវិញព្រោះខានមានបទផ្ទុះជាច្រើនខែមកហើយនេះធ្វើឲ្យអ្នកគាំទ្រព្រាប សុវត្ថិ បានឃើញច្បាស់ថាថ្វីត្បិតពេលនេះលោកសុវត្ថិ មានងារជាឧកញ៉ាក៍ដោយតែលោកមិនបោះបង់អាជីពចាស់ដែលបានតស៊ូរយៈពេលជាង២៥ឆ្នាំមកហើយនោះទេ។

ព្រាប សុវត្ថិ ធ្លាប់ប្រាប់អ្នកកាសែតថាទោះជាលោកក្លាយទៅជាអ្វីក៍ដោយតែឲ្យតែបងប្អូននៅស្រលាញ់គាំទ្រនិងត្រូវការគឺលោកនៅតែបន្ដបម្រើអារម្មណ៍ពួកគាត់បានគ្រប់ពេល។ការអះអាងរបស់លោកឧកញ៉ាស្នាយ នៅពេលនោះចំពេលដែលអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដី របស់ទូរទស្សន៍CTN លោកស៊ិន សិលា បានបញ្ចេញទស្សនៈថាតារាឡើងជាឧកញ៉ារួចហើយគូតែឈប់ពីសិល្បៈឲ្យដាច់ស្រឡះតែម្ដងទៅ ដើម្បីកុំឲ្យច្រៀងផង ធ្វើឧកញ៉ាផង នាំឲ្យពិបាកឡើងអក្សរលើកញ្ចក់ទូរទស្សន៍។ប៉ុន្ដែការចេញថតបទភ្ជុំបិណ្ឌរបស់លោកព្រាប សុវត្ថិ ពេលនេះបញ្ជាក់ថាលោកជ្រើសផ្លូវ”ធ្វើឧកញ៉ាផង ច្រៀងផង”ពោលគឺមិនចោលការងារសិល្បៈដែលលោកស្រលាញ់បំផុតនោះឡើយ។

គូរបញ្ជាក់ថាព្រាប សុវត្ថិ បានឈជើងនៅGalaxy រយៈពេលជាង២ឆ្នាំទៅហើយ បន្ទាប់ពីលោកបានដើរចេញពីហង្សមាសដែលលោកធ្លាប់បានរួមរស់អស់រយៈពេល២៣(១៩៩៧-២០២០)ឆ្នាំកន្លងមក។ទាំងអ្នកជំនាញសិល្បៈនិងមហាជនបានមើលឃើញស្របគ្នាថាតាំងពីប្ដូរទ្រនុំមកលោកព្រាប សុវត្ថិ វ័យ៤៧ឆ្នាំរូបនេះមិនអាចធ្វើព្យុះភ្លៀងក្នុងទីផ្សារចម្រៀងផ្ទុះដូចនៅហង្សមាសទៀតទេហើយអ្នកដែលនិយមស្ដាប់និងច្រៀងបទលោកសុវត្ថិ គឺយកតែបទចាស់ៗរបស់លោកទៅច្រៀង ជាជាងបទថ្មីៗ។តែគេអាចនិយាយបានថាតាំងពីព្រាប សុវត្ថិ ក្លាយទៅជាឧកញ៉ានេះលោកមិនផ្ដោតលើអាជីពសិល្បៈជាជម្រើសទី១ដូចមុនទៀតនោះទេពោលគឺការកស៊ីផ្នែកអចលនទ្រព្យទើបជាជំហ៊ានចម្បងរបស់លោក ព្រោះពេលនេះគូប្រជែងដ៍ស្វិតស្វាញរបស់លោករយៈពេលជាង១០ឆ្នាំគឺលោកខែម ប៊ុនថៃ ក៍ស្ងប់ស្ងាត់ដូចគ្នាក្នុងអាជីពសិល្បៈតាំងពីឡើងជាឧកញ៉ាមក។

អ្វីដែលគូរឲ្យកត់សម្គាល់និងធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលនោះថ្មីៗនេះឧកញ៉ាព្រាប សុវត្ថិ ទទួលបានអនុក្រិតចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន កាលពីថ្ងៃទី១៣ខែមេសាឆ្នាំ២០២២ ដែលត្រូវបានចេញផ្សាយជាសាធារណៈនៅសប្ដាហ៍នេះបង្ហាញថាលោកព្រាប សុវត្ថិ ទទួលបានដីបឹងតាមោគ ក្នុងខណ្ឌព្រែកព្នៅ ចំនួន៣ហិកតា ស្មើនិង៣ឡូតិ៍ ដែលឡូតិ៍នីមួយៗមានទំហ៊ុំ២,៧ហិកតា ០,២ហិកតា និង០,១ហិកតា ។ភស្ដុតាំងទាំងនេះបញ្ជាក់ថាទោះជាលោកព្រាប សុវត្ថិ លែងច្រៀងក៍លោកគ្មានហានិភ័យសេដ្ឋកិច្ចដែរ ខណៈដែលកាលពីខែកញ្ញាឆ្នាំ២០២០ មនុស្សជំនិតរបស់លោកព្រាប សុវត្ថិ ទម្លាយប្រាប់អ្នកសារព័តមានថាលោកសុវត្ថិ សល់ទ្រព្យប្រមាណ៣០លានដុល្លារពីការចាប់អាជីពចម្រៀងជាង២ទសវត្សន៍មកនេះ៕

