Friday, April 19, 2024
Homeព័ត៌មានជាតិចេញពីគុក ធាក់ប្លន់ម៉ូតូឌុប ចូលគុកវិញ

ចេញពីគុក ធាក់ប្លន់ម៉ូតូឌុប ចូលគុកវិញ

ខេត្តតាកែវ ៖ ជនសង្ស័យជាមុខសញ្ញាធាក់ប្លន់ម្នាក់ ធ្លាប់ជាប់ពន្ធនាគារ ចំនួន២លើករួចមកហើយ លុះទើបនឹងចេញមកវិញ ក៏ធ្វើសកម្មភាពធាក់តាម៉ូតូឌុបម្នាក់ ដែលកំពុងដេកលើម៉ូតូ ចាំម៉ូយ ខាងមុខផ្សារ បណ្តាលឱ្យធ្លាក់ពីលើម៉ូតូ រងរបួស បន្ទាប់មកក៏ប្លន់យកម៉ូតូជនរងគ្រោះជិះរត់គេច តែត្រូវជាប់អន្ទាក់សមត្ថកិច្ច ចាប់ក្របួចជាប់ នាំយកទៅចាត់ការតាមច្បាប់។

ករណីធាក់ប្លន់ម៉ូតូឌុបនេះ បានកើតឡើង កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខផ្សារទន្លាប់ (ផ្សារចាស់) ស្ថិតនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។

ជនសង្ស័យជាចោរប្លន់ម៉ូតូ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះយិន ភក្តី ហៅញ៉ីវ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិរលៀក ឃុំតាអូរ ស្រុកគិរីវង់ ជាមុខសញ្ញាចាស់ សកម្មខាងធាក់ប្លន់ (ធ្លាប់ជាប់ពន្ធនាគារ ចំនួន២លើករួចមកហើយ)។ ចំណែកជនរងគ្រោះ មានឈ្មោះសោម សុខា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបររត់ម៉ូតូឌុប មានលំនៅ ភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៨និង១០នាទីយប់ កម្លាំងអធិការនៃអធិការនគរបាលស្រុកគិរីវង់ បានទទួលពាក្យបណ្តឹងតាមទូរស័ព្ទពីប្រជាពលរដ្ឋឈ្មោះសោម សុខា ដោយប្តង្តឹរាយការណ៍ថា ខណៈដែលគាត់កំពុងតែដេកលើម៉ូតូ រង់ចាំដឹកម៉ូយ នៅមុខ ផ្សារទន្លាប់ (ផ្សារចាស់) ស្ថិតនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ បានមកធ្វើសកម្មភាពធាក់រូបគាត់ទម្លាក់ពីលើម៉ូតូ រងរបួសស្រាល (រលាត់កែងដៃខាងស្តាំ)។ បន្ទាប់មក ជនសង្ស័យបានប្លន់យកម៉ូតូរបស់គាត់ ជិះគេចខ្លួនតាមបណ្តោយផ្លូវជាតិលេខ២ ឆ្ពោះទៅទិសខាងត្បូង។ ភ្លាមនោះ រូបគាត់បានដេញតាមជនសង្ស័យទាន់ នៅចំណុចផ្សារដើមទំព័រ ស្ថិតនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ រួចក៏ហៅមកសមត្ថកិច្ចឱ្យអន្តរាគមន៍ភ្លាមតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពធាក់ជនរងគ្រោះទម្លាក់ពីលើម៉ូតូ រួចប្លន់យកម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ តាកែវ 1K-1569 ប្រាកដមែន។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យរូបនេះ ធ្លាប់ជាប់ពន្ធនាគារ ២លើករួចហើយ នៅតែមិនកែខ្លួន ហើយលើកនេះ ទើបចេញពីពន្ធនាគារថ្មីៗ ក៏ធ្វើសកម្មភាពធាក់ប្លន់ម៉ូតូជនរងគ្រោះ តែរត់មិនរួច។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES