ខេត្តសៀមរាប ៖ ស្របពេលដែលឱសានវាទនៃការសន្យារំសាយការជួបជុំ បានកន្លងផុតទៅហើយ នៅតែមានមនុស្សរាប់ពាន់នាក់ បន្តស្នាក់នៅក្នុងចម្ការលោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) មិនព្រមចាកចេញ ហើយសកម្មជនបក្សអិលឌីភិ ជាកូនចៅជំនិតលោកខឹម វាសនា បានធ្វើលិខិតស្នើសុំអន្តរាគមន៍ពីអភិបាលខេត្តសៀមរាប ជួយបណ្តេញអ្នកទាំងនោះ ចេញពីទីតាំងជួបជុំនោះ បែរជាលោកខឹម វាសនា នៅតែបន្តអះអាងថា ទឹកនឹងលិចពិភពលោក ដូចដែលលោកបាននិយាយបង្អើលកន្លងមក ជាមួយគ្នានេះ លោកខឹម វាសនា ដែលតាំងខ្លួនជាព្រហ្ម រក្សាលោក បានអំពាវនាវដល់សមាជិកបក្សខ្លួនដែលកំពុងបន្តស្នាក់នៅក្នុងចម្ការរបស់ខ្លួន នាជើងភ្នំគូលែន នោះថា «ក្មួយៗ LDP សូមក្មួយរស់នៅក្នុងចម្ការពូ ឲ្យសុខសាន្តចុះ ឪពុករបស់ក្មួយៗ គឺលោកពូខឹម វាសនា នៅទីនេះជាមួយក្មួយរហូត បើពូនិយាយបែបនេះហើយ សូមក្មួយៗស្ងប់ចិត្តចុះ» ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ សកម្មជនបក្សអិលឌីភី ជាកូនចៅជំនិតលោកខឹម វាសនា ឈ្មោះ នី ចាន់ពិនិត្យ បានធ្វើលិខិតស្នើសុំអន្តរាគមន៍ពីអភិបាលខេត្តសៀម រាប ជួយចាត់វិធានការដេញអ្នកដែលបន្តស្នាក់នៅ ក្នុងចម្ការរបស់ខ្លួន បន្ទាប់ពីផុតថ្ងៃឱសានវាទនៃការតម្រូវឲ្យចាកចេញទៅហើយ តែពួកគេមួយចំនួន នៅតែបន្តស្នាក់នៅក្នុងទីតាំងជួបជុំ មិនព្រមចាកចេញទៅស្រុកកំណើតវិញ។
ក្នុងលិខិតរបស់ឈ្មោះ នី ចាន់ពិនិត្យ ភេទប្រុស កាន់អត្តសញ្ញាណប័ណ្ណ លេខ ០១០៩៨៩២០៣ មានលំនៅស្ថិតក្នុងភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ជាតំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងជាម្ចាស់ដី ស្ថិតនៅភូមិ ថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប គោពរជូនអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ក្នុងកម្មវត្ថុ «សំណើសុំជួយអន្តរាគមន៍ និងចាត់វិធានការចំពោះប្រជាពលរដ្ឋដែលបានចូលមកស្នាក់នៅក្នុងដីចម្ការរបស់ខ្ញុំបាទ ហើយមិនព្រមវិលត្រឡប់ទៅផ្ទះវិញ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប» ដោយយោងតាមកិច្ចសន្យា ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ របស់ឈ្មោះ នី ចាន់ពិនិត្យ ឈ្មោះចិន ថុន ឈ្មោះឆឺយ ប៊ុនធឿន ឈ្មោះទូច ពុទ្ធសូរីដា ឈ្មោះសួង គន្ធ និងឈ្មោះសំ សីម៉ា នោះ មានខ្លឹមសារថា «តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទសូមគោរពជម្រាបជូនឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តសៀមរាប មេត្តាជ្រាបដ៏ខ្ពង់ខ្ពង់ ៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រារព្ធកម្មវិធីជួបជុំសមាជិកគណបក្ស ស្ថិតនៅបរិវេណចម្ការ នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ជាមួយគ្នានេះ ខ្ញុំបាទបានធ្វើកិច្ចសន្យាថា ប្រកាសផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋដែលបានស្នាក់នៅក្នុងចម្ការដីរបស់ខ្ញុំ ទាំង២ទីតាំង ចាកចេញត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ក្នុងរយៈពេល ០៥ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ត្រឹមវេលាម៉ោង ១៧និង៣០នាទី។ ប៉ុន្តែរហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋមួយចំនួន ក្រៅពីក្រុមការងារគណបក្ស ពុំព្រមចាកចេញពីដីចម្ការខ្ញុំនៅឡើយ។
អាស្រ័យដូចបានគោពរជម្រាបជូនខាងលើ សូមឯកឧត្តមអភិបាល មេត្តាជួយអន្តរាគមន៍ ឬចាត់វិធានការ ដោយសេចក្តីអនុគ្រោះ។
សូមឯកឧត្តមអភិបាល មេត្តាទទួលនូវការរាប់អានដ៏ស្មោះអំពីខ្ញុំ»។
ទោះបីជាយ៉ាងណា សម្រាប់លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បែរជានិយាយថា ការធ្វើលិខិតសុំអន្តរាគមន៍របស់លោក នី ចាន់ពិនិត្យ ខាងលើនេះ គ្រាន់តែធ្វើតាមការចង់បានរបស់អាជ្ញាធរខេត្តប៉ុណ្ណោះ តាមពិតអាជ្ញាធរធ្វើអាចម៍អីលោកមិនកើតទេ ហើយលោកខឹម វាសនា បានបញ្ជាក់ថា ចំពោះមនុស្សទាំងអស់គ្នាក្នុងលោក គេយល់យ៉ាងម៉េចអំពីលោក ស្រេចតែគេទៅ តែលោកទុកចិត្តលើសមត្ថភាពអ្នករក្សាលោករបស់ខ្លួន ដោយលោកបានអះអាងជាថ្មីម្តងទៀតថា ទឹកនឹងលិចលោក ដែលនេះជាសមត្ថភាពដឹងរបស់ព្រហ្មរក្សាលោក គឺលោកជាអ្នកមកបំភ្លឺមេរៀនព្រះពុទ្ធ សាជាថ្មី នាពាក់កណ្ដាលកម្លាំងត្រាស់ដឹងរបស់ព្រះពុទ្ធ សមណគោតម។
លោកខឹម វាសនា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ថា «ចំពោះមនុស្សទាំងអស់គ្នាក្នុងលោក គេយល់យ៉ាងម៉េចអំពីពូ ស្រេចតែគេទៅ តែពូទុកចិត្តតែលើសមត្ថភាពអ្នករក្សាលោករបស់ពូតែប៉ុណ្ណោះ។ ពូថា ទឹកនឹងលិចលោក។ នេះជាសមត្ថភាពដឹងរបស់ព្រហ្មរក្សាលោក គឺពូដែលជាអ្នកមកបំភ្លឺមេរៀនព្រះពុទ្ធ សាជាថ្មី នាពាក់កណ្ដាលកម្លាំងត្រាស់ដឹងរបស់ព្រះពុទ្ធ ព្រះនាមសមណគោតម។ សម្រាប់ភ័ស្ដុតាងបញ្ជាក់ពីសម្ដីពូ ថាពិតឬអត់ មនុស្សទាំងអស់គ្នា តាមដានតែស្ថានភាពទឹកជំនន់ ការរញ្ជួយដី ព្យុះ និងការផ្អាកជើងហោះហើរជុំវិញពិភពលោកទៅចុះ តើពីមួយថ្ងៃ ទៅមួយថ្ងៃ មានការថយចុះឬទេ? បើគ្មានការថយចុះទេ នោះហើយជាភ័ស្ដុតាងបញ្ជាក់ថា ការដឹង មិនមែនទស្សន៍ទាយទេ គឺការដឹងដោយញាណដ៏ចម្លែកលើសគេក្នុងលោករបស់ព្រហ្មរក្សាលោក នោះហើយ។ ពូសូមបន្ថែមបន្តិចទៀត ព្រះពុទ្ធ លើសព្រហ្មរក្សាលោកទៅទៀតផង ដើម្បីត្រាស់ដឹង ក៏ព្រះអង្គ មកយកកំណើតជាមនុស្សសិនដែរ ចុះរឿងអី ព្រហ្មរក្សាលោក ដែលត្រូវមកបំភ្លឺឡើងវិញនូវមេរៀនត្រាស់ដឹងរបស់ព្រះពុទ្ធ នាពាក់កណ្ដាលប្រាំពាន់ឆ្នាំ មិនត្រូវមកយកកំណើតជាមនុស្សសិននោះ? គឺត្រូវតែមកយកកំណើតជាមនុស្សសិនហ្នឹងហើយ វាមិនដែលពាក់កណ្ដាលសាសនាស្អីគេនោះ អ្នកមានបុណ្យ ចេញមកពីជញ្ជាំងប្រាសាទ ឬរន្ធភ្នំកើតទេ? គឺមុខតែមកយកកំណើតជាកូនអ្នកណាមួយក្នុងស្រុកខ្មែរ សិន ដូចព្រះពុទ្ធ មកយកកំណើតជាមនុស្សអ៊ីចឹងដែរហ្នុងហើយ ហើយជាសមាជិកក្រុមគ្រួសារ LDP សូមក្មួយៗពិនិត្យមើលលក្ខណៈរបស់ពូ ទៅមើល តើមានលក្ខណៈពិសេសខុសពីមនុស្សទូទៅទេ? ពូបញ្ជាក់ឡើងវិញ រឿងទឹកលិចលោក ស្លាប់មនុស្សអស់ពីផែនដី សល់តែមនុស្សមួយចំនួនតូច ដែលពូបានហៅមកខេត្តសៀមរាប នេះ គឺពូអត់មានទៅជឿលើព័ត៌មាន ពីរឿងទឹកជំនន់ គ្រោះរញ្ជួយដី ឬខ្យល់ព្យុះ ដែលអ្នកវិទ្យាសាស្ត្រ ឬអ្នកឧតុនិយម លើលោក ឲ្យជាព័ត៌មានស្អីនោះទេ គឺពូផ្អែកទៅលើតែសមត្ថភាពដឹងលើសមនុស្សក្នុងលោកទាំងអស់របស់ពូតែប៉ុណ្ណោះ។ ជាអ្នករក្សាលោក បើគ្មានសមត្ថភាពដឹងរឿងរលាយលោកទេនោះ មិនដឹងធ្វើជាអ្នករក្សាលោកយ៉ាងម៉េចកើតទេ ហើយបើមានមនុស្សក្រៅពីព្រហ្មរក្សាលោក ដូចជាអ្នកវិទ្យាសាស្ត្រ អ្នកឧតុនិយមណាម្នាក់ក្នុងលោក អាចមានសមត្ថភាពដឹងមុនអំពីទឹកលិចលោកនោះ ឲ្យអ្នកនោះធ្វើជាព្រហ្មរក្សាលោកតែម្ដងទៅ»។
លោកខឹម វាសនា សរសេរបន្តថា «រូបភ្ជាប់ទៅជាមួយសំណេរនេះ គឺជារូបពូ ពេលវិបស្សនា គឺបែបហ្នឹង។ ព្រះអាទិត្យ គឺពន្លឺចេញពីថ្ងាសពូ ដែលពូ បញ្ជាក់ថា ពន្លឺព្រះអាទិត្យ មិនមែនកម្តៅព្រះអាទិត្យទេ ព្រះអាទិត្យ មិនមានកម្ដៅទេ មានតែពន្លឺ ហើយពន្លឺនេះ បានទៅជាកម្ដៅ ព្រោះមនុស្សលោកហ្នឹងឯង ជាអ្នករុករើផែនដី ជីករ៉ែ អណ្ដូងឧស្ម័ននានា យកមកដុតបង្ហុយចេញជាកម្ដៅឧស្ម័នផ្ទះកញ្ចក់ស្អីគេនោះទេតើ ដែលពន្លឺព្រះអាទិត្យ បាំងដោយកម្ដៅឧស្ម័នផ្ទះកញ្ចក់ហ្នុង ធ្វើឲ្យពន្លឺព្រះអាទិត្យ ទៅជាកម្ដៅព្រះអាទិត្យអ៊ីចឹងទៅ។ ពេលព្រហ្មរក្សាលោក រៀបរយលោកឡើងវិញហើយ ទឹកដីខេត្តសៀមរាប មិនត្រូវមានកម្ដៅព្រះអាទិត្យ ដូចសម័យនេះទេ គឺមានតែពន្លឺរស្មីព្រះអាទិត្យ ហើយសត្វមនុស្សដែលជាសត្វសុគតិភពក្រោមគេបំផុត ស៊ីផលានុផល ហៅថាផ្លែឈើ មិនស៊ីសាច់សត្វតិរច្ឆាន ដូចសព្វថ្ងៃទេ។ ពូសូមបញ្ជាក់បន្ថែមថា អ្នកមានបុណ្យ មកបំភ្លឺមេរៀនព្រះពុទ្ធ នាពាក់កណ្ដាលប្រាំពាន់ឆ្នាំ នៃអំណាចកម្លាំងត្រាស់ដឹងរបស់ព្រះពុទ្ធ ព្រះនាមសមណគោតម រែងយកតែអ្នកមានសីល គឺវិញ្ញាណសម្បយុត្ត អត់អញដូច្នេះ។ ពូសូមរំលឹកឲ្យហើយ ពួកអាត្មានិយម ឬវិញ្ញាណវិប្បយុត្ត មានអញ កុំសង្ឃឹមថារស់រានមានជីវិត ព្រោះតែរត់មកលួចសម្ងំក្នុងចម្ការនាខេត្តសៀមរាប របស់ពូ ឬប្រឹងបន្លំរត់មករស់នៅក្បែរជើងភ្នំគូលែន ឬក្រុងសៀមរាប គឺត្រូវតែងាប់ទាំងអស់ មិនមែនពូជាអ្នកឲ្យគេងាប់ទេ ប៉ុន្តែបាបកម្មដែលគេបានសាងទេតើ ដែលធ្វើឲ្យគេរងទុក្ខរងទោស ដោយទង្វើរបស់គេខ្លួនឯង ហើយវិញ្ញាណសម្បយុត្ត ទោះនៅទីណាក៏ដោយ ត្រូវអណ្ដែតបញ្ច្រាសទឹក មករកខ្សែវិញ្ញាណសម្បយុត្តរបស់ពូ ដែលនៅខេត្តសៀមរាប។ ពេលនោះ ពូនឹងប្រើរិទ្ធិឈានរបស់ពូ គឺឈានរបស់ព្រហ្មរក្សាលោក ឬស្ដេចចក្រ ស្រង់អ្នកទាំងនោះ មិនមែនពូជាអ្នកសាងជំនួសគេទេ គឺមនុស្សម្នាក់ៗ គេសាងជាអ្នកមានខ្សែវិញ្ញាណសម្បយុត្ត ឬអ្នកមានសីល ដោយខ្លួនគេទេតើ។ កម្ម មានដំណើររឿងវាអ៊ីចឹង គឺវាត្រូវតែប្រព្រឹត្តទៅក្នុងដំណើររបស់កម្មអ៊ីចឹងហើយ។ ប្រឹងមើលឲ្យយល់ ព្រោះខួរជាទ្វារមនោ ឬប្រឹងចំតិតគូទជេរដៀមដាម ឌឺដង ព្រោះខួរគ្នាជាខួរស្ងោរស៊ី មិនមែនជាទ្វារមនោ ក៏តាមហ្នុងទៅ ឯវំ»។
លោកខឹម វាសនា បានសរសេរបន្ថែម នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ថា «ក្មួយ LDP ក្មួយរស់នៅក្នុងចម្ការ ឲ្យសុខស្រួលជាមួយពូ ទីកន្លែងស្នាក់នៅទាំងឡាយ អង្ករ ស្បៀងទាំងអស់នៅទីនេះ ជាចំណែករបស់ក្មួយៗទាំងអស់គ្នា ដូច្នេះក្មួយៗមានសិទ្ធិលើរបស់ទាំងអស់នេះ។ សូមក្មួយៗរស់នៅទីនេះ ដោយសុខសាន្ដចុះ ឪពុករបស់ក្មួយៗ គឺលោកពូខឹម វាសនានៅទីនេះជាមួយក្មួយរហូត បើពូនិយាយបែបនេះហើយ សូមក្មួយៗស្ងប់ចិត្តចុះ។
ពូពន្យល់ពីរឿងធម៌បន្តិច។ នៅក្នុងគម្ពីរអ្នកសាសនា គេបកប្រែថា សម្មាទិដ្ឋិ គឺការយល់ត្រូវ មិច្ឆាទិដ្ឋិ បកប្រែថាយល់ខុស ពូថាបកប្រែហ្នឹងត្រឹមត្រូវហើយ ប៉ុន្តែសំខាន់ ខាងគេហ្នុង អត់យល់ ចំណែកពូ យល់។ មនុស្សគឺវិញ្ញាណ ដែលហៅថាមនុស្សដឹង គឺវិញ្ញាណដឹង ដែលហៅថាវិញ្ញាណដឹង គឺវិញ្ញាណគិតយល់ជាអារម្មណ៍។ វិញ្ញាណគិតយល់ជាអារម្មណ៍បាន លុះត្រាតែជាវិញ្ញាណអត់អញ ឬវិញ្ញាណសុទ្ធសាធ ឬវិញ្ញាណសម្បយុត្ត។ សម្មាទិដ្ឋិ គឺអារម្មណ៍យល់ត្រូវ ឬអារម្មណ៍ដឹងត្រូវ មិច្ឆាទិដ្ឋិ គឺអារម្មណ៍យល់ខុស ឬអារម្មណ៍ដឹងខុស។ រដ្ឋាភិបាល និយាយថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ និងប្រជាពលរដ្ឋ ជាខ្មែរតែមួយ ប៉ុន្តែមនុស្សស្រីប្រាំមួយនាក់ ចេញពីចម្ការសៀមរាប ទៅទិញម្ហូប ហើយអាជ្ញាធរចាប់គេ។ តើវិញ្ញាណដែលជាមនុស្សម្នាក់ៗ ដឹងជាអារម្មណ៍ថាយ៉ាងម៉េច ចំពោះទង្វើទាំងអស់នេះ? បើវិញ្ញាណដែលជាអ្នកដឹងជាអារម្មណ៍ថា យីអាជ្ញាធរនេះខូចណាស់ មាត់និយាយអ៊ីចេះ តែចិត្តផ្សេង នោះគឺវិញ្ញាណដឹងត្រូវហើយ សម្មាទិដ្ឋិហើយ។ បើវិញ្ញាណដែលជាអ្នកដឹងជាអារម្មណ៍ថា អើ រដ្ឋាភិបាលធ្វើអ៊ីចឹងលើ LDP ត្រូវហើយ អបអរសាទរ សប្បាយ ខមិន ស៊ែរ យករូបភាពដែលគេផុសហ្នឹងទៅឌឺដង នោះគឺវិញ្ញាណដឹងជាអារម្មណ៍ខុសហើយ គឺមិច្ឆាទិដ្ឋិហើយ ប្រុងខ្លួនឲ្យហើយទៅ នរក ប្រេតហើយ។ ឥឡូវរឿងមួយទៀត អាជ្ញាធរប្រកាសថា ប្រជាពលរដ្ឋដែលវិលពីចម្ការ LDPសៀមរាប យើង ទៅភូមិស្រុកវិញ អាជ្ញាធរនឹងសម្រួលមធ្យោបាយធ្វើដំណើរ ហូបចុកដោយឥតគិតថ្លៃ។ ដល់ពេលប្រជាពលរដ្ឋឈានជើងចេញពីចម្ការទៅ ចូលវិញមិនបានដាច់ខាត ត្រូវតែទៅ ពួកគាត់ក៏ដើរទៅសម្ដៅឡានដែលកំពុងរង់ចាំ គេទារលុយសិន ម្នាក់មានដប់ម៉ឺន ឬម្ភៃម៉ឺន តាមជិត តាមឆ្ងាយ បាយទឹកច្រាសខ្លួនឯង។ តើវិញ្ញាណដែលជាអ្នកមានអារម្មណ៍យ៉ាងម៉េច ចំពោះទង្វើរបស់អាជ្ញាធរហ្នឹង? វិញ្ញាណសម្បយុត្ត មានអារម្មណ៍ថា អាជ្ញាធរភូត អាជ្ញាធរខូច ប៉ុន្តែវិញ្ញាណសម្បយុត្ត មានអារម្មណ៍ថា សមមុខហើយ ព្រោះហេតុផលប្រជាពលរដ្ឋធ្វើបែបហ្នឹងដាក់មនុស្សល្អ វាសមតែទទួលផលបែបហ្នឹងហើយ។ នេះដែលគេនិយាយថា កម្មតាមទាន់ហន់ វិញ្ញាណសម្បយុត្ត មានអារម្មណ៍ដឹងខុសដឹងត្រូវ ដោយគិតទៅលើហេតុផល មិនមែនគិតដោយយកអញជាគោល ដូចវិញ្ញាណវិប្បយុត្តទេ។ នេះគឺការដឹងដ៏ត្រឹមត្រូវនៃវិញ្ញាណសម្បយុត្ត គឺសម្មាទិដ្ឋិ អារម្មណ៍ដឹងត្រូវនោះណាក្មួយ។ ចំណែកប្រជាពលរដ្ឋដែលជាវិញ្ញាណវិប្បយុត្ត ដែលចេញពីចម្ការវិញ មានអារម្មណ៍ថា អាជ្ញាធរខូចណាស់ ព្រោះអាជ្ញាធរធ្វើប៉ះអញរបស់គាត់ បើប៉ះគេមិនអីទេ។ នេះគឺវិញ្ញាណមិច្ឆាទិដ្ឋិ វិញ្ញាណដឹងខុស ឬវិញ្ញាណដឹងបញ្ច្រាស វិប្បយុត្តនោះឯង»។
លោកខឹម វាសនា សរសេរបន្តថា «រឿងកិច្ចសន្យានេះ របស់ពិនិត្យ ធ្វើនេះក៏ដូចគ្នា។ តើក្មួយៗមានអារម្មណ៍យ៉ាងម៉េច ចំពោះអាជ្ញាធរដែលធ្វើកិច្ចសន្យានេះ? វិញ្ញាណរបស់ក្មួយៗត្រូវតែដឹងឲ្យត្រឹមត្រូវ សម្មាទិដ្ឋិ។ តើវិញ្ញាណក្មួយ មានអារម្មណ៍ដឹងថា យកព័ត៌មានដែលផ្ដល់ដោយអាជ្ញាធរហ្នឹង ទុកជាបានការបានដែរឬទេ? ហាហាហា។ ចំណែកសម្ដីពូវិញ ពូថាវាធ្វើអាចម៍អីពូមិនកើតទេ ឲ្យវាធ្វើអីធ្វើទៅ វាចង់បានអ៊ីចឹង ពិនិត្យធ្វើឲ្យវាទៅ។ តើវិញ្ញាណដែលជាក្មួយៗមានអារម្មណ៍ដឹងយ៉ាងម៉េចអំពីពូ? បើដឹងថា ពូជាមនុស្សត្រឹមត្រូវ បើមិនច្បាស់លាស់ ពូមិននិយាយទេ នោះគឺការដឹងត្រឹមត្រូវរបស់វិញ្ញាណក្មួយៗហើយ ហើយដឹងថា អាជ្ញាធរនេះខូចណាស់ មិនដែលឲ្យព័ត៌មានពិតម្ដងណាទេ ។ អើ ហ្នុងគឺវិញ្ញាណដឹងត្រូវ សម្មាទិដ្ឋិហើយ បើអ្នកណាគេយកក្រដាសដែលអាជ្ញាធរខំប្រឹងដើរជិតងាប់ជិតរស់ ដើម្បីបាននេះ ទុកជាបានការ គួរឲ្យទុកចិត្ត នោះគឺវិញ្ញាណដឹងខុស គឺមិច្ឆាទិដ្ឋិហ្នុងហើយ ហាហាហា ឯវំ»៕ ខៀវទុំ