ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌចំការមន បានធ្វើការឆ្មក់ បង្ក្រាបទីតាំងអគារ ខុនដូមួយកន្លែង ដែលសង្ស័យថា បង្ខាំងមនុស្សជំរិតទារប្រាក់ ដោយធ្វើការឃាត់ខ្លួន មនុស្សប្រុស ស្រីជាច្រើននាក់។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចអគារខុនដូមួយកន្លែង តាមបណ្តោយផ្លូវ១២៣ កែង៤៤៦ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។

តាមប្រភពពីកម្លាំងសមត្ថកិច្ច បានឱ្យដឹងខ្លះៗថា មុននឹងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការចុះបង្ក្រាប គឺកម្លាំងកងរាជ អាវុធហត្ថ បានទទួលដំណឹងពីបងប្អូនប្រជាពលរដ្ឋរាយការណ៍មកថា ទីតាំងខាងលើមានករណីបង្ខាំងមនុស្ស ដើម្បីជំរិតទារប្រាក់ដោយខុសច្បាប់ បន្ទាប់ពីទទួលបានដំណឹងបែបនេះហើយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានសហការជួយនឹងកម្លាំងអាវុធហត្ថខណ្ឌចំការមន ដឹកនាំកម្លាំង រហូតដល់ឈានដល់ការបុកទម្លុះចូលទៅក្នុងអគារខុនដូខាងលើ ដោយធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ក្នុងនោះមានជនជាតិខ្មែរ វៀតណាម និងចិន រួមទាំងវត្ថុតាំងពាក់ព័ន្ធ និងហ្គេមអនឡាញ ដើម្បីយកទៅធ្វើការសាកសួរផងដែរ។

គួរបញ្ជាក់ថា នៅក្នុងរង្វង់ប្រតិបត្តិការខាងលើនេះ បន្ទាប់ពីចប់សព្វគ្រប់ហើយ មនុស្សប្រុសស្រីជិត១០នាក់ ត្រូវបានកម្លាំងអាវុធហត្ថ នាំខ្លួនយកទៅធ្វើការសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីឱ្យដឹងថា តើអ្នកណាជាជនរងគ្រោះ និងអ្នកណាជាជនសង្ស័យ ឱ្យពិតប្រាកដ។/