ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោកអ៊ឹម វណ្ណៈ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ បានសម្រេចធ្វើការប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទឈ្មោះកែវ ណារុន ភេទប្រុស អាយុ៥៩ឆ្នាំ អតីតប្រធានការិយាល័យនគរបាលអន្តរាគមន៍ ខេត្តកំពង់ឆ្នាំង ដាក់ពន្ធនាគារ ចំនួន ៣ឆ្នាំ៦ខែ ពិន័យ ៥លានរៀល បង់ចូលថវិការដ្ឋ ពីបទបំផ្លាញ និងគៃបំបាត់ ហ៊ុមព័ទ្ធ កាន់កាប់ព្រៃលិចទឹក និងបទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល ប្រព្រឹត្តនៅព្រៃលិចទឹក នៃតំបន់៣ នៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។
សូមបញ្ជាក់ថា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោកលិ សុខា នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ បានសម្រេចធ្វើការប្រកាសសាលក្រមលើអតីតអតីតស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង លោកស៊ុំ សុជាតិ ដាក់ពន្ធនាគារ ចំនួន៤ឆ្នាំ ពិន័យជាប្រាក់ ចំនួន៥០លានរៀល និងរឹបអូសលុយ ជាង៥០ម៉ឺនដុល្លារ ពីបទបំផ្លាញនិងគៃបំបាត់ ហ៊ុមព័ទ្ធ និងកាន់កាប់ដីព្រៃលិចទឹក និងការមិនប្រកាសទ្រព្យសម្បត្តិនិងបំណុល និងសម្អាតប្រាក់ ប្រព្រឹត្តនៅដែនដីព្រៃលិចទឹក នៃតំបន់៣ នៃបឹងទន្លេសាប ក្នុងតំបន់គោកព្រះ ភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០១១ ដល់ឆ្នាំ២០២១ (ដី ៦៧៤ហិកតារ)។
ជនជាប់ចោទឈ្មោះស៊ុំ សុជាតិ ភេទប្រុសអាយុ ៥១ឆ្នាំអតីតស្នងការរងខេត្ត និងឈ្មោះកែវ ណារុន ភេទប្រុសអាយុ៥៩ឆ្នាំអតីត ប្រធានការិយាល័យអន្តរាគមន៍ ត្រូវបានចៅក្រមស៊ើសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដាក់ពន្ធនាគារព្រៃស (ម១)៕