ភ្នំពេញៈរឿង«ទាយាទធ្មប់ » របស់ផលិតកម្មTwo River International បានសម្ពោធកាលរសៀលថ្ងៃទី១២ ខែមីនា នៅរោងភាពយន្ដPrime Cineplex ក្រោមវត្តតារាល្បីៗ ផលិតករទាំងខ្មែរ បរទេស និងអ្នកជំនាញផលិតភាពយន្ដជាច្រើនរូប។ភាពយន្ដខ្នាតធំនេះនឹងដាក់បញ្ចាំងជាផ្លូវការនៅគ្រប់ភាពយន្ដទាំងអស់នៅទូទាំងប្រទេសចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នេះតទៅ ព្រោះជារឿងធំប្រចាំឆ្នាំដែលទស្សនិកជនទន្ទឹងរងចាំជាយូមកហើយ ។

លោកជី សិលា ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនសប្បាយ(Sabay) រួមទាំងSabay Cinema
លោកជី សិលា ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនសប្បាយ(Sabay) រួមទាំងSabay Cinema ដែលជាអ្នកបោះទុនម្នាក់ដែរក្នុងរឿង«ទាយាទធ្មប់»បានឲ្យដឹងថាកន្លងមកលោកបានផលិតកុនជាច្រើនមកហើយ ខណៈ«ទាយាទធ្មប់» វគ្គទី២នេះ សង្ឃឹមថាបងប្អូនចូលរួមគាំទ្រកាន់តែច្រើន។Sabay Cinema ចង់ជម្រុញកុនខ្មែរឲ្យកាន់តែច្រើន ហើយប្រភេទកុនភ័យរន្ធត់ កុនខ្មោចជាដើម មានការពេញនិយមរហូត ក្មេងៗយុវ័យអ្នកណាក៍ចូលចិត្តដែរ។កុននេះមិនមែនជាកុនខ្មោចដ៍គួរឲ្យខ្លាចទេ តែជាជំនឿ គ្រួសារ មនោសញ្ចេតនាឪពុកម្ដាយ និងកូន វាជារសជាតិថ្មីមួយ។លោកសិលា បន្ថែមថាSabay ជាស្លាកយីហោមួយដែលមានអាយុកាល២០ឆ្នាំ ខណៈលោកនៅក្នុងវិស័យភាពយន្ដ១៦ឆ្នាំមកហើយ ។លោកថាSabay Cinema នឹងពង្រឹងអ្វីដែលខ្លួនមានឲ្យកាន់តែមានលក្ខណៈពិសេស ហើយនឹងទៅបើករោងភាពយន្ដបន្ថែមទៀតនៅតាមបណ្ដារខេត្តណាដែលមានប្រជាជនច្រើន នាពេលខាងមុខផងដែរ។


តារាសម្ដែងវ័យក្មេងម៉ានីកា
តារាសម្ដែងវ័យក្មេងម៉ានីកា ដែលជាតួអង្គសំខាន់ក្នុងរឿង«ទាយាទធ្មប់»បានឲ្យដឹងថានាងថតរឿងនេះជួបឈុតពិបាកច្រើនដូចជាការធ្លាក់ទឹក លេងជាមួយភ្លើង ព្រោះជារឿងបែបរន្ធត់ មន្ដអាគម តែលាយឡំជាមួយក្ដីស្រលាញ់ ម្ដាយនិងកូន។នាងថាឈុតពិបាកគឺមានចុះទឹកជ្រៅ ហើយនាងអត់ចេះហែលទឹកទេ ហើយវាជាលើកទី៤ សម្រាប់នាងក្នុងការថតឲ្យផលិតករបរទេស ។នាងថារឿងនេះសង្ឃឹមថាជោគជ័យ ព្រោះអាចមានឈុតពិបាកច្រើន តែនាងនៅតែអាចធ្វើបាន។


អ្នកនាងឌុច លីដា
ចំណែកតារាសម្ដែងឌុច លីដា ដែលជាតួអង្គម្នាក់នៅក្នុងរឿង«ទាយាទធ្មប់» បានឲ្យដឹងដែរថារឿងនេះនាងចំណាយពេលមិនយូទេ អីចឹងនាងអាចសម្ដែងបាន ហើយនាងលេងជាតួធ្មប់ ។នាងថាមិនរួញរាឡើយក្នុងការសម្ដែង បែបណាក៍បានឲ្យតែសាកសមជាមួយសាច់រឿង ។នាងបន្ថែមថាអាចលេងបានទាំងស៊ិចស៊ី សុភាព ស្លូត គឺទៅតាមសាច់រឿង ហើយធ្វើតួម្ដាយ យាយចាស់ក៍បានគឺនាងមិនប្រកាន់តួទេ។


លោកJimmy Henderson អ្នកដឹកនាំរឿង«ទាយាទធ្មប់ »
លោកJimmy Henderson ជនជាតិអ៊ីតាលីជាអ្នកដឹកនាំរឿង«ទាយាទធ្មប់ » បានឲ្យដឹងថាការផលិតវគ្គ២ នេះគឺដោយសាតែជោគជ័យវគ្គ១ ។លោកមានក្ដីរីករាយដែលបានធ្វើការជាមួយម៉ានីកា និងក្រុមការងារទាំងមូល ហើយលោកបានមកខ្មែរតាំងពីឆ្នាំ២០១១ និងបានផលិត១២រឿងមកហើយ ។លោកជឿជាក់ថារឿង«ទាយាទធ្មប់ » និងបំបែកកំណត់ត្រានាពេលខាងមុខ ។ផលិតករល្បីឈ្មោះរូបនេះយល់ថាបច្ចុប្បន្នរឿងខ្មែរ ទាំងគុណភាព និងបរិមាណមានការកើនឡើង យ៉ាងតិចបំផុតមានរឿងថ្មីមួយចេញនៅលើរោងភាពយន្ដក្នុង១សប្ដាហ៍ដែលគួរឲ្យកត់សម្គាល់ ហើយគុណភាពមានការកើនឡើង ។លោកថាចន្លោះពី១ឆ្នាំទៅ១ឆ្នាំកន្លះ រឿងខ្មែរ អាចប្រកួតប្រជែងទីផ្សារនៅប្រទេសជិតខាងបានហើយ ។

សូមរំលឹកថារឿង«ទាយាទធ្មប់ »វគ្គ១ បានដាក់បញ្ចាំងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលបានការគាំទ្រច្រើនទើប Two River International ឈានមកផលិតវគ្គ២ និងសម្ពោធជាផ្លូវការពេលនេះ ៕


