Tuesday, November 26, 2024
Homeព័ត៌មានជាតិក្រសួងអប់រំ និងក្រសួងបរិស្ថាន រួមគ្នាដាក់ចេញគំនិតផ្តួចផ្តើម ស្តីពីការប្រែប្រួលអាកាសធាតុ និងវិស័យអប់រំ

ក្រសួងអប់រំ និងក្រសួងបរិស្ថាន រួមគ្នាដាក់ចេញគំនិតផ្តួចផ្តើម ស្តីពីការប្រែប្រួលអាកាសធាតុ និងវិស័យអប់រំ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយនិងក្រសួងបរិស្ថាន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសរួមមួយ ស្តីការប្រែប្រួលអាកាសធាតុ និងវិស័យអប់រំ។

សេចក្តីប្រកាសរួម របស់ក្រសួងអប់រំ និងក្រសួងបរិស្ថាន ស្តីការគំនិតផ្តួចផ្តើម ស្តីពីការប្រែប្រួលអាកាសធាតុ និងវិស័យអប់រំ នោះ មានខ្លឹមសារថា «នៅក្នុងបរិការណ៍ដែលពិភពលោក កំពុងរួមគ្នាស្វែងរកដំណោះស្រាយ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម និងផលប៉ះពាល់ដែលបានបង្កឡើងដោយសារការប្រែប្រួលអាកាសធាតុ តាមរយៈការចាត់វិធានការបន្សំ ក៏ដូចជា ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ទាំងក្នុងកម្រិតអន្តរជាតិ និងកម្រិតតំបន់ ព្រះរាជាណាចក្រកម្ពុជា បានបង្កើនការយកចិត្តទុកដាក់ និងបានចាត់វិធានការជាបន្តបន្ទាប់ ជាពិសេសការលើកជាគំនិតផ្តួចផ្តើមក្នុងការបង្កើត “កិច្ចព្រមព្រៀងបៃតងអាស៊ាន” (ASEAN Green Deal) ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ដែលនឹងចូលរួមចំណែកនៅក្នុងដំណើរឆ្ពោះទៅកាន់អនាគតបៃតងមួយដែលមានចីរភាព ការគ្រប់គ្រងនិងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច ប្រកបដោយភាពធន់នឹងអាកាសធាតុ។

បន្ថែមពីលើនេះទៀត ដើម្បីអភិវឌ្ឍធនធានមនុស្ស ត្រៀមខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការលើកកម្ពស់ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ ឱ្យកាន់តែទូលំទូលាយ និងការរៀបចំការបណ្តុះបណ្តាលទទួលបានលទ្ធផលល្អប្រសើរ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងបរិស្ថាន បានរួមគ្នាដាក់ចេញនូវគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ ស្តីពីការប្រែប្រួលអាកាសធាតុ និងវិស័យអប់រំ ដែលមានខ្លឹមសារសំខាន់ៗ ដូចខាងក្រោម ៖

– បន្តបញ្ជ្រាបការប្រែប្រួលអាកាសធាតុ នៅក្នុងកម្មវិធីនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិ ព្រមទាំងផែនការអភិវឌ្ឍន៍ និងផែនការថវិកា ក្នុងវិស័យអប់រំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

– ចាត់ទុកវិស័យអប់រំ គឺជាវិស័យអាទិភាពមួយ ដើម្បីលើកកម្ពស់ការបណ្តុះបណ្តាល ការផ្សព្វផ្សាយ និងកសាងសមត្ថភាព ស្តីពីការប្រែប្រួលអាកាសធាតុ នៅតាមគ្រឹះស្ថានអប់រំ គ្រប់លំដាប់ថ្នាក់។

– រៀបចំឯកសារ និងសម្ភារៈឧបទ្ទេស ស្តីពីការប្រែប្រួលអាកាសធាតុ តាមការចាំបាច់ សម្រាប់គ្រូបង្រៀន និងសិស្សានុសិស្សគ្រប់កម្រិត (នៅកម្រិតបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ)។

– បន្តបញ្ជ្រាបការប្រែប្រួលអាកាសធាតុ ទៅក្នុងកម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា (កម្មវិធីសិក្សារបស់សាកលវិទ្យាល័យ) ជាពិសេសការបង្កើតមុខវិជ្ផា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់) ស្តីពីការប្រែប្រួលអាកាសធាតុ។

– ដោយមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA) គម្រោងភាពជាដៃគូសម្រាប់ការសិក្សាស្រាវជ្រាវ បាននិងកំពុងផ្តល់ដល់សាកលវិទ្យាល័យ ចំនួន៣ ដោយផ្តើមលើ ៖ ១) ផលប៉ះពាល់នៃការកើនឡើងកម្តៅចំពោះវិស័យអប់រំ កាត់ដេរ និងសំណង់ ២) វិធានការដោះស្រាយការប្រែប្រួលអាកាសធាតុ ដោយផ្អែកលើធម្មជាតិ លើបញ្ហាការជន់លិចទីក្រុង ក្នុងតំបន់ឆ្នេរ ៣) ហេដ្ឋារចនាសម្ព័ន្ធធន់នឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់សមត្ថភាពបង្ខាំងកាបូនសរីរាង្គនៅក្នុងដី។

– រៀបចំសម្ភារឧបទ្ទេស ប្រកបដោយភាពច្នៃប្រឌិត សម្រាប់ការសិក្សាស្វែងយល់របស់សិស្សានុសិស្ស “ការរៀនក្រៅថ្នាក់” ស្តីពីការប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថាននានា។

– លើកកម្ពស់យ៉ាងទូលំទូលាយ ទស្សនាទានពីសាលាមេត្រីបរិស្ថាន ជាពិសេសការបង្កើតក្លឹបមេត្រីភាពបរិស្ថាន (Eco-club) ដែលសិស្សអាចបង្កើនការសិក្សាស្វែងយល់ពីការប្រែប្រួលអាកាសធាតុ និងការអប់រំបរិស្ថាននៅក្នុងសាលា និងនៅតាមសហគមន៍របស់ខ្លួន ត្រូវសិក្សា ស្រាវជ្រាវ និងវាយតម្លៃភាពងាយរងគ្រោះ សម្រាប់វិស័យអប់រំ ដែលជាផ្នែកមួយនៃការអនុវត្តផែនការបច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ (Updated NDC) នៅក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ។

– ជំរុញឱ្យមានកម្មវិធីប្រឡងប្រណាំងនៅតាមគ្រឹះស្ថានអប់រំសិក្សា ជាពិសេសសាកលវិទ្យាល័យ ទៅលើសកម្មភាពបន្ស៊ាំ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។

– រៀបចំសូចនាករ ប្រមូលទិន្នន័យសម្រាប់ការតាមដានផលប៉ះពាល់ និងការចាត់វិធានការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ នៅតាមសាលារៀន និងសហគមន៍ ដូចជាគ្រោះរាំងស្ងួត រលកកម្តៅ ទឹកជំនន់ និងខ្យល់ព្យុះ សំដៅបញ្ចៀសផលប៉ះពាល់ និងលើកកម្ពស់ហេដ្ឋារចនា សម្ព័ន្ធក្នុងសាលារៀន ដែលធន់នឹងអាកាសធាតុ (ដូចជា ការបំពាក់ និងការទទួលបានទឹកស្អាតប្រើប្រាស់ និងអនាម័យ ការដោះស្រាយកំណើនសីតុណ្ហភាពខ្ពស់ តាមរយៈការដាំដើមឈើ និងការប្រើកង្ហារ និងការការពាររន្ទះជាដើម។

ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងបរិស្ថាន នឹងបន្តតាមដានការវិវត្តសភាពការណ៍ថ្មីៗនៃការប្រែប្រួលអាកាសធាតុ ព្រមទាំងរួមគ្នាពង្រឹងកិច្ចសហការល្អ ក្នុងការអនុវត្តនូវវិធានការខាងលើ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល…»៕

RELATED ARTICLES