Tuesday, November 26, 2024
Homeព័ត៌មានជាតិនាយកសាលាវ៉ៃសិស្សស្រី ក្រសួងអប់រំ បើកការស្រាវជ្រាវ

នាយកសាលាវ៉ៃសិស្សស្រី ក្រសួងអប់រំ បើកការស្រាវជ្រាវ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ថា ក្រសួងអប់រំ កំពុងស្រាវជ្រាវករណីវីដេអូបែកធ្លាយ បង្ហាញពីសកម្មភាពនាយកវិទ្យាល័យហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល វាយសិស្សស្រីម្នាក់។

គួរបញ្ជាក់ថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ មានការបែកធ្លាយវីដេអូមួយ ធ្វើឱ្យផ្អើលពេញបណ្តាញសង្គម ហ្វេសប៊ុក ដោយមានការអះអាងថា នាយកវិទ្យាល័យហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ឈ្មោះម៉ម សុធានី បានវាយសិស្សស្រី។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់ថា ក្រសួងអប់រំ យុវជន និងកីឡា កំពុងស្រាវជ្រាវករណីនេះ ហើយក្រសួងអប់រំ សូមថ្លែងអំណរគុណចំពោះមហាជន ដែលបានចូលរួមសហការ រួមទាំងផ្តល់ដំណឹង ក្នុងន័យចូលរួមលើកកម្ពស់ គុណភាពអប់រំកម្ពុជា។

អ្នកនាំពាក្យក្រសួងអប់រំ បានបន្តថា ករណីមានបាតុភាពនៅតាមគ្រឹះស្ថានសិក្សា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវចាត់វិធានការរដ្ឋបាល បើចាំបាច់ អាចសហការជាមួយមន្ទីរអប់រំ យុវជននិងកីឡា ទាំង ២៥ខេត្ត-រាជធានី ដែលជាសេនាធិការរបស់ក្រសួងអប់រំ យុវជននិងកីឡា។ វិធានការរដ្ឋបាល មាន២កម្រិត គឺវិធានការរដ្ឋបាលថ្នាក់ទី១ ស្តីបន្ទោសជាលាយលក្ខណ៍អក្សរ និងផ្លាស់ដោយបង្ខំ និងវិធានការរដ្ឋបាលទី២ គឺលុបឈ្មោះចេញពីក្របខ័ណ្ឌ។

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ បានលើកពីច្បាប់ស្តីពីការអប់រំ មកពន្យល់ រួមមាន ៖ -មាត្រា១៧ នៃច្បាប់ស្តីពីការអប់រំ បានចែងថា ការអប់រំចំណេះទូទៅ ជាការចាំបាច់ដែលធ្វើឱ្យអ្នកសិក្សាមានការរីកចម្រើនចំណេះដឹង និងសីលធម៌ បុគ្គលិកលក្ខណៈល្អ ដោយលើកកម្ពស់សមត្ថភាព ខាងផ្លូវចិត្ត បញ្ញា កាយ និងធានាឱ្យចេះប្រើចំណេះដឹង និងបំណិនមូលដ្ឋាន។

– មាត្រា ៣៥ នៃច្បាប់ស្តីពីការអប់រំ បានចែងពីសិទ្ធនិងករណីយកិច្ចរបស់អ្នកសិក្សា ទាក់ទងនឹងការអប់រំ ថាមានសិទ្ធទទួលបានការគោរពនិងការយកចិត្តទុកដាក់ចំពោះសិទ្ធិមនុស្សជាពិសេសសិទ្ធិមានសេចក្តីថ្លៃថ្នូរ សិទ្ធិរួចផុតពីទារុណកម្ម ឬការដាក់ទណ្ឌកម្មលើរាងកាយ និងផ្នែកស្មារតី។

លោក រស់ សុវាចា បានបញ្ជាក់ថា អ្នកសិក្សា មានករណីយកិច្ចគោរពបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា តម្លៃខាងសមធម៌យេនឌ័រ ដោយអនុវត្តសិទ្ធិរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ និងគោរពសិទ្ធិអ្នកដទៃ ដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ ចិត្ត និងគុណភាពលទ្ធផលសិក្សា។

 លោកបន្តថា ក្រសួងអប់រំ យុវជននិងកីឡា ស្វាគមន៍និងថ្លែងអំណរគុណចំពោះកិច្ចសហការណ៍វិជ្ជមានពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ បុគ្គលិកអប់រំ អាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមលើកកម្ពស់សុខភាពសិក្សា និងលុបបំបាត់អំពើហិង្សា ដែលត្រូវការការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ រួមទាំងមាតាបិតាផង។ លោកគ្រូ អ្នកគ្រូ បាននិងបន្តដើរតួនាទីសំខាន់មួយ ក្នុងការចូលរួមលុបបំបាត់អំពើហិង្សា តាមរយៈគ្រប់មធ្យោបាយ ដូចជាការបង្រៀន និងយន្តការលើកទឹកចិត្តសិស្សានុសិស្ស ឱ្យបន្តរៀនសូត្រ ក្នុងន័យពង្រឹងសមត្ថភាពសម្រាប់ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ននិងអនាគត។

ជុំវិញករណីខាងលើនេះ នៅមិនទាន់មានការបកស្រាយបំភ្លឺពីសាមីខ្លួន លោកម៉ម សុធានី នាយកវិទ្យាល័យហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ នៅឡើយទេ៕

RELATED ARTICLES