Tuesday, November 26, 2024
Homeព័ត៌មានជាតិព្រះមហាក្សត្រកម្ពុជា អបអរសាទរព្រះមហាក្សត្រថ្មី នៃចក្រភពអង់គ្លេស

ព្រះមហាក្សត្រកម្ពុជា អបអរសាទរព្រះមហាក្សត្រថ្មី នៃចក្រភពអង់គ្លេស

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើ ព្រះរាជសារ ចូលរួមអបអរសាទរថ្វាយព្រះអង្គ ឆាលស៍ទី៣ (Charles III) ដែលត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ ប្រកាស ផ្លូវការ ជាព្រះមហាក្សត្រថ្មី នៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង។

ព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជា ចុះនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ថ្វាយព្រះអង្គ ឆាលស៍ទី៣ មានខ្លឹមសារថា «នាឱកាសដ៏វិសេសវិសាលនៃការប្រកាសជាផ្លូវការ ដោយក្រុមប្រឹក្សារាជសម្បត្តិ ថាព្រះអង្គ គឺជាព្រះមហាក្សត្រនៃ ចក្រភពអង់គ្លេស ខ្ញុំសូមសម្តែងការចូលរួមអបអរសាទរយ៉ាងកក់ក្តៅ រួមជាមួយការជូនពរសព្ទសាធុការ សម្រាប់ សុខុមាលភាពនាពេលអនាគតរបស់ព្រះអង្គផ្ទាល់ ក៏ដូចជាសម្រាប់វិបុលភាពដ៏អស្ចារ្យនៃប្រទេសរបស់ទ្រង់ ព្រមទាំងសម្រាប់សុភមង្គលនៃប្រជានុរាស្រ្តទាំងអស់របស់ព្រះអង្គ។

ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថា ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ នាពេលបច្ចុប្បន្ន រវាងព្រះរាជាណាចក្រ និងប្រជាជនយើងទាំងពីរ ច្បាស់ជានឹងបន្តលូតលាស់រីកចម្រើនទៅមុខទៀត នៅក្រោមរជ្ជកាលរបស់ព្រះអង្គ»។

គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២២ ព្រះអង្គ ឆាលស៍ទី៣ (Charles III) ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ ប្រកាសផ្លូវការ ជាព្រះមហាក្សត្រថ្មី របស់ចក្រភពអង់គ្លេស បន្ទាប់ពីព្រះមាតាទ្រង់ គឺម្ចាស់ក្សត្រី អេលីហ្សាបែតទី២ (Elizabeth II) បានយាងចូលព្រះទិវង្គត ក្នុងព្រះជន្ម៩៦ព្រះវស្សា នៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២៕

RELATED ARTICLES