ភ្នំពេញ ៖ ស្ថានទូតបារាំង ប្រចាំកម្ពុជា នឹងបើកទ្វារទទួលសាធារណជនឱ្យចូលទស្សនាដោយសេរី ជាថ្មីម្តងទៀត នូវឧទ្យានស្ថានទូតបារាំង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ បន្ទាប់ពីខកខានមិនបានប្រារព្ធ កាលពីឆ្នាំកន្លងទៅ ដោយសារស្ថានភាពកូវីដ-១៩។
យោងតាមការផ្សាយរបស់ស្ថានទូតបារាំង បានឱ្យដឹងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ថា ការបើកទ្វារទទួលសាធារណជនឱ្យចូលទស្សនាឧទ្យានស្ថានទូតបារាំង ដោយសេរីនេះ ធ្វើឡើងក្រោមប្រធានបទ “បេតិកភណ្ឌប្រកបដោយចីរភាព” ទិវានេះ នឹងអនុញ្ញាតឱ្យសាធារណជនស្វែងយល់អំពីអគារនានាដែលបង្កប់ដោយប្រវត្តិសាស្ត្រ ក៏ដូចជាឧទ្យានដ៏ស្រស់បំព្រងរបស់ស្ថានទូត។
មានទំហំ ៤,៧ហិកតារ ឧទ្យានស្ថានទូតបារាំង ស្ថិតក្នុងចំណោមលំហបៃតងធំជាងគេមួយនៅរាជធានីភ្នំពេញ ដោយមានផ្ទុកនូវជីវៈចម្រុះដ៏មានតម្លៃ ដូចជាដើមឈើ ២០០ដើម ដែលស្ថិតក្នុង ៥០ប្រភេទផ្សេងៗគ្នា និងសត្វមួយចំនួន ដែលបច្ចុប្បន្នស្ថានទូត កំពុងចុះបញ្ជី។ ស្ថានទូតបានធ្វើស្លាករៀបរាប់អំពីដើមឈើមានតម្លៃ ដែលស្ថិតនៅក្នុងឧទ្យានស្ថានទូត។
សាធារណជន អាចចូលទស្សនាដោយសេរី ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤រសៀល (ក្នុងលក្ខខណ្ឌអាកាសធាតុអំណោយផល) ដោយពុំចាំបាច់ចុះឈ្មោះជាមុន ប៉ុន្តែមិនអនុញ្ញាតឱ្យយកអាហារ ភេសជ្ជៈ (លើកលែងទឹកសុទ្ធ) និងកាបូបធំៗចូលនោះទេ។
ការទស្សនានឹងប្រព្រឹត្តទៅដោយមានការពន្យល់ជាភាសាបារាំង ខ្មែរ និងអង់គ្លេស ចំនួន៣ពេល ក្នុងមួយថ្ងៃ ហើយអ្នកទស្សនា អាចជ្រើសរើសចូលក្នុងក្រុមណាមួយ ដូចជា ៖ ជាភាសាបារាំង ម៉ោង ៩ ម៉ោង១០ៈ៣០ និង ១១ៈ៣០។ ជាភាសាខ្មែរ ម៉ោង៩ៈ៤០ ម៉ោង១១ៈ១០ និងម៉ោង១៤ៈ៤០ និងជាភាសាអង់គ្លេស ម៉ោង ៩ៈ២០ ម៉ោង១០ៈ៥០ និងម៉ោង១៤ៈ២០។
សូមបញ្ជាក់ថា ទិវាបេតិកភណ្ឌនៅកម្ពុជា ធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌអឺរ៉ុប ដែលត្រូវបានផ្តួចផ្តើមគំនិតដោយប្រទេសបារាំង ហើយបច្ចុប្បន្ន ត្រូវបានប្រារព្ធឡើងក្នុងប្រទេសជាង៥០។
នៅកម្ពុជា អគារបេតិកភណ្ឌល្អឯកផ្សេងទៀត ក៏នឹងបើកទ្វារទទួលសាធារណជនចូលទស្សនាផងដែរ នៅថ្ងៃទី១៧ ខែកញ្ញា ខាងមុខនេះ ដូចជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អភិរក្សដ្ឋានអង្គរ និងការិយាល័យអង្គការយូណេស្កូ នៅភ្នំពេញ។ ម៉ោងពេល និងបែបបទចូលទស្សនា នឹងត្រូវបានកំណត់ដោយស្ថាប័ននីមួយៗ៕