ខេត្តឧត្តរមានជ័យ ៖ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានធ្វើការឆ្លើយតបបំភ្លឺ ចំពោះការចុះផ្សាយព័ត៌មាន និងការបង្ហោះវីដេអូផ្សព្វផ្សាយព័ត៌មាន ដែលមានខ្លឹមសារពាក់ព័ន្ធករណីវិវាទដីធ្លី រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចម្ការកៅស៊ូ សុខ សំណាង ដែលឈានដល់ការប្រើអំពើហិង្សា និងត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់លេខ ១១៧ កាលពីវេលាម៉ោង ១២និង៤៥នាទី ថ្ងៃត្រង់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។
ក្រោយទទួលបានព័ត៌មាន ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា ក្រុមហ៊ុន សុខ សំណាង គឺជាម្ចាស់កម្មសិទ្ធិស្របច្បាប់នៃដីចម្ការកៅស៊ូ ដែលមានទីតាំងខាងលើ ហើយត្រូវប្រជាពលរដ្ឋប្រមាណ ៣០នាក់ ចូលកាប់ឆ្ការដីរបស់ក្រុមហ៊ុន ដើម្បីធ្វើជាកម្មសិទ្ធិរបស់ខ្លួនដោយខុសច្បាប់ ហើយខាងក្រុមហ៊ុន បានខំធ្វើការសម្របសម្រួល តែមិនបានលទ្ធផល រហូតបានដាក់ពាក្យបណ្តឹងទៅស្ថាប័នតុលាការ និងបានកាត់សេចក្តីឱ្យខាងក្រុមហ៊ុនជាអ្នកឈ្នះ តាំងពីតុលាការជាន់ទាប ដល់តុលាការជាន់ខ្ពស់។
ដោយអនុវត្តតាមអំណាចសាលក្រម ចំនួន២លើក និងមានការសម្របសម្រួលដឹកនាំពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កងកម្លាំងនៃអង្គភាពស្នងការដ្ឋាននគរបាលខេត្ត បានចុះផ្សព្វផ្សាយឱ្យរុះរើសំណង់ផ្សេងៗ និងតម្រូវឱ្យចាកចេញពីដីរបស់ក្រុមហ៊ុន តែប្រជាពលរដ្ឋ ទាំងនោះ មិនព្រមសហការជាមួយអាជ្ញាធរ ក្នុងការអនុវត្តសាលក្រមរបស់តុលាការឡើយ ថែមទាំងចង់វ៉ៃនិងកាប់មកលើសមត្ថកិច្ចទៀតផង ដោយឃើញស្ថានភាពតឹងតែង កម្លាំងមានសមត្ថកិច្ច ក៏បានធ្វើការដកថយ និងទុកឱកាសឱ្យពួកគាត់ធ្វើការសម្រេចចិត្តជាថ្មី។
រហូតដល់ថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៩និង១៥នាទីព្រឹក សន្តិសុខក្រុមហ៊ុន បានធ្វើដំណើរក្នុងដីចម្ការកៅស៊ូ ក៏បានជួបជាមួយប្រជាពលរដ្ឋ មកធ្វើការស្ទាក់ប្រដាប់ដោយ ពូថៅ កាំបិត និងបានដេញកាប់ទៅក្រុមសន្តិសុខ តែត្រូវបានរត់រួចនិងរងរបួសស្រាល ចំណែកម៉ូតូក្រុមហ៊ុន ត្រូវប្រជាពលរដ្ឋទាំងនោះកាប់ខ្ទេច និងយកទៅរក្សាទុក មិនឲ្យខាងក្រុមហ៊ុនយកទៅវិញឡើយ។
ក្រោយពីបានទទួលបណ្តឹងតាមទូរស័ព្ទពីជនរងគ្រោះ (សន្តិសុខក្រុមហ៊ុន) និងប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាទៅលោកវរសេនីយ៍ទោ អ៊ូច ម៉ៅ អធិការស្រុកត្រពាំងប្រាសាទ ឱ្យដឹកនាំកម្លាំងចុះទៅកន្លែងកើតហេតុ ដើម្បីបង្ក្រាប ទប់ស្កាត់កុំឱ្យមានបទល្មើសណាមួយកើតឡើងធ្ងន់ធ្ងរ។
ក្រោយពេលសមត្ថកិច្ចទៅដល់ ប្រជាពលរដ្ឋទាំងនោះបានជេរប្រមាថ និងព្យាយាមប្រើហិង្សា កាប់មកលើសមត្ថកិច្ចទៀត តែទោះជាយ៉ាងណា កម្លាំងមានសមត្ថកិច្ចនៅតែអត់ធ្មត់ និងបានរំដោះសន្តិសុខក្រុមហ៊ុនទាំងពីរនាក់ដោយសុវត្ថិភាព។
បច្ចុប្បន្នកម្លាំងមានសមត្ថកិច្ច បានធ្វើការកំណត់មុខសញ្ញាមេខ្លោង ដើម្បីសុំគោលការណ៍ពីស្ថាប័នតុលាការ ធ្វើការឃាត់ខ្លួន កសាងសំណុំរឿងតាមនីតិវិធី៕