ខេត្តកណ្តាល ៖ គណៈគ្រប់គ្រងវិទ្យាល័យហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល បានដោះស្រាយបញ្ចប់លើករណី សិស្សសរសេរលើអាវស បង្ហោះតាមបណ្តាញសង្គម ដោយអាណាព្យាបាលនិងសិស្ស ចូលខ្លួនទទួលកំហុសទាំងសងខាង រឿងសិស្សមិនគោរពវិន័យសាលា។
លោកម៉ម សុធានី នាយកវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងថា នៅក្នុងហេតុការណ៍សិស្សថ្នាក់ទី១២ ដែលមានចំនួនជិត ៨០០នាក់ ប្រមូលផ្តុំគ្នាធ្វើសកម្មភាពគូររូប ចុះហត្ថលេខានិងសរសេរឈ្មោះនៅលើអាវស ក្រោយការប្រឡងឆមាសទី២ចប់ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ គណៈគ្រប់គ្រងសាលា និងសិស្ស បានសហការប្រមូលអាវដែលសរសេរនោះ បានប្រមាណជាង ៣០០អាវ។
រីឯស្ត្រីជាមាតាសិស្ស បានថ្លែងថា ក្រោយឃើញបណ្តាញសង្គម និងសារព័ត៌មាន បង្ហោះផ្សាយរូបគ្រូវ៉ៃស្មាកូនស្រីនោះ នាំឱ្យលោកស្រី មានការតក់ស្លុត និងបានណែនាំកូន ត្រូវគោរពវិន័យសាលា កុំប្រព្រឹត្តទង្វើកំហុសឆ្គង ហើយលោកស្រី ក៏បានស្នើសុំអ្នកសារព័ត៌មាន សង្គមហ្វេសប៊ុក ជាដើម ជាពិសេសបងប្អូនមហាជន សូមបញ្ឈប់ការខមិនប្រមាថកូនស្រី ដើម្បីឱ្យកូនស្រី សម្រួលអារម្មណ៍ចូលរៀនធម្មតាវិញ និងត្រៀមប្រឡងបាក់ឌុប នៅពេលឆាប់ៗនេះ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានថ្លែងថា នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ គណៈគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន សេរីភាព ខេត្តកណ្តាល បានជួបប្រជុំជាមួយអាណាព្យាបាល និងសិស្សដែលពាក់ព័ន្ធ ដើម្បីសម្របសម្រួល ឲ្យស្រុះស្រួលគ្នាឡើងវិញ។
លោក រស់ សុវាចា បានបន្តថា កិច្ចសម្របសម្រួលនោះ ទទួលបានផ្លែផ្កាយ៉ាងល្អប្រសើរ ដោយក្នុងនោះ ទី១- មាតាបិតា អាណាព្យាបាល បានទទួលស្គាល់នូវកំហុសរបស់កូនរបស់ខ្លួន និងបញ្ឈប់ការខឹងសម្បា ហើយក៏គ្មានបំណងប្តឹងទៅលើលោកនាយកសាលានោះទេ។ ជាមួយនេះ មាតាបិតា អាណាព្យាបាលសិស្ស បានសំណូមពរទៅលោកនាយក និងអ្នកសារព័ត៌មាន មេត្តាបញ្ឈប់ការចេញផ្សាយព័ត៌មានដែលមានចេតនាចោទប្រកាន់ថា សិស្សទាំងនោះ ខិលខូច ច្រឡឺសបឺស ដែលនាំឱ្យសិស្ស ឬកូនចៅរបស់ពួកគាត់ អាចបាក់ទឹកចិត្ត ប៉ះពាលដល់កិត្តិយសរបស់សិស្សជាដើម។ ទី២-មាតាបិតា អាណាព្យាបាលសិស្ស ស្នើកុំឱ្យមានការគុំកួនធ្វើបាបដោយចេតនាឬអចេតនា និងដាក់បន្ទុកដល់សិស្ស និងទី៣- លោកនាយកសាលា បានទទួលយកសំណូមពរ ដើម្បីកែលម្អ និងសុំការអធ្យាស្រ័យចំពោះទង្វើឆ្គាំឆ្គងរបស់ខ្លួន ទៅលើសិស្ស៕