ភ្នំពេញ៖ខណៈដែលតារាស្រីៗមួយចំនួនហាក់ចាប់ផ្ដើមពិចារណារឿងចាប់ដៃជាមួយលោកឆន សុវណ្ណារាជ ក្រោយឃើញវីដេអូមួយផ្ទុះមុននេះរឿងលោកសុវណ្ណារាជ រាំអោបសុភ័ក្រ កុសុម៉ា ដោយយកដៃស្ទាបកំប៉េះគូថនាង១ឆ្វិចនាំឲ្យមានការរិះគន់ពេញបណ្ដាញសង្គមព្រោះពួកគេចាត់ទុកថាតារាប្រុសវ័យ៣៧ឆ្នាំរូបនេះថា”ដៃមឹក”ឬមិនឲ្យតម្លៃដល់ស្រ្ដីភេទនោះ ប៉ុន្ដែតារាស្រគត់ស្រគុំសុគន្ធ និសា ដែលធ្លាប់បានធ្វើការជាមួយលោករាជ ជាច្រើនឆ្នាំនោះនៅតែបន្ដទុកចិត្តបុរសរោមទ្រូងច្រើននេះដដែល។សុគន្ធ និសា បានចាប់ដៃគូថតច្រៀងសម្ដែងជាមួយលោករាជ សម្រាប់បទប្រពៃណីភ្ជុំបិណ្ឌកាលពីពេលថ្មីៗនេះ ស្របពេលដែលតាមកម្មវិធីជប់លៀងធំៗមួយចំនួនទៀតនាងក៍នៅតែច្រៀងជាដៃគូជាមួយអ្នកចម្រៀងដែលមានFan ខ្លះហៅថា”ម៉ាក់”នេះដូចមុន។ប៉ុន្ដែគេសង្ឃឹមថាសុគន្ធ និសា នឹងមិនជួបរឿងដូចសុភ័ក្រ កុសុម៉ា ឡើយ ព្រោះតែមុននេះលោករាជ អះអាងថាដោយសារតែលោកនិងកុសុម៉ា ស្រលាញ់គ្នាទើបចេញរូបភាពនោះឡើងដែលធ្វើឲ្យអ្នកខ្លះច្រណែន…។

សូមបញ្ជាក់ថាសុគន្ធ និសា ត្រូវបានស្វាមីនាងលោកចៅ សម្បត្តិ ដែលជាអាណិកជនខ្មែរមកពីរដ្ឋBoston សហរដ្ឋអាមេរិក និងបច្ចុប្បន្នជានាយកផ្នែកប្រតិបត្តិការណ៍របស់ក្រុមហ៊ុនមែនញូឡាយ ប្រចាំនៅកម្ពុជានោះអនុញ្ញាត្តិឲ្យនាងលេងសិល្បៈតាមចិត្តចង់ទាំងការថតភាពយន្ដ និងច្រៀងសម្ដែង ហើយកលោកក៍មិនដែលដើរតាមនិសា ដល់ឆាកតន្ត្រីដូចស្វាមីតារាមួយចំនួនទៀតទេ។និសា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងនិងស្វាមីមានការងាររវល់រៀងៗខ្លួន ហេតុនេះហើយមិនមានពេលទៅណាជាមួយគ្នាគ្រប់ពេលឡើយ ប៉ុន្ដែទាំងរូបនាងនិងប្ដីមានទំនុកចិត្តលើគ្នាខ្ពស់ណាស់ ហេតុនេះហើយទោះជាប្ដីមិនដែលតាមនាងដល់ឆាក ហើយរូបនាងកម្រទៅកម្មវិធីជាមួយស្វាមីក៍គ្មានបញ្ហាអ្វីដែរ។

សូមបញ្ជាក់ថាសុគន្ធ និសា បានចាប់ដៃគូច្រៀងជាមួយគ្នាជាង១០ឆ្នាំមកហើយដែលមានបទចម្រៀងជាច្រើនបទពួកគេទទួលបានការគាំទ្រច្រើនពីមហាជន ហើយអ្នកទាំងពីរក៍ធ្លាប់ថតភាពយន្ដជាមួយគ្នាផងដែរដូចជារឿង”សិសិររដូវក្នុងបេះដូង” និងរឿង”ចំណតថ្មីនៃសុភមង្គល”ជាដើម។និសា ដែលរៀបការប្ដីជាងជាង៥ឆ្នាំទៅហើយនោះបានប្រាប់អ្នកយកព័តមានយើងកាលពីពេលថ្មីៗនេះថានាងនឹងរៀបគម្រោងយកកូននៅឆ្នាំ២០២២ នេះបន្ទាប់ពីអាកខានកាលពីឆ្នាំ២០២១ ដោយសារតែពេលនោះនាងកើតកូវីដ៕

