ភ្នំពេញ៖ពេជ្រ សោភា ធ្លាប់ធ្វើជាគ្រូបង្វឹក(coach)កម្មវិធីប្រលងចម្រៀងThe Voice Cambodia ២រដូវកាលមកហើយ តែនាងនៅមិនទាន់នាំកូនក្រុមលើកពានឡើយ ខណៈដែលថ្មីៗនេះហង្សមាសបានផ្សព្វផ្សាយពីការតំណើរការរដូវកាលទី៣របស់ខ្លួនហើយមានព័តមានថាគ្រូបង្វឹកខ្លះនឹងត្រូវផ្លាស់ប្ដូរចេញដែលក្នុងនោះតំណែងដែលមានសុវត្ថិភាពជាងគេគឺឱក សុគន្ធកញ្ញា ព្រោះនាងជាភរិយាអគ្គនាយកទូរទស្សន៍ហង្សមាសលោកអ៊ឹង សុខលី ផងនិងត្រូវជាប្អូនថ្លៃថៅកែហង្សមាសលោកឧកញ៉ាអ៊ឹង ឆៃងួន ផង ហេតុនេះហើយគេជឿរថាលើកលែងតែសុគន្ធកញ្ញា សុំឈប់ដោយខ្លួនឯង តែបើនៅសុខៗគេដកនាងនោះគឺមិនអាចទៅរួចជាដាច់ខាត ស្របពេលដែលកាលពីរដូវកាលទី២សុគន្ធកញ្ញា ក៍ធ្លាប់នាំកូនក្រុមរបស់ខ្លួនគឺបេក្ខភាពថែល ថៃ បានលើកពានដូចបំណងផងដែរ។ចំពោះពេជ្រ សោភា វិញទោះជានាងច្រៀងនៅហង្សមាសរយៈពេលជាង១៧ឆ្នាំដែលអាចនិយាយបានថាបទពិសោធន៍ដ៍ជោគជាំក្ដី ប៉ុន្ដែតំណែងធំនោះមិនធានាសុវត្ថិ ភាពដល់នាង១០០%ដូចសុគន្ធកញ្ញា ឡើយ។ក្រុមការងាររៀបចំប្រលងចម្រៀងខាងលើបានបដិសេធប្រាប់ពីគ្រូបង្វឹកនៅរដូវកាលថ្មីនេះរួមទាំងពេជ្រ សោភា ផងដោយពួកគេអះអាងថាមិនហ៊ាននិយាយមុន ឬនៅលើមេ(សុខលី)នៅពេលដែលអ្នកយកព័តមានយើងបានសាកសួរតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៧កញ្ញា។ដោយឡែកសម្រាប់ពេជ្រ សោភា ផ្ទាល់វិញនាងធ្លាប់ប្រាប់អ្នកយកព័តមានយើងថាមិនទាន់ដឹងពីរឿងទាំងនោះដែរ ព្រោះនៅពេលដំណើរការកម្មវិធីទើបឃើញច្បាស់។ទោះជាយ៉ាងណាមុននេះសោភា ទទួលបានតំណែងធំថ្មី១ទៀតទៅហើយគឺការធ្វើជាគណៈកម្មារការកម្មវិធីប្រលងចម្រៀងBeat The Best រដូវកាលទី១ ហើយសោភា ក៍ធ្លាប់និយាយដោយបើកចិត្តទូលាយដែរថានាងចង់ឃើញតារាសិស្សប្អូនដែលមានសម្ថភាពទាំងចច្រៀងនិងធ្វើកិច្ចការទាំងនោះមានឱកាសមកជំនួសរៀមច្បងនាពេលខាងមុខនៅពេលដែលវ័យរបស់នាងកាន់តែមានអាយុច្រើនទៅ។

សូមបញ្ជាក់ថាកម្មវិធីប្រលងចម្រៀងរបស់ហង្សមាសកាលពីពេលថ្មីៗនេះបានផ្លាស់ប្ដូរគណៈកម្មារការជាបន្ដបន្ទាប់ក្នុងនោះមានដូចជានាងសុខ សីឡាលីន បានចូលទៅជំនួសកៅអីទំនេរលោកព្រាប សុវត្ថិ ក្នុងតួនាទីជាគណៈកម្មារការCambodian Idol រដូវកាលទី៤ ខណៈដែលហ្សូណូ ក៍ទៅរ៉ាប់រងជំនួសលោកឧកញ៉ាសុវត្ថិ ជាគ្រូបង្វឹកThe Voice Kids រដូវកាលទី៣ ,សុគន្ធ និសា ជំនួស សួស វីសា ជាគ្រូបង្វឹកThe Voice Kids Cambodia រដូវកាលទី៣ ខណៈដែលពិធីការិនីចាន់ កែវនិមល បានបាត់បង់តំណែងធំជាMC ដល់ទៅ២កម្មវិធីធំៗក្នុងនោះមានដូចជាCambodian Idol រដូវកាលទី៤ ជំនួសដោយនាងថន លក្ខិណា និងThe Voice Kids Cambodia រដូវកាលទី៣ ជំនួសដោយអ្នកនាងគង់ សុជាតិ ។ចំពោះពេជ្រ សោភា វិញទាំងក្នុងនិងក្រៅសិល្បៈបានលើកឡើងថាបទពិសោធន៍និង ភាពជោគជ័យរបស់នាងសាកសម ក្នុង ការចែករំលែកអ្វីដែលនាងមានជូនដល់យុវវ័យជំនាន់ក្រោយតាមរយៈការធ្វើជាគ្រូបង្វឹកនិងគណៈកម្មារការកម្មវីធីប្រលងចម្រៀងខាងលើគឺដូចគ្នានិងឱក សុគន្ធកញ្ញា ដែរ។ប៉ុន្ដែសោភា បែជាមានឱកាសតិចតួចដើម្បីក្ដាប់ឱកាសទាំងនោះទៅវិញ។តែតារាចម្រៀងធ្លាប់មានប្រវត្តិ កម្សត់លក់អំពៅសាងនៅម្ដុំបូឌីញនិងមាត់ទន្លេរូបនេះនាងមិន ដែលតូចចិត្តឬខឹង ហង្សមាស ឡើយ ព្រោះជាញឹកញាប់នាងថាមានកេរ្ដិ៍ឈ្មោះនិងជីវភាពផ្លាស់ប្ដូរនាពេលនេះគឺដោយសារ តែហង្សមាស។អ្វីដែលបញ្ជាក់ថាសោភា មិនមានការអាកអន់ស្រពោនចិន្ដា ចំពោះហង្សមាសដែលពេលខ្លះបានមើលរំលងនាងនោះព្រោះតាមព័តមានកាលពីចុងឆ្នាំ២០២០ ថាតារាស្រីវ័យ៣៩ឆ្នាំរូបនេះត្រូវបានGalaxy ចង់ទិញឲ្យទៅចាប់ដៃជាមួយលោកព្រាប សុវត្ថិ ប៉ុន្ដែទីបំផុតសោភា បានសម្រេចចិត្តបន្ដច្រៀងឲ្យហង្សមាសតទៅទៀតរហូតមកដល់បច្ចុប្បន្ន។

តាមរយៈការប្រឡូកអាជីពសិល្បៈជិត២ទសវត្សន៍មកនេះពេជ្រ សោភា ទើបតែមានជីវភាពធូធារនារយៈពេលចុងក្រោយនេះទេដែលសព្វថ្ងៃនាងមានផ្ទះវីឡារយ៉ាងប្រណិត និងជិះរថយន្ដទំនើបៗដែលសឹងគ្មានតារាស្រីណាធ្វើបានដូចនាង។ប៉ុន្ដែសោភា បែជាប៉ៈរឿងស្នេហាមិនសូវសមប្រកបទៅវិញ ទើបធ្វើឲ្យនាងធ្លាក់ខ្លួនមេមេម៉ាយអស់ជាង៥ឆ្នាំ ខណៈដែលកាលពីដើមខែមករាឆ្នាំ២០២២ នាងបានដឹកដៃប្រុសរូបសង្ហារម្នាក់ទៅសាសងស្នេហ៍នៅអង្គរវត្តយ៉ាងរ៉ូមែនទិក ប៉ុន្ដែរយៈពេលជិត៩ខែនេះសោភា មិនដែលហ៊ានកៀកកើយប្រុសនោះជាសាធារណៈទៀតឡើយ ហើយនៅពេលសាកសួររឿងស្នេហាថ្មីនេះនាងថែមទាំងលែងចង់និយាយទៅវិញ ទើបធ្វើឲ្យមានការសង្ស័យថាស្នេហាសោភា កំពុងស្ថិតក្នុងហានិភ័យកម្រិតខ្ពស់៕

