Tuesday, November 26, 2024
Homeព័ត៌មានជាតិអាកាសធាតុកម្ពុជា ពីថ្ងៃ២១-២៧ កញ្ញា មានភ្លៀងច្រើន

អាកាសធាតុកម្ពុជា ពីថ្ងៃ២១-២៧ កញ្ញា មានភ្លៀងច្រើន

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងពីស្ថានភាព ធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយបញ្ជាក់ថា អាចនឹងមានភ្លៀងធ្លាក់ពីមធ្យម ទៅច្រើន និងសូមមានការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង។

ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា សម្ពាធខ្ពស់នៅលើប្រទេសចិន បានរុញច្រានប្រព័ន្ធសម្ពាធទាប (ITCZ) រំកិលចុះមកក្រោម អូសបន្លាយកៀកមកលើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានកម្ពុជា។ ដំណាលគ្នានោះ ខ្យល់មូសុងនិរតី បក់ក្នុងល្បឿនពីខ្សោយ ទៅបង្គួរ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យក្នុងរយៈពេលមួយសប្តាហ៍ទៅមុខ ៖

១. តំបន់ទំនាបកណ្តាល

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ

– នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យម ទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

២. តំបន់ខ្ពង់រាប

– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សាសេ

– នឹងអាចមានភ្លៀងក្នុងកម្រិតមធ្យម ទៅច្រើន ក្នុងនោះផ្នែកមួយចំនួននៃបណ្តាខេត្តនៅក្នុងភូមិសាស្ត្រជាប់នឹងជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន អាចមានភ្លៀងធ្លាក់ខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣. តំបន់មាត់សមុទ្រ

– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១អង្សាសេ

– នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យម ទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ជាមួយគ្នានេះ ក្រសួង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តមានការប្រុងប្រយ័ត្ន ចំពោះជំនន់ដែលអាចកើតមកពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត (Overflow) និងជំនន់ទឹកភ្លៀង (Flash Flood) ដែលនឹងបន្តធ្លាក់បន្ថែមថ្មីផ្ទួនៗទៀត ជាពិសេសនៅក្នុងភូមិសាស្ត្រ នៃតំបន់ជាប់ជួរភ្នំ ទំនាបជាប់ក្បែរផ្លូវទឹក និងភូមិសាស្ត្រជាប់ព្រំដែនថៃ៕

RELATED ARTICLES