Sunday, November 24, 2024
Homeព័ត៌មានជាតិចាប់ខ្លួនបុរសម្នាក់ ករណីបរិហារកេរ្តិ៍  និងញុះញង់

ចាប់ខ្លួនបុរសម្នាក់ ករណីបរិហារកេរ្តិ៍  និងញុះញង់

ភ្នំពេញ ៖ បុរសម្នាក់ ជាប្រធានសាខាក្រុមហ៊ុន RF3 WORLD ស្ទឹងមានជ័យ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ការិយាល័យ ព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ពាក់ព័ន្ធបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង។

ជនជាប់ចោទដែលត្រូវបានឃាត់ខ្លួន មានឈ្មោះឌឹប ចាន់ណា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរប្រធានសាខាក្រុមហ៊ុន RF3 WORLD ស្ទឹងមានជ័យ ស្នាក់នៅផ្ទះលេខព១១ ផ្លូវលេខ១២ ភូមិដូនតី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ការចាប់បញ្ជូនខ្លួនឈ្មោះឌឹប ចាន់ណា ជាប្រធានសាខាក្រុមហ៊ុនខាងលើ ត្រូវបានអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនរបស់លោកហុង សុគុណវឌ្ឍនា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ដែលជននេះ ត្រូវបានតុលាការប្រកាសពិរុទ្ធភាពពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកញ្ញា និងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ តាមបញ្ញត្តិមាត្រា ៣០៥ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទឈ្មោះ ឌឹប ចាន់ណា មានសាលក្រមព្រហ្មទណ្ឌលេខ ២៦៨៥ (ប) ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួននៅពន្ធនាគារព្រៃស (ម១) នៃក្រសួងមហាផ្ទៃ តាមមាត្រា ៣៥៣ នៃក្រមនីតិវិធី ព្រហ្មទណ្ឌ៕

RELATED ARTICLES