Tuesday, November 26, 2024
Homeព័ត៌មានជាតិក្រមុំគថ្លង់ យំសុំអន្តរាគមន៍នាយករដ្ឋមន្ត្រី អ្នករំលោភយកដីភ័យ ប្រគល់ឲ្យវិញ

ក្រមុំគថ្លង់ យំសុំអន្តរាគមន៍នាយករដ្ឋមន្ត្រី អ្នករំលោភយកដីភ័យ ប្រគល់ឲ្យវិញ

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីក្រមុំគថ្លង់ម្នាក់ បានចេញមុខបង្ហោះវីដេអូ តាមបណ្តាញសង្គម  យំនិយាយភាសាគ សុំសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួយអន្តរាគមន៍រឿងគេរំលោភយកដីភ័យរបស់គ្រួសារ នាងមក ស្រាប់តែអ្នកដែលរំលោភយកដីនាង ភ័យខ្លួន ក៏បានប្រកាសប្រគល់ដីឲ្យនាងនិងគ្រួសារវិញ ហើយករណីនេះ ក៏ទទួលបានអន្តរាគមន៍ពីសម្តេចនាយករដ្ឋមន្ត្រី តាមរយ:ជំនួយការផ្ទាល់របស់សម្តេច ផងដែរ។

ក្រមុំគថ្លង់ ដែលយំសុំអន្តរាគមន៍រឿងគេរំលោភយកដីនោះ មានឈ្មោះ សេង ចន្ថា អាយុ១៨ឆ្នាំ រស់នៅភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកដួង តារា រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ថា ករណីវិវាទដីនេះ លោកធ្លាប់បានជួយដោះស្រាយជូនឪពុកនាងក្រមគថ្លង់នោះ និងភាគីដៃគូវិវាទមួយផ្សេងទៀត រួចហើយកាលពីឆ្នាំ២០២១ ។ ប៉ុន្តែកាលពីខែឧសភា ឆ្នាំ២០២២ បែរជាមានភាគីទី៣ ឈ្មោះ ចែ ណៃ ចូលមកយកដីនេះទៅវិញ ទើបយុវតីសេង ចន្ថា ដែលពិការគថ្លង់ បានបង្ហោះវីដេអូ ស្រែកយំស្នើសុំជំនួយអន្តរាគមន៍រកយុត្តិធម៌ ហើយលោកបានហៅគ្រួសារយុវតីរងគ្រោះ មកជួបលោកជាបន្ទាន់។ ប៉ុន្តែមុននឹងក្រុមគ្រួសារយុវតីគថ្លង់ មកជួបលោក គឺភាគីរំលោភយកដីនាង ឈ្មោះ ចែ ណៃ បានយល់ព្រមប្រគល់ដីជូនគ្រួសារនាងវិញ។

លោកដួង តារា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ថា «ក្មួយស្រីពិការគថ្លង់ម៉ាឡៃ ចែណៃសុំប្រគល់ដីជូនវិញ ៖

ព្រឹកមិញ ថ្ងៃទី១៩ កញ្ញា ២០២២ ខ្ញុំបានជួបក្មួយស្រីឈ្មោះ សេង ចន្ថា ពិការគថ្លង់ អាយុ ១៨ឆ្នាំ ដែលកន្លងទៅថ្មីៗ បានបង្ហោះសារវីដេអូទាំងទឹកភ្នែក និយាយភាសាគ ស្នើសុំជំនួយអន្តរាគមន៍យុត្តិធម៌លើដីធ្លីទំហំ 25m x 600m ស្ថិតនៅភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលមានឪពុកឈ្មោះ កង សារ៉ន (គក់) អាយុ៥៣ឆ្នាំ និងម្តាយឈ្មោះ ហង់ ត្រប់ អាយុ៥២ឆ្នាំ ។

ដីខាងលើនេះ ត្រូវបានឈ្មោះ ហ៊ួ ណៃ (ចែណៃ) យកទៅជួលឲ្យគេភ្ជួរដាំពោត។ ឪពុកម្តាយក្មេងស្រីពិការគថ្លង់ មានតែដីនេះ ទុកជាកេរចែកឲ្យកូន ។

ករណីវិវាទលើដីខាងលើនេះ ខ្ញុំធ្លាប់បានជួយដោះស្រាយជូនឪពុកក្មួយស្រី និងភាគីដៃគូវិវាទមួយផ្សេងទៀតរួចហើយ កាលពីឆ្នាំ២០២១ ។ ប៉ុន្តែកាលពីខែឧសភា ឆ្នាំ២០២២ កន្លងទៅ បែរជាមានភាគីទី៣ ឈ្មោះ ចែណៃ ចូលមកយកដីនេះទៅវិញ ។ ខ្ញុំបានហៅគ្រួសារក្មួយស្រី ឲ្យមកជួបខ្ញុំជាបន្ទាន់»។

លោកដួង តារា សរសេរបន្តថា «មុននឹងក្រុមគ្រួសារកុមារគថ្លង់មកជួបខ្ញុំ គឺភាគីឈ្មោះ ចែណៃ បានផ្ញើសារសំឡេងមកកាន់ឪពុកក្មួយស្រី ដោយបានយល់ព្រមប្រគល់ដីជូនគ្រួសារគាត់វិញ ។ ក្នុងសារសំឡេងទី១ នោះ ចែណៃ បានស្នើសុំឲ្យគេកាច់ពោតរួចហើយ ប្រគល់ដីឲ្យឪពុករបស់ក្មួយស្រីយកវិញទៅ ដោយប្រាប់ឲ្យវាស់យកឲ្យគ្រប់ទៅ ចំពោះរឿងរ៉ាវអី្វទៀត គាត់មិនដឹងទេ ។ ចែណៃ ក៏បានបញ្ជាក់ដែរថា “អានេះខុសមកពីគាត់ ជួលឲ្យគេភ្ជួរ មិនដឹង ក៏ភ្ជួរចូលដីឪពុកក្មេងពិការគថ្លង់ ឥឡូវខ្ញុំសុំទោសផង” ។

សារសំឡេងទី២ ៖ ខ្ញុំមិនបានទៅយកដីគក់ ឯងទេ នេះមកពីខ្ញុំមិនដឹងរឿង ខ្ញុំក៏ទៅភ្ជួរ មិនដឹងចំដីគក់ ឯងមកប្រាប់ខ្ញុំ ខ្ញុំក៏ថាឲ្យគេធ្វើសិនទៅ ឲ្យគេធ្វើឲ្យតែស្រឡះដីទៅ ខ្ញុំថាអ៊ីចឹងមែន ខ្ញុំទទួលខុសថា ខ្ញុំឲ្យគេធ្វើសិនទៅ ប្រមូលផលពោតរួច ចាំយកវិញទៅ ។ រឿងរ៉ាវទាំងប៉ុន្មានយើងមិនចាំបាច់វែងឆ្ងាយអីទេ បញ្ចប់គ្នាត្រឹមហ្នឹងទៅ ខ្ញុំសុំទោសគក់ ឯងផង ដឹងធ្វើម៉េច ខ្ញុំវាមិនសូវចេះច្បាប់ ខ្ញុំសុំដកខ្លួនពីកន្លែងហ្នឹងហើយ»។

លោកដួង តារា សរសេរបន្តទៀតថា «ក្រោយពីខ្ញុំបានទទួលសារសំឡេងចែណៃ សារភាពយល់ព្រមប្រគល់ដីជូនទៅក្រុមគ្រួសារក្មេងស្រីពិការគថ្លង់រួចហើយ ខ្ញុំក៏បានខលបញ្ជាក់បន្ថែមជូនលោកប្រធានភូមិ ឲ្យជួយមើលក្រុមគ្រួសារក្មួយស្រីពិការគថ្លង់ផង ដើម្បីចៀសវាងបញ្ហាផ្សេងៗថែមទៀត។

ករណីនេះ ខ្ញុំក៏ធ្លាប់បានគោរពជម្រាបជូនសម្តេចតេជោ នាយករដ្ឋមន្រ្តី ម្តងរួចមកហើយ។ ដោយក្តីសន្តោសមេត្តា សម្តេចទាំងទ្វេ បានជួយថវិកា $3000 ដល់ក្មួយស្រីគថ្លង់ ។

ខ្ញុំសង្ឃឹមថា បញ្ហានេះនឹងបញ្ចប់ត្រឹមនេះ។ ខ្ញុំសូមអរគុណដល់អាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់ ដែលចូលរួមដោះស្រាយបញ្ចប់បញ្ហានេះ ដើម្បីផ្តល់ឱកាសដល់ក្មួយស្រីពិការគថ្លង់ និងក្រុមគ្រួសារ បានរស់នៅសុខស្រួល ចាប់ពីពេលនេះតទៅ។​ អរគុណបងប្អូនប្រជាពលរដ្ឋ​ និងបងប្អូនសារព័ត៌មាន ដែលបានចូលរួមជួយការពារ ឈឺឆ្អាលដល់ក្មួយស្រីពិការគថ្លង់ក្រីក្រ កម្សត់ម្នាក់នេះ។ យើងចូលរួមកសាងអំពើល្អទាំងអស់គ្នា»៕ ខៀវទុំ

RELATED ARTICLES