ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រកាសបើកឱ្យដំណើរការខ្សែរថភ្លើងដឹកអ្នកដំណើរដោយមិនគិតថ្លៃ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២២នេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ ក្រសួងសាធារណការនិងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេយ៍ (Royal Railway) នឹងរៀបចំដាក់ឱ្យដំណើរការខ្សែរថភ្លើងដឹកអ្នកដំណើរ ដោយមិនបង់ប្រាក់ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែកញ្ញា ឆ្នាំ២០២២។
ខ្សែរថភ្លើង នឹងធ្វើចរាចរណ៍ដឹកអ្នកដំណើរទៅតាមកាលបរិច្ឆេទ និងពេលវេលាដូចខាងក្រោម ៖
គោលដៅខ្សែទី១ ៖ រាជធានីភ្នំពេញ-កំពង់ឆ្នាំង-ពោធិ៍សាត់-បាត់ដំបង
គោលដៅខ្សែទី២ ៖ រាជធានីភ្នំពេញ-តាកែវ-កំពត-ព្រះសីហនុ។
សូមជម្រាបជូនដែរថា ចំពោះសំបុត្រសម្រាប់ធ្វើដំណើរតាមរថភ្លើងទាំងពីរខ្សែនេះ នឹងចែកជូនផ្ទាល់នៅស្ថានីយរាជាយស្ម័យយាន (ស្ថានីយរថភ្លើងភ្នំពេញ) និងនៅតាមស្ថានីយនៃបណ្តាខេត្ត រយៈពេល ២ថ្ងៃ មុនថ្ងៃធ្វើដំណើរ ចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៥ល្ងាច។
ដោយឡែក តាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេយ៍ (Royal Railway) បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរដែលចង់ជិះរថភ្លើង ឥតគិតថ្លៃ ទៅតាមបណ្តាខេត្តនានា ក្នុងអំឡុងពេលភ្ជុំបិណ្ឌ ត្រូវតែកក់ទុកមុន ដើម្បីកុំឱ្យខកខានកន្លែងអង្គុយ។ ដូច្នេះសូមទាក់ទងទៅកាន់ស្ថានីយរថភ្លើងដែលនៅជិតបំផុតរបស់អ្នក ឬទូរស័ព្ទទៅលេខភ្នាក់ងារ សម្រាប់ចម្ងល់ផ្សេងៗ។ សូមធ្វើដំណើរប្រកបដោយសុវត្ថិភាព ហើយសូមប្រុងប្រយ័ត្ន នៅពេលជិត ឬឆ្លងកាត់ ផ្លូវរថភ្លើង ព្រោះរថភ្លើងអាចនឹងមកដល់…។
គួររំលឹកថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២ សម្តេចហ៊ុន សែន បានណែនាំឱ្យរដ្ឋបានរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុង ដឹកពលរដ្ឋទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីបង្ការការឡើងថ្លៃសេវារថយន្តឈ្នួល និងជួយសម្រាលបន្ទុកថ្លៃធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ដដែលនោះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងថា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិត ទាំងអស់ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ប្រកបដោយភាពសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុង ចំនួន ១៧៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណ: រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមិនបង់ប្រាក់។
ចំពោះទីតាំងចេញដំណើររថយន្តក្រុង តាមផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ២ គឺនៅផ្លូវ៦០ម៉ែត្រ ទល់មុខក្រុមហ៊ុនមែរសឺដេស។ ផ្លូវជាតិលេខ៣ និងលេខ៤ នៅផ្សារសិនជូរីផ្លាហ្សា។ ផ្លូវជាតិលេខ៥ ភ្នំពេញ-បាត់ដំបង នៅសួនឫស្សីកែវ និងភ្នំពេញ-បន្ទាយមានជ័យ នៅរង្វង់មូលទេពមច្ឆា ជ្រោយចង្វា។ ចំណែកផ្លូវជាតិលេខ៦ និងលេខ៧ ភ្នំពេញ-កំពង់ចាម-ត្បូងឃ្មុំ-ក្រចេះ-ស្ទឹងត្រែង នៅមុខរាជាយស្ម័យយាន រាជធានីភ្នំពេញ៕