ភ្នំពេញ៖ថ្មីៗនេះកំពូលតារាចម្រៀងព្រាប សុវត្ថិ បានវិលមករកអាជីពចាស់ឡើងវិញតាមរយៈការសម្រុកមួយប្រាវទៀតថតច្រៀងសម្ដែងបទប្រពៃណីទាក់ទងពិធីបុណ្យភ្ជុំបិណ្ឌ ក្រោយលោកឡើងជាឧកញ៉ារយៈពេលជាង៤ខែ ដែលនេះបញ្ជាក់ឲ្យFan ទាំងឡាយរបស់លោកសុវត្ថិ ឃើញច្បាស់ថាលោកនៅតែបន្ដអាជីពចាស់នេះដដែលទោះជាមុននេះរយាលៗខ្លាំងហើយជាង៣ខែចេញបានតែ១បទក្ដី។ការចាប់កាន់ក្បាលមីក្រូឡើងវិញនេះធ្វើឲ្យមហាជានជាច្រើនមានការភ្ញាក់ផ្អើលព្រោះតែបទចម្រៀងរបស់លោកសុវត្ថិ មានបទមួយឧកញ៉ាដល់ទៅ២នាក់អមនិងជួយលោកគឺគ្រប់គ្រងការផលិតអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ,និពន្ធ Melody ទំនុកច្រៀងឧកញ៉ាយឹម តាស្រង់ និងច្រៀងដោយឧកញ៉ាព្រាប សុវត្ថិ ពោលគឺបទចម្រៀង១នេះអាចចេញបានមានឧកញ៉ាដល់ទៅ៣រូបផ្គួបគ្នា។ក្រោយឃើញរចនាសម្ព័ន្ធច្រៀង១បទសោះមានឧកញ៉ាដល់ទៅ៣នាក់លេងសិល្បៈបែបនេះទើបធ្វើឲ្យទស្សនិកជនជាច្រើនបានបង្ហាញការចាប់អារម្មណ៍ថាពេលនេះឧកញ៉ាៗចាប់ផ្ដើមចេញអុកឡុកក្នុងសិល្បៈកាន់តែច្រើន តែគេមិនដឹងថាតើអ្នកស្ដាប់បទឧកញ៉ាទាំងនោះផលិតគឺជារាស្រ្ដសាមញ្ញឬសុទ្ធតែជាកំពូលសេដ្ឋីលំដាប់ឧកញ៉ាទើបអាចស្ដាប់បទទាំងនោះចូលត្រចៀក?
ឯកឧត្តមសាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័តមានដែលមុនចូលបម្រើជាមន្រ្ដីរាជការលោកធ្លាប់មានបទពិសោធន៍ដឹកនាំការប្រគុំតន្រ្ដីធំៗជាង១០ឆ្នាំនោះបានប្រាប់”នគរធំ”តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២០កញ្ញា ថាលោកបានឃើញអ្នកនិពន្ធ សិល្បករ ដែលទទួលបានគោរម្យងារកម្រិតឧកញ៉ា ក៍ដូចជាងារឯកឧត្តមនានា ដែលនេះគឺជាការយកចិត្តទុកដាក់របស់សម្ដេចតេជោហ៊ុន សែន ក៍ដូចជាការផ្ដល់តម្លៃពីសំណាក់ថ្នាក់ដឹកនាំរបស់យើងក្នុងការមើលឃើញពីការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋខ្មែរដែលបានចូលរួមលើកស្ទួយគ្រប់វិស័យ។
សម្រាប់វិស័យសិល្បៈជាគោលការណ៍ពិសេសដែលជាវប្បធ័ម ប្រពៃណីរបស់ខ្មែរ ដែលយើងបានមើលឃើញពីតម្លៃតាំងពីសង្គមរហូតមកដល់បច្ចុប្បន្ន លើកលែងតែសម័យប៉ុល ពត ដែលត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងគ្រប់ទម្រង់នៃសិល្បៈទាំងឡាយ តែសម្រាប់សម័យតេជោនាពេលបច្ចុប្បន្នត្រូវបានលើកកម្ពស់ដល់ប្រជាពលរដ្ឋដែលចូលរួមលើកស្ទួយសង្គមលើគ្រប់វិស័យ ។ទាក់ទងរឿងបទចម្រៀង១មានលោកឧកញ៉ាដល់ទៅ៣រូបចេញមុខរួមគ្នានោះលោកបណ្ឌិត អះអាងថាជាទស្សនៈផ្ទាល់របស់លោកយល់ឃើញថាទី១៖សូមអបអរសាទរចំពោះអ្នកនិពន្ធ,តារាចម្រៀង និងអ្នកដឹកនាំរឿងលើវិថីសិល្បៈគ្រប់ទម្រង់ដែលត្រូវបានរាជរដ្ឋាភិបាលស្នើរសុំទួលថ្វាយទៅព្រះមហាក្សត្រដើម្បីសុំជាគោរម្យងារជាឧកញ៉ា ជាឯកឧត្តម ជូនទៅដល់ពួកគាត់ដែលមានស្នាដៃក្នុងសង្គមយើង។ទី២៖ជាការសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់សិល្បករ ក៍ដូចជាអ្នកស្ថាបនិកលើវិស័យសិល្បៈជាតិ ដែលធ្វើឲ្យមានការទទួលស្គាល់ពីព្រះមហាក្សត្រ ពីរាជរដ្ឋាភិបាលតាមក្រសួងស្ថាប័នដែលបានផ្ដល់តម្លៃដល់សាមីខ្លួនក៍ដូចជាក្រុមគ្រួសារ។ទី៣៖ទាក់ទងទៅនិងការដែលដាក់គោរម្យងារនៅលើចំណងជើងឬអ្វីដែលជាតឹកតាងថាខ្លួនជា”ឧកញ៉ា”ជា”ឯកឧត្តម” វាជាឆន្ទានុសិទ្ធិ និងការសម្រេចចិត្ត និងការយល់ឃើញរបស់ពួកគាត់ថាដាក់ទៅវាល្អ សម្រាប់ខ្លួនគាត់ អ្នកដ៍ទៃ និងសង្គម វាគឺជាឆន្ទានុសិទ្ធិរួមរបស់គាត់ ប៉ុន្ដែតាមគំនិតលោកយល់ថាបទចម្រៀងនេះពិតជាមានតម្លៃណាស់ពីព្រោះ អ្នកដឹកនាំ,អ្នកសរសេរ និងអ្នកច្រៀងសុទ្ធតែទទួលបានគោរម្យងារឧកញ៉ា ដែលត្រូវបានគេស្គាល់អីចឹង ប្រហែលជាអ្នកស្ដាប់គាត់គិតថាមិនដឹងពិរោះឬមានតម្លៃប៉ុណ្ណាទេ សម្រាប់សង្គម ក៍ដូចជាសារអប់រំព្រោះសុទ្ធតែជាអ្នកចេះដឹងចឹងប្រាកដជាមានគំនិតខ្ពស់ៗហើយ។
តែលោកបណ្ឌិតសង្កត់ថាលោកចង់ឲ្យមានការពិនិត្យឬយល់ស្របតាមកាលៈទេសៈ ទីតាំងពេលវេលាបងៗឬប្អូនៗទទួលបានគោរម្យងារនោះថាគូដាក់នៅពេលណា ដើម្បីឲ្យមានតម្លៃ ហើយឯកឧត្តម លោកឧកញ៉ាទាំងនោះគាត់ពិតជាយល់ ហើយចំពោះលោកគ្មានអ្វីជាជំទាស់ ប៉ុន្ដែបើសិនជាទីតាំងពេលវេលាខ្លះបើប្រើត្រឹមតែ”លោក”គឺកាន់តែល្អព្រោះយើងដាក់ខ្លួនឲ្យស្របកាលៈទេសៈ ដែលមហាជនគាត់ធ្លាប់ស្គាល់ពីមុនថាគ្រាន់តែដាក់បទចម្រៀង១ថា”លោក”ក៍ល្អដែរ តែពេលដាក់”ឧកញ៉ា”ទៅខ្លាចពួកគាត់លែងចង់ហ៊ានស្ដាប់ ។លោករដ្ឋលេខាធិការក្រសួងព័តមានរូបនេះបន្ថែមទៀតថាគូរតែពិចារណា កុំលើកខ្លួនឯងខ្ពស់ពេក ឲ្យតម្លៃយើងសាកសមបច្ចុប្បន្នដើម្បីឲ្យទទួលបានការគាំទ្រពីមហាជនកាន់តែច្រើន។
សូមបញ្ជាក់ថាលោកព្រាប សុវត្ថិ បាត់មុខពីឆាកតន្ត្រីតាមប៉ុស្ដិ៍ទូរទស្សន៍ស្ទើតែទាំងស្រុងក្រោយលោកឡើងជាឧកញ៉ារយៈពេលជិត៥ខែមកនេះ ហើយអតីតតារាចម្រៀងហង្សមាស រូបនេះបានងាកទៅផ្ដោតរកស៊ីផ្នែកអចលនទ្រព្យ។ប៉ុន្ដែកាលពីសប្ដាហ៍មុនគេឃើញលោកសុវត្ថិ ឡើងឆាកសម្ដែងនៅភោជនីយដ្ឋានមួយនៅខណ្ឌសែនសុខ ដែលដូចការអះអាងរបស់លោកប្រាប់ទៅអ្នកកាសែតថាទោះជាលោកក្លាយទៅជាអ្វីក៍ដោយ តែបើទស្សនិកនៅត្រូវការលោកនៅតែទទួលការងារសិល្បៈដូចមុន។មហាជនជនចាប់អារម្មណ៍ដែរថាគិតត្រឹមឆ្នាំ២០២២នេះតារា៤ដួងមកហើយដែលក្លាយទៅជាឧកញ៉ាក្នុងនោះគឺមានដូចជាលោកទុំ សារុត ហៅនាយឃ្លោគ,លាន អាហ្រ្វីលគីនីន ,ខែម ប៊ុនថៃ និងលោកព្រាប សុវត្ថិ នេះឯង។កាលពីខែកញ្ញាឆ្នាំ២០២០ មនុស្សជំនិតលោកព្រាប សុវត្ថិ បានទម្លាយប្រាប់អ្នកកាសែតថាតារាវ័យ៤៧ឆ្នាំរូបនេះសល់ទ្រព្យខ្ទង់៣០លានដុល្លារពីការចាប់អាជីពចម្រៀងរយៈពេលជាង២០ឆ្នាំ ទើបមនុស្សជាច្រើនបានចាត់ទុកនិងហៅលោកសុវត្ថិ ថាជា”សេដ្ឋី”តាំងពីមុនលោកឡើងជាឧកញ៉ាម្លេះ៕