Tuesday, November 26, 2024
Homeព័ត៌មានជាតិរដូវភ្ជុំ ពុទ្ធបរិស័ទ ស្នើសុំផ្តន្ទាទោស អ្នកបំផ្លាញព្រះពុទ្ធបដិមា វត្តមេត្តាធម្មជាតិ

រដូវភ្ជុំ ពុទ្ធបរិស័ទ ស្នើសុំផ្តន្ទាទោស អ្នកបំផ្លាញព្រះពុទ្ធបដិមា វត្តមេត្តាធម្មជាតិ

ខេត្តកំពង់ស្ពឺ ៖ ក្នុងរដូវភ្ជុំ ខណ:ពិធីកាន់បិណ្ឌ ឈានដល់បិណ្ឌទី១២ នៅថ្ងៃនេះ ពុទ្ធបរិស័ទចំណុះជើងវត្តមេត្តាធម្មជាតិ នៃសហគមន៍ឧត្តមស្រែពស់ ស្ថិតក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានទូលថ្វាយ និងស្នើសុំព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី និងក្រសួងធម្មការនិងសាសនា ផ្ដន្ទាទោសអ្នកបំផ្លាញព្រះពុទ្ធបដិមា នៅវត្តមេត្តាធម្មជាតិ ដែលពួកគាត់ហៅថាជាការជាន់ឈ្លីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ យ៉ាងធ្ងន់ធ្ងរ ដោយអ្នកទាំងនោះ បានបំផ្លាញព្រៃឈើ និងធ្វើឲ្យព្រះពុទ្ធបដិមានៅក្នុងទីអារ៉ាមនេះ បាក់បែក ហើយលើកយកទៅគរចោលដូចគល់ឈើ ។

          លោក សយ សាត ជាពុទ្ធបរិស័ទមួយរូប និងតំណាងព្រៃសហគមន៍ឧត្ដមស្រែពស់ ហៅព្រៃមេត្តាធម្មជាតិ ថ្មីៗនេះបាននាំពុទ្ធបរិស័ទ ទៅបោសសម្អាតអាស្រមសមាធិ និងទីសក្ការៈតម្កល់ព្រះបដិមា នៅក្រោមដើមជ្រៃ នៅក្នុងបរិវេណវត្តមេត្តាធម្មជាតិ ដែលក្រុមទាហាន ង៧០ បានកាប់បំផ្លាញព្រៃឈើ និងរឹបអូសយកទៅធ្វើជាកន្លែងរស់នៅរបស់ពួកគេកន្លងមក។ ពេលនោះ ពួកលោកសង្កេតឃើញនៅមានសេសសល់ដើមឈើធំៗ បួនដប់ដើម នៅក្បែរៗអាស្រមសមាធិ ប៉ុន្តែក្រោយពីនោះមួយថ្ងៃ ក៏មានពួកជនខិលខូចអត់សាសនា បានចូលទៅកាប់ដើមឈើទាំងនោះបង្ហើយអស់ ធ្វើឲ្យព្រះពុទ្ធបដិមា ដែលធ្លាប់តែស្ថិតនៅក្រោមម្លប់ បែរជាស្ថិតនៅកណ្តាលវាល ហាលថ្ងៃ គួរឲ្យសង្វេគ ។

លោក សយ សាត បានអះអាងថា ទាំងនេះជាទង្វើរបស់ទាហានពីររូប ឈ្មោះ លោក អ៊ាម ម៉ៅ លោកប៉ែន សារិទ្ធ មកពីកងពល ង៧០ ដែលបានចូលមកឈូសឆាយបំផ្លាញព្រៃឈើ កាប់ដើមឈើធំៗនៅក្នុងព្រៃវត្តមេត្តាធម្មជាតិ ហៅព្រៃសហគមន៍ឧត្តមស្រែពស់ ។ ដូច្នេះហើយ ទើបលោកសម្រេចចេញជាវីដេអូ បង្ហាញពីរូបភាពបដិមាដែលត្រូវបានបំផ្លាញនេះ ក្នុងន័យស្នើទៅព្រះមហាក្សត្រ រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ក្រសួងធម្មការ និងសាសនា ផ្ដន្ទាទោសបុគ្គលទាំងពីររូបខាងលើ ដែលបំផ្លាញព្រះពុទ្ធបដិមា នៅវត្តមេត្តាធម្មជាតិ ។       

          លោក សយ សាត បានមានប្រសាសន៍ក្នុងវីដេអូដែលបង្ហោះក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោកថា “ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំដល់ព្រះពុទ្ធ ជាបរមគ្រូ ហើយនិងសូមក្រាប់ថ្វាយបង្គំដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងព្រះករុណា ជីវិតតម្កល់លើត្បូង សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអស់លោកមន្រ្តីខាងក្រសួងធម្មការ ។ នេះជាវត្តមេត្តាធម្មជាតិ ដែលស្ថិតនៅក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលត្រូវបានទាហាន ង៧០ មានអ៊ាម ម៉ៅ មានប៉ែន សារិទ្ធ ដែលមកបំផ្លិចបំផ្លាញព្រៃសហគមន៍ឧត្ដមស្រែពស់ ឲ្យខ្ទេចខ្ទីរអស់រលីង ។ សូម្បីព្រះពុទ្ធរូប ដែលព្រះអង្គគង់នៅក្រោមម្លប់ឈើ ដែលពុទ្ធបរិស័ទបានយកមកដាក់តាំងជាសក្ការបូជា ឥឡូវបែករយះអស់ហើយ បែកខ្ទេចខ្ទីអស់ហើយ តើតម្លៃសាសនា ដែលជនរួមឈាម ព្រះករុណា តម្កល់លើត្បូង នាយករដ្ឋមន្រ្តី ព្រះថេរានុត្ថេរៈទាំងអស់ យើងគោរពប្រណិប័តន៍នូវព្រះពុទ្ធសាសនា បើអ៊ាម ម៉ៅ និងប៉ែន សារិទ្ធ ធ្វើរំលាយសាសនា តើក្រសួងធម្មការ មានវិធានការយ៉ាងណា ចំពោះប៉ែន សារិទ្ធ និងអ៊ាម ម៉ៅ? នេះជាទង្វើមួយដែលអ៊ាម ម៉ៅ និងប៉ែន សារិទ្ធ ធ្វើមកលើព្រះពុទ្ធរូប ដែលជាតំណាងព្រះពុទ្ធ បរមគ្រូនៃយើង ឥឡូវនេះបាក់បែកអស់ហើយ រលាយអស់ហើយ តើជនរួមឈាម ឲ្យតម្លៃអ៊ាម ម៉ៅ និងប៉ែន សារិទ្ធ ថាជាបុគ្គលអ្វី លើបងប្អូនជនរួមឈាម? សំខាន់បំផុត ក្រសួងធម្មការ ត្រូវសិក្សា ត្រូវដាក់ពាក្យបណ្ដឹង ប្ដឹងចំពោះអ៊ាម ម៉ៅ ដែលរំលាយព្រះពុទ្ធសាសនា ធ្វើឲ្យសាសនាបាត់បង់ ។ ដូច្នេះខ្ញុំសូមទទូចដល់ព្រះកូណា ជីវិតតម្កល់លើត្បូង សម្ដេចនាយករដ្ឋមន្ត្រី ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជនរួមឈាមនៅក្នុងប្រទេស ក្រៅប្រទេស ឲ្យតម្លៃអ៊ាម ម៉ៅ ដែលជាអ្នករមិលគុណ បំផ្លាញសាសនា តើជាជនល្អដែរឬទេ? ដូច្នេះសូមជនរួមឈាមពិចារណា! អស់ហើយ រលាយអស់ហើយ បំបែកចោលអស់ហើយ គ្មានសល់ទេ ទុកព្រះពុទ្ធរូបនៅហាលថ្ងៃចែស ដោយសារតែការលោភលន់ចង់បានព្រៃ ចង់បានដី ចង់មានហើយមានទៀត មានមិនចេះចប់ ។ ដូច្នេះសូមឲ្យសម្ដេច អស់លោក និងក្រសួងធម្មការ មេត្តាជួយរកយុត្តិធម៌ ជួយចាប់ជនល្មើស ទៅផ្ដន្ទាទោស ឲ្យខ្ញុំព្រះករុណា ខ្ញុំបាទផង“ ។

          ជុំវិញការស្នើសុំរបស់ប្រជាពុទ្ធបរិស័ទវត្តមេត្តាធម្មជាតិ ខាងលើនេះ លោកវ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ថា អាជ្ញាធរអត់គាំទ្រ ចូលដៃចូលជើងជាមួយរឿងបំផ្លាញបំផ្លាញព្រះបដិមា នេះទេ ព្រោះការដែលខំធ្វើវត្ត ដោយសារតែយើងជឿលើបុណ្យបាប ។ ដូច្នេះទង្វើដែលខុសទៅនឹងវិស័យពុទ្ធចក្រនេះ វានាំឲ្យអន្តរាយដល់ខ្លួន ឬអ្នកណាប្រព្រឹត្ត អ្នកហ្នឹងទទួលយកកម្មផលហ្នឹងទៅ ។ ប៉ុន្តែលោកគ្រាន់តែចង់អំពាវនាវថា ឲ្យអ្នកដែលជាប់ពាក់ព័ន្ធបញ្ហាអីទាំងអស់ សុំកុំបង្ហោះតាមហ្វេសប៊ុក ព្រោះលោកមិនមានពេលមើលទេ គឺសុំឲ្យគាត់ដាក់ឯកសារ ឬបណ្ដឹងមកអាជ្ញាធរ ដើម្បីអាជ្ញាធរចាត់វិធានការទៅតាមបណ្ដឹង ឬសំណូមពរនោះ ។

          លោកវ៉ី សំណាង បានមានប្រសាសន៍ថា “អត់ទេ! អត់ឃើញគាត់ដាក់ពាក្យបណ្ដឹងមកដល់សាលាខេត្តទេ ។ បើសិនពាក្យបណ្ដឹងមកដល់សាលាខេត្ត យើងនឹងចាត់វិធានការ ។ បើគាត់យកតាមហ្វេសប៊ុក ខ្ញុំយកអាហ្វេសប៊ុកហ្នឹង ទៅធ្វើតាមណា? បើគាត់ដាក់មកសាលាខេត្តមក ដើម្បីយើងមានឯកសារអីៗអ៊ីចឹងទៅ យើងចាត់មន្រ្តី ចុះធ្វើសកម្មភាពអ៊ីចឹង ហើយបើគ្រាន់តែបង្ហោះហ្វេសប៊ុក ហើយយកតែតាមរលកធាតុអាកាស ជួនកាលក៏ខ្ញុំបានមើល ជួនកាលមានមើលឯណា ខ្ញុំមានការងារច្រើនដែលត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋមួយគរគោកហ្នឹង ។ បើយើងអាល័យហ្វេសប៊ុក មានពេលខ្លះ យើងបានមើលទៅ ពេលដែលយើងជិះឡានតាមផ្លូវ ទៅកាន់កន្លែងធ្វើពិធី ឬក៏កន្លែងអីដែលយើងត្រូវធ្វើសកម្មភាពហ្នឹង យើងបានមើលម្ដងម្កាល ហើយទី២ រាល់ថ្ងៃនេះ យើងដឹងគ្រប់គ្នាហើយថា ប្រព័ន្ធសេវាហ្នឹង វាពិបាកណាស់ វាអត់លោតមកទេ វានៅភ្លឹបភ្លែតៗនៅហ្នឹង ដែលជិះៗទៅ ជួនកាលយើងដល់កន្លែងទៅ លែងបានមើលអ៊ីចឹងទៅ អាបើកមិនចេញផង ។ ឥឡូវយើងមានតាមរយៈខាងសារព័ត៌មាន (នគរធំ) ហ្នឹង គឺសុំឲ្យបងប្អូន គាត់ដាក់ពាក្យបណ្ដឹងមកអាជ្ញាធរ សុំឲ្យគាត់ធ្វើសំណូមពរថាម៉េចមក យើងនឹងចាត់វិធានការតាមហ្នឹង“ ។

          លោកវ៉ី សំណាង បានមានប្រសាសន៍បន្តថា “និយាយទៅ រឿងបំផ្លាញបដិមានេះ វាអ៊ីចេះទេ! បើយើងនិយាយពីបុណ្យបាប អ្នកណាប្រព្រឹត្ត អ្នកហ្នឹងទទួលខុសត្រូវ មិនអ៊ីចឹង? យើងដឹងហើយ សម័យអាពត វត្តអារាម សាលារៀន មន្ទីរពេទ្យ ត្រូវបានវាយកធ្វើឃ្លាំងជី ហើយសួរថា វាធ្វើបែបហ្នឹង វាជោគជ័យអត់? មិនជោគជ័យទេ អ្វីដែលវាខុសពីឆន្ទៈ មនសិការរបស់មនុស្ស ដែលគេគោរពបូជាលើវិស័យព្រះពុទ្ធសាសនា ហើយស្រុកយើង មានចែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ។ អ៊ីចឹងទង្វើដែលខុសទៅនឹងវិស័យពុទ្ធចក្រនេះ វានាំឲ្យអន្តរាយដល់ខ្លួន អ៊ីចឹងអ្នកណាប្រព្រឹត្ត អ្នកហ្នឹងទទួលយកកម្មផលហ្នឹងទៅ មានស្អី! វាសំខាន់យើងអាជ្ញាធរ អត់ទៅគាំទ្រ ចូលដៃចូលជើងអីជាមួយអាអ៊ីចឹងៗ ។ មិនឃើញទេ? យើងខំធ្វើវត្ត ធ្វើអីហ្នឹង គឺដោយសារអី? ដោយសារតែយើងជឿលើបុណ្យបាបហ្នឹងហើយ ។ អាហ្នឹងគាត់ទៅធ្វើអ៊ីចឹងៗ ខ្ញុំជឿថា វាមិនរីកចម្រើនទេ ទៅធ្វើវាបានតែមួយពេល ។ យើងមើលអាពត មើល? គ្រប់គ្រងរហូតដល់ហ៊ានសម្លាប់មនុស្សហើយ នៅមិនទាំងបានផងហ្នឹង ហើយដល់ពេលយើងនេះ យើងគ្រប់គ្រប់បែបម៉េច? យើងបែបប្រជាធិបតេយ្យ សេរីពហុបក្ស ទើបយើងអាចរស់នៅបានរហូតដល់សព្វថ្ងៃហ្នឹង ។ ដូច្នេះសរុបមកវិញ ខ្ញុំគ្រាន់តែចង់អំពាវនាវថា ឲ្យអ្នកដែលជាប់ពាក់ព័ន្ធបញ្ហាអីទាំងអស់ សុំកុំបង្ហោះតាមហ្វេសប៊ុក ព្រោះខ្ញុំហ្នឹងមិនមានពេលមើល សុំឲ្យគាត់ដាក់ឯកសារមកផង ហើយបើបងប្អូនចង់ផ្ដល់ព័ត៌មានជាសាធារណៈបាន បង្ហោះបាន បង្ហោះស្អីក៏បានដែរ ស្រេចចិត្ត ក៏ប៉ុន្តែបើសម្រាប់ទាក់ទងនឹងអាជ្ញាធរ ចង់ឲ្យអាជ្ញាធរជួយអន្តរាគមន៍ ចង់ឲ្យអាជ្ញាធរដោះស្រាយ គួរតែមានលិខិតស្នាមដាក់មក បានយើងមើលបាន“ ។

          ចំណែកលោកសេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលដែរថា កន្លងមក ក្រសួង ទទួលបានព័ត៌មានខ្លះដែរ ពាក់ព័ន្ធវត្តមេត្តាធម្មជាតិ នេះ ប៉ុន្តែទាក់ទងនឹងព័ត៌មានថាទាហាន បំផ្លាញព្រះពុទ្ធបដិមា នៅវត្តមេត្តាធម្មជាតិ នេះ លោកមិនទាន់បានទទួលទេ ព្រោះមិនទាន់មានការរាយការណ៍ពីខាងអាជ្ញធរថ្នាក់ក្រោមជាតិ ដែលទទួលបន្ទុកដោះស្រាយនៅមូលដ្ឋានជំនួសថ្នាក់ជាតិ ។ ដូច្នេះលោកគ្រាន់តែអាចបញ្ជាក់បានថា សរណវត្ថុ មិនអាចបុគ្គលណាបំផ្លិចបំផ្លាញ ឬធ្វើឲ្យខូចខាតបានទេ វាខុសនឹងច្បាប់ក្រមព្រហ្មទណ្ឌ ប៉ុន្តែបើសរណវត្ថុ គ្រាន់តែជារូប មិនទាន់បានក្លាយទៅជាសរណវត្ថុដែលស្របច្បាប់រដ្ឋ ច្បាប់សាសនាទេ ជាងអាចកែបាន ។

          លោកសេង សុមុនី បានមានប្រសាសន៍ថា “បាទ! ខ្ញុំមិនទាន់បានទទួលព័ត៌មាន ខ្ញុំមិនទាន់ហ៊ានឆ្លើយថាយ៉ាងណាទេ ។ កន្លងមក យើងទទួលបានព័ត៌មានខ្លះដែរ ប៉ុន្តែទាក់ទងនឹងកិច្ចការនេះ យើងមិនបានលម្អិតទៅលើថា តើវត្តហ្នឹងបានធ្វើអីខុស ឬក៏ពុងតែធ្វើអី? កន្លែងហ្នឹងគឺថាមានសង្ឃស្នាក់នៅ មានកន្លែងសក្ការបូជាអីអ៊ីចឹង ប៉ុន្តែមិនដឹងថា តើវត្ត បានមួយរយភាគរយ ទទួលច្បាប់ជាផ្លូវការ ប្រកាសដោយក្រសួង ហើយឬនៅ? ក្នុងន័យនេះ យើងត្រូវមើលទៅលើសកម្មភាព ឬក៏មើលទៅលើសមិទ្ធផលជាក់ស្ដែង ចំពោះផ្លូវច្បាប់ យើងមិនអាចថា សម្រេចលើយើង ឬក៏អីបានទេ ហើយគោលការណ៍ធម្មនុញ្ញ ឬក៏គោលការណ៍នៃក្រមព្រហ្មទណ្ឌរបស់យើង មានចែងច្បាស់លាស់ នៅក្នុងការប្រព្រឹត្តបទល្មើសប៉ះពាល់ដល់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ តែលក្ខខណ្ឌនោះ វាមានរឿងផ្សេងៗទៀតដែលពាក់ព័ន្ធនិងជុំវិញលក្ខខណ្ឌនៃក្រមព្រហ្មទណ្ឌ“ ។

          លោកសេង សុមុនី បានមានប្រសាសន៍បន្តថា “ក្រមព្រហ្មទណ្ឌ លោកនិយាយពីផលប៉ះពាល់បូជនីយវត្ថុ ឬក៏បូជនីយដ្ឋានសាសនានេះ ដែលមានចែងនៅក្នុងមាត្រា៥០៨ រហូតដល់៥០៩ ដែលយើងមើលឃើញថា តើប៉ះពាល់ទៅលើអ្វីខ្លះ? ដូចធ្លាប់បានដឹងទាំងអស់គ្នាហើយ ខ្ញុំមិនចាំបាច់អានទេ ។ ប៉ុន្តែអ្វីដែលយើងមើលឃើញ ព្រះពុទ្ធសាសនា មានកម្រិត ។ ឧទាហរណ៍ យើងត្រូវយល់ថា បដិមាព្រះពុទ្ធសាសនា បើសិនជានៅក្នុងអារ៉ាម ឬក៏ទីបូជាដែលមានសីមាត្រឹមត្រូវ កំណត់ដោយច្បាប់ ដោយសង្ឃ ឲ្យបានត្រឹមត្រូវទៅតាមវិន័យនិងតាមច្បាប់របស់រដ្ឋ អាហ្នឹងទៅជាអារ៉ាម គេហៅថាអារ៉ាមស្របច្បាប់ ។ អ៊ីចឹងបដិមាទាំងអស់នៅទីនោះ គឺយើងធ្វើការអភិសេក គេហៅថាពិធីប្រកាសទទួលស្គាល់ជាផ្លូវការ តាមបែបសាសនា ឲ្យក្លាយទៅជាបដិមាជាទីសក្ការៈរបស់ពុទ្ធបរិស័ទ ប៉ុន្តែបើបដិមានៅខាងក្រៅ ឬដូចបដិមានៅកន្លែងជាងកំពុងធ្វើ ឬក៏ទីផ្សារកំពុងលក់ បដិមាទាំងអស់នេះ ជាងគេអាចកែបាន គេអាចជួសជុលបាន ព្រោះមិនទាន់បានក្លាយទៅជាសរណវត្ថុនោះទេ ដែលនៅក្នុងច្បាប់នេះ គេនិយាយអំពីសរណវត្ថុ ។ បានន័យថា សរណវត្ថុ មិនអាចបុគ្គលណាបំផ្លិចបំផ្លាញ ឬធ្វើឲ្យខូចខាតបានទេ វាខុសនឹងច្បាប់ក្រមព្រហ្មទណ្ឌ ប៉ុន្តែបើសរណវត្ថុ គ្រាន់តែជារូប មិនទាន់បានក្លាយទៅជាសរណវត្ថុដែលស្របច្បាប់រដ្ឋ ច្បាប់សាសនាទេ ជាងគេអាចកែបាន បើមិនអ៊ីចឹងជាងគេលាបថ្នាំម៉េចកើត? ប៉ុន្តែខ្ញុំមិននិយាយទៅលើវត្ត យ៉ាងម៉េចទេ ខ្ញុំមិនទាន់ដឹងថា វត្តហ្នឹងស្របច្បាប់ ព្រះសង្ឃហ្នឹងស្របច្បាប់ ហើយសរណវត្ថុហ្នឹង ស្របច្បាប់អីយ៉ាងម៉េច ខ្ញុំមិនដឹងទេ ប៉ុន្តែរឿងច្បាប់ គឺអ៊ីចឹង វាទាក់ទងគ្នារឿងហ្នឹង ដែលយើងត្រូវគិតគូរអំពីបញ្ហាហ្នឹងទាំងអស់គ្នា“ ។

          ដោយឡែក បុគ្គលពីររូប ឈ្មោះអ៊ាម ម៉ៅ និងប៉ែន សារិទ្ធ ដែលរងការចោទពីពុទ្ធបរិស័ទវត្តមេត្តាធម្មជាតិ ថាបានបំផ្លិចបំផ្លាញព្រៃឈើ និងព្រះបដិមា នៅវត្តមេត្តាធម្មជាតិ នោះ “នគរធំ” មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺបានទេ កាលពីម្សិលមិញ ៕ កុលបុត្រ

RELATED ARTICLES