ខេត្តព្រះសីហនុ ៖ ស្ត្រីអភ័ព្វម្នាក់ ស្នាក់នៅលើកោះរ៉ុង មានផ្ទៃពោះគ្រប់ខែ តែគ្មានលទ្ធភាព និងមធ្យោបាយធ្វើដំណើរឆ្លង សមុទ្រ មកសម្រាលកូននៅមន្ទីរពេទ្យក្រុងព្រះសីហនុ ក៏បានសម្រាលកូនដោយខ្លួនឯង ទាំងប្រថុយប្រថាន នៅក្នុងកូនខ្ទម ស្នាក់នៅរបស់ខ្លួន លើដីកោះ សំណាងល្អត្រូវបានឧកញ៉ាទៀ វិចិត្រ ទទួលបានដំណឹងទាន់ពេល បញ្ជូនអូប័រល្បឿនលឿន ទៅដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសុវត្ថិភាព ទាំងម្តាយទាំងកូន។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចកោះរ៉ុង ស្ថិតក្នុងភូមិកោះរ៉ុងសន្លឹម (អាវខ្មោច) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង។

ស្ត្រីដែលសម្រាលកូនដោយខ្លួនឯង មានឈ្មោះយេត ស្រីនាថ អាយុ១៩ឆ្នាំ មានលំនៅ ភូមិកោះរ៉ុងសន្លឹម (អាវខ្មោច) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្ស ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះរបស់គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ទៅទទួលយកស្ត្រីម្នាក់ ដែលបានសម្រាលកូនដោយខ្លួនឯង ក្នុងខ្ទមមួយកន្លែង ក្នុងក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្ត្រីឈ្មោះយេត ស្រីនាថ ត្រូវបានក្រុមការងារសង្គ្រោះរបស់លោក បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន មកកាន់កំពង់ផែក្រុងព្រះសីហនុ ដោយសុវត្ថិភាព និងបន្តដឹកតាមរថយន្តសង្គ្រោះរបស់គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្ត យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕