Tuesday, November 26, 2024
Homeព័ត៌មានជាតិតម្លៃប្រើប្រាស់ផ្លូវល្បឿនលឿន ចាប់ពី១២ ដល់៦០ដុល្លារ

តម្លៃប្រើប្រាស់ផ្លូវល្បឿនលឿន ចាប់ពី១២ ដល់៦០ដុល្លារ

ភ្នំពេញ ៖ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ត្រូវបានសាងសង់រួចរាល់ស្ទើរទាំងស្រុង ហើយនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២  ខាងមុខនេះ ក្រុមហ៊ុននឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរ ជាមួយការមិនគិតថ្លៃ រយៈពេលមួយខែ។ បន្ទាប់ ពីនោះ អ្នកធ្វើដំណើរ នឹងត្រូវបង់ថ្លៃ ចាប់ពី១២ ដល់៦០ដុល្លារ។

ជាមួយនឹងការប្រកាសដាក់ឱ្យដំណើរការ ក្រុមហ៊ុន ក៏បានបង្ហាញតារាងតម្លៃសម្រាប់ការធ្វើដំណើរឆ្លងកាត់លើផ្លូវ ល្បឿនលឿនលើកដំបូងនៅកម្ពុជា ផងដែរ។

តម្លៃសម្រាប់ការធ្វើដំណើរលើផ្លូវល្បឿនលឿននេះ ចែកចេញជា ៥ប្រភេទ ដូចខាងក្រោម ៖

ប្រភេទទី១- ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី ៦០០សេសេឡើង រថយន្តគ្រួសារ រថយន្តដឹកទំនិញ (គ្រួសារ) ផ្ទុកមិនលើពី ៧នាក់ រថយន្តដឹកទំនិញធុនស្រាល ផ្ទុកមិនលើសពី២តោន តម្លៃ ០,០៦៤ដុល្លារ ក្នុងមួយគីឡូម៉ែត្រ សម្រាប់ឆ្នាំដំបូង នៅឆ្នាំបន្ទាប់ តម្លៃ ០,០៨ដុល្លារ ក្នុងមួយគីឡូម៉ែត្រ។

ប្រភេទទី២- រថយន្តដឹកអ្នកដំណើរ ផ្ទុកចាប់ពី ៨នាក់ ដល់១៩នាក់ រថយន្តដឹកទំនិញ ផ្ទុកចាប់ពី ២តោន ដល់៥តោន តម្លៃ ០,១២៨ដុល្លារ ក្នុងមួយគីឡូម៉ែត្រ សម្រាប់ឆ្នាំដំបូង នៅឆ្នាំបន្ទាប់ តម្លៃ ០,១៦ដុល្លារ ក្នុងមួយគីឡូម៉ែត្រ។

ប្រភេទទី៣- រថយន្តដឹកអ្នកដំណើរធុនធំ ផ្ទុកចាប់ពី ២០នាក់ ដល់ ៥៦នាក់ រថយន្តដឹកទំនិញផ្ទុកចាប់ពី ៥តោន ដល់១០តោន តម្លៃ ០,១៩២ដុល្លារ ក្នុងមួយគីឡូម៉ែត្រ សម្រាប់ឆ្នាំដំបូង នៅឆ្នាំបន្ទាប់ តម្លៃ ០,២៤ដុល្លារ។

ប្រភេទទី៤- រថយន្តដឹកទំនិញធុនធ្ងន់ ផ្ទុកចាប់ពី ១០តោន ដល់ ២០តោន តម្លៃ ០,២៥៦ដុល្លារក្នុងមួយគីឡូម៉ែត្រ សម្រាប់ឆ្នាំដំបូង នៅឆ្នាំបន្ទាប់ តម្លៃ ០,៣២ដុល្លារ សម្រាប់មួយគីឡូម៉ែត្រ។

ប្រភេទទី៥- រថយន្តដឹកទំនិញធុនធ្ងន់ ផ្ទុកលើសពី ២០តោនឡើងទៅ (គិតទាំងរ៉ឺម៉កសណ្តោង) តម្លៃ ០,៣២ដុល្លារ ក្នុងមួយគីឡូម៉ែត្រ សម្រាប់ឆ្នាំដំបូង នៅឆ្នាំបន្ទាប់ តម្លៃ ០,៤០ដុល្លារ ក្នុងមួយគីឡូម៉ែត្រ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា តម្លៃកំណត់ខាងលើនេះ នៅមានកម្រិតទាបជាងបណ្តាប្រទេសមួយចំនួននៅលើពិភពលោក។

ក្នុងដំណើរអញ្ជើញចុះពិនិត្យចុងក្រោយ លើការងារសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជាមធ្យម មួយគីឡូម៉ែត្រ គេយក ១០សេន ទៅ ១២សេន តែយើងយកតែ ៨សេនប៉ុណ្ណោះ។

ឆ្លើយតបការលើកឡើងថា ផ្លូវល្បឿនប្រទេសជិតខាងមួយចំនួន យកថ្លៃប្រើប្រាស់ផ្លូវថោកជាងកម្ពុជា លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ដោយសារកត្តាបម្រែបម្រួលស្ថានភាពសេដ្ឋកិច្ច និងភាពខុសគ្នានៃសេដ្ឋកិច្ចពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ។ ពោលគឺផ្លូវខ្លះ សាងសង់ឡើងក្នុងដំណាក់កាលតម្លៃវត្ថុធាតុដើម ឬតម្លៃពលកម្មទាប ដូច្នេះការសាងសង់ចំណាយដើមទុនទាប តែបច្ចុប្បន្ន តម្លៃនៃការសាងសង់ ខុសគ្នា បើធៀបទៅនឹងរយៈពេល ១០ឆ្នាំ ឬ២០ឆ្នាំមុន។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា “ផ្លូវមួយចំនួននៅប្រទេសជិតខាងយើង ផ្លូវខ្លះ គេធ្វើ ១០ឆ្នាំ ២០ឆ្នាំមុនហើយ អ៊ីចឹងតម្លៃ មិនមែន ២ពាន់លានដុល្លារទេ ពេលធ្វើអាចប្រហែល ៥០០លាន ឧទាហរណ៍ តែយើងឡើងដល់ ២ពាន់លានដុល្លារ។ ផ្លូវនេះ (ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ) ពេលខ្ញុំសិក្សា ២០០៧ យើងចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន តម្លៃ ៧០០លានដុល្លារអាមេរិក ឥឡូវឡើងជាង ២ពាន់លាន ដុល្លារសហរដ្ឋអាមេរិក”។

លោកទេសរដ្ឋមន្ត្រី បន្តថា ហេតុផលមួយទៀត ដែលនាំឱ្យការយកថ្លៃខុសគ្នា គឺដោយសារចំនួនយានយន្តនៅកម្ពុជា មានចំនួនតិច ធៀបនឹងប្រទេសដទៃ ដែលតម្រូវឱ្យមានការកំណត់តម្លៃខ្ពស់ ដើម្បីឱ្យក្រុមហ៊ុនអាចប្រមូលទុនវិនិយោគវិញ ក្នុងរយៈពេលវិនិយោគ ៥០ឆ្នាំ កំណត់ដោយរាជរដ្ឋាភិបាល។

សូមជម្រាបជូនថា គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧,០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD។ ប្រើរយៈពេលសាងសង់ ៤៨ខែ គ្រោងចំណាយថវិកា ជិត២ពាន់លានដុល្លារសហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន ៤គន្លង ទទឹងផ្លូវសរុប ២៤,៥ម៉ែត្រ មានផ្លូវបំបែកទិស ៧កន្លែង មានកន្លែងឈប់សម្រាក ចំនួន៣កន្លែង ចំណតរថយន្ត ១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំ ចំនួន៤កន្លែង ស្ពានធំ និងស្ពានមធ្យម ចំនួន៤០កន្លែង ស្ពានតូច ចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញ ប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន៤ ក្នុងនោះ ៖ ខេត្តកណ្តាល ប្រវែង ៩,១គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៨០,៨គីឡូម៉ែត្រ ខេត្តកោះកុង ប្រវែង១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ប្រវែង ៨៩,៨៩គីឡូម៉ែត្រ។

គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញ ទៅផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោង មកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភ័ស្តុភារកម្មផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា លោកបានដាក់សំណើទៅសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បើកសម្ពោធផ្លូវនេះជាផ្លូវការ នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ នេះ ស្របពេលដែលលោកលី ខឺឈាង នាយករដ្ឋមន្ត្រីចិន បំពេញទស្សនកិច្ចនៅកម្ពុជា។ ផ្លូវល្បឿនលឿននេះ កំណត់ឱ្យបើកបរក្នុងល្បឿនចាប់ពី ៦០គីឡូម៉ែត្រ ដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង៕

RELATED ARTICLES