ខេត្តកំពង់ស្ពឺ ៖ សហគមន៍ឧត្ដមស្រែ បានអះអាងថា ព្រៃឈើ និងព្រះពុទ្ធបដិមា នៅវត្តមេត្តាធម្មជាតិ ដែលស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅតែត្រូវបានពួកទមិឡឥតសាសនា បន្តបំផ្លាញគ្មានទីបញ្ចប់ ហើយរូបភាពសោកនាដកម្មបំផ្លាញព្រះពុទ្ធបដិមានេះ ពិតជាកើតមាននៅវត្តមេត្តាធម្មជាតិ។
លោក សយ សាត តំណាងសហគមន៍ឧត្ដមស្រែពស់ បានបង្ហោះវីដេអូស្ដីពីការបំផ្លាញព្រៃឈើ និងព្រះពុទ្ធបដិមា វត្តមេត្តាធម្មជាតិ (វាយបំបាក់ក ដាច់ព្រះសិរព្រះពុទ្ធបដិមា) នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងរដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ កន្លងទៅថ្មីៗនេះ ជាមួយសំណេរថា «ខ្ញុំបានឮសូរម៉ាស៊ីនកាត់ឈើ នៅក្នុងវត្តមេត្តាធម្មជាតិ ពេលខ្ញុំរត់ទៅដល់ទីតាំងនោះ ក៏បានជួបរឿងបែបនេះ។ រឿងអស់ទាំងនេះ កើតមានដោយសារឈ្មោះអៀម ម៉ៅ និងប៉ែន សារិទ្ធ ជាទាហាននៅអង្គភាព ង៧០ ដែលជាមេខ្លោង ជាអ្នកដឹកនាំបង្កវិនាសកម្មនាំឱ្យបាត់បង់ព្រៃសហគមន៍ឧត្តមស្រែពស់ និងព្រៃវត្តមេត្តាធម្មជាតិដោយឥតប្រកែកបាន។ រូបភាពសោកនាដកម្មបំផ្លាញព្រះពុទ្ធរូបនេះ ពិតជាកើតមាននៅវត្តមេត្តាធម្មជាតិ ដែលស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ» ។
ជាមួយគ្នានេះ លោក សយ សាត បានមានប្រសាសន៍នៅក្នុងវីដេអូនោះថា “ខ្ញុំករុណា សូមថ្វាយបង្គំដល់ព្រះពុទ្ធ ជាបរមគ្រូ និងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ។ ថ្ងៃនេះ ជាបិណ្ឌទី១៣ ថ្ងៃទី២៣ ឥឡូវនេះព្រះពុទ្ធរូបនៅក្រោមដើមជ្រៃ ត្រូវបាក់សុរង្គហើយ ព្រះកេសហើយ ព្រះបាតក៏បាក់ដែរ ។ ដូច្នេះនេះហើយ ជាទង្វើរបស់អៀម ម៉ៅ និងប៉ែន សារិទ្ធ ដែលបំផ្លាញធនធានធម្មជាតិ ព្រៃសហគមន៍ឧត្តមស្រែពស់ និងវត្តមេត្តាធម្មជាតិ ដែលព្រះអង្គនិងសហគមន៍ ខំការពារថែរក្សាជាង២០ឆ្នាំហើយ ឥឡូវវិនាសកម្មមិនត្រឹមតែដើមឈើ សូម្បីតែព្រះពុទ្ធរូប ក៏ត្រូវបាក់សុរង្គ ខ្ទេចខ្ទាំអស់ហើយ ។ ដូច្នេះជនរួមឈាមទាំងអស់ ពិសេសក្រសួងធម្មការនិងសាសនា លោកមើលចុះ ហើយពិសេសព្រះករុណាជីវិតលើត្បូង ពិសេសសម្ដេចនាយករដ្ឋមន្ត្រី លោកមើលចុះ ទង្វើដ៏អាក្រក់របស់អាអៀម ម៉ៅ និងអាប៉ែន សារិទ្ធ ដែលធ្វើមកលើព្រះពុទ្ធសាសនា ដែលជាសាសនាមួយ យើងជាអ្នកគោរព ជាអ្នកប្រណិប័តន៍ក្នុងតម្លៃនៃព្រះពុទ្ធសាសនា មិនអាចយកមកកាត់ថ្លៃបានឡើយ ។ ពេលនេះ ព្រះអង្គត្រូវដាច់សុរង្គ ព្រះបាត អស់ហើយ គ្មានសល់ទេ ជនរួមឈាមទាំងអស់ ទាំងនៅក្នុងប្រទេស ទាំងនៅនាយសមុទ្រ លោកមើលចុះ វិនាសកម្ម មិនមែនតែវិនាសកម្មព្រៃឈើទេ សូម្បីតែព្រះពុទ្ធរូប ក៏វិនាសកម្មដែរ វាយកមកគរចោលដូចជាអង្កត់អុស ហើយជនល្មើស មកបំផ្លិចបំផ្លាញខ្ទេចខ្ទីព្រះពុទ្ធរូប យកមកដាក់កន្លែងនេះ ឥឡូវនេះរលាយរលត់អស់ហើយ ខ្ទេចខ្ទីអស់ហើយ ជនរួមឈាម ហើយពិសេសក្រសួងធម្មការ លោកមានដឹងថា ព្រះពុទ្ធរូប គេកំពុងតែបំផ្លាញទេ? លោកដឹងទេ? ពិសេសឯកឧត្ដម វ៉ី សំណាង លោកបានមកដល់ទីកន្លែងដែលលោកកំណត់ឲ្យសហគមន៍ការពារ ឥឡូវនេះ អស់ទាំងព្រះពុទ្ធរូបទៀតហើយ? លោកមានបានដឹងទេ? ហើយពិសេសក្រសួងពាក់ព័ន្ធទាំងអស់ ពិសេសលោក ចក នេះ ដែលនៅបរិស្ថាននេះ នៅផ្ទាល់នេះ កន្លែងមុខវត្តនេះ ខ្ញុំតេទៅលោកអត់លើកទេ លោកលើក ប៉ុន្តែលោកថា រដូវភ្ជុំ អត់មានអ្នកណាមកមើលទេ មកថែទេ ព្រោះរដូវភ្ជុំ ចុះមន្រ្តីបរិស្ថានទាំងអស់ គឺគ្មានលេខ? សួរថា ឯណាលេខបរិស្ថាន? គាត់ថាអត់ស្គាល់ទេ“ ។
លោក សយ សាត បន្តថា “ក្នុងនាមគាត់ជាបរិស្ថាននេះ ហេតុអ្វីមិនស្គាល់លេខគ្នា រវាងមេនិងគាត់ហ្នឹង? ហើយគាត់ថា មិនស្គាល់នេះ? ហើយគាត់ទុកឲ្យវិនាសកម្មព្រៃឈើ បាក់ទាំងព្រះពុទ្ធរូបទៀតនេះ តើគាត់មានខួរក្បាលដែរទេ បរិស្ថានហ្នឹង? ហើយក្រសួងពាក់ព័ន្ធហ្នឹងមានដឹងទេ ដែលខ្ញុំបង្ហោះគ្រប់សារទាំងឡាយដែលបំផ្លិចបំផ្លាញ លោកមានយកចិត្តទុកដាក់ក្នុងការជួយអន្តរាគមន៍ទេ? តេទៅប្រធានប៉ុស្ដិ៍ អនុប៉ុស្ដិ៍លើក ប៉ុន្តែប្រធាន អនុប៉ុស្ដិ៍ ឆ្លើយថា មិនមែនជាដែនសមត្ថកិច្ចរបស់គាត់ គឺដែនសមត្ថកិច្ចរបស់បរិស្ថាន ។ ខ្ញុំតេទៅតាចក តាចក លើក ប៉ុន្តែរដូវនេះ គាត់អត់បានមកទេ គាត់ចូលទៅភ្ជុំបិណ្ឌ ។ សួរថា ភ្ជុំបិណ្ឌ និងការរំលាយព្រះពុទ្ធ ហើយមន្រ្តីរាជការស៊ីប្រាក់ខែនេះ តើលោកគិតម៉េច? រលាយរលត់អស់ហើយព្រះពុទ្ធរូបនេះ តើលោកមានឃើញទេ? មានដឹងទេ? ប៉ុន្មានដងហើយ ខ្ញុំប្រាប់លោកនេះ? ឥឡូវជនរួមឈាម ជួយពិចារណាទៅថា តើយើងឲ្យតម្លៃបរិស្ថាន ឲ្យតម្លៃអាជ្ញាធរដែនដីហ្នឹង ជាអ្នកបម្រើពលរដ្ឋទេ? បង្កើតរាល់បញ្ហាឡើង អសន្តិសុខ បញ្ហាកើតឡើង ការបំផ្លិចបំផ្លាញធនធានធម្មជាតិ ការប្រើអំពើហិង្សា ការប្រើញៀនផ្សេងៗ មិនដែលឃើញក្រសួងពាក់ព័ន្ធណាយកចិត្តទុកដាក់មកដោះស្រាយរាល់បញ្ហាទេ ស៊ីតែប្រាក់ខែរាស្រ្ត ដេកដោយសុខ គ្មានខ្វល់ពីទុក្ខសោករបស់សាសនា ទុក្ខសោករបស់ប្រជាពលរដ្ឋដែលជាជនរងគ្រោះ ។ យើងមើលឲ្យឃើញទង្វើអស់នេះ មិនត្រឹមតែប៉ុណ្ណឹង រំលាយព្រះពុទ្ធ ទៅទៀត ។ ហ្នឹងអាអៀម ម៉ៅ និងអាប៉ែន សារិទ្ធ ហ្នឹង អាមនុស្សដែលអត់សាសនា អាមនុស្សដែលអត់ឲ្យតម្លៃសាសនា អាមនុស្សនៅក្រោមចិត្តគំនិតជាប្រេត តិរច្ឆាន តើយើងសមទុកគាត់ជាមនុស្សទេ? ការបំផ្លិចបំផ្លាញនេះ កុំតែការគប់គិតគ្នាជាប្រព័ន្ធពីអាជ្ញាធរ ពីមូលដ្ឋានដល់ថ្នាក់ខេត្ត ក៏ព្រៃឈើឧត្ដមស្រែពស់ មិនបាត់បង់ដែរ ។ ដូច្នេះព្រះពុទ្ធ ជាបរមគ្រូ ដែលខ្ញុំគោរពប្រណិប័តន៍ ឥឡូវបាក់បែករលត់រលាយអស់ហើយ ។ ដូច្នេះជនរួមឈាមទាំងឡាយ សូមមេត្តាកុំមើលបំណាំគ្នា ចូលរួមដើម្បីការពារសាសនាយើងផង ការពារតម្លៃកិត្តិយសប្រពៃណីទំនៀមទម្លាប់ មានតែប៉ុល ពត ទេ ដែលបំផ្លាញសាសនា ប៉ុន្តែដល់សម័យនេះ ក៏បំផ្លាញសាសនាដែរ ក៏រំលាយសាសនាដែរ ។ យើងមើលឲ្យឃើញថា ទង្វើទាំងអស់នេះ គឺសាហាវឃោរឃៅណាស់ អាជ្ញាធរដែនដី ខ្ញុំសោកស្ដាយណាស់ សោកស្ដាយមែនទែន សោកស្ដាយបើជីវិតខ្ញុំស្លាប់ ខ្ញុំមិនស្ដាយអ្វីជាទម្រង់ដើម ប្រពៃណីដើម ដែលខ្មែរ កាន់ព្រះពុទ្ធសាសនា ខ្មែរ មានប្រពៃណីទំនៀមទម្លាប់ល្អ ហេតុអ្វីក៏ខ្មែរ មួយជំនាន់ ទៅមួយជំនាន់ បំផ្លាញតែគ្នាឯង បំផ្លាញសេចក្ដីល្អរបស់ជាតិខ្លួន? ខ្ញុំទទួលយកមិនបានទេ សូមព្រះករុណាជីវិតលើត្បូង និងសម្ដេចនាយករដ្ឋមន្ត្រី ពិសេសក្រសួងធម្មការ ចុះមកស៊ើបអង្កេត ដើម្បីចាប់ជនល្មើសដែលបំផ្លាញធនធាននេះផង“ ។
បន្ថែមលើការថ្លែងក្នុងវីដេអូខាងលើនេះ លោក សយ សាត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ថា ពូកទមិឡអត់សាសនា មិនស្គាល់បុណ្យបាប កម្ម ចង់មានចង់បានមិនចេះចប់ នៅតែបន្តបំផ្លាញព្រៃឈើ និងព្រះពុទ្ធបដិមាវត្តមេត្តាធម្មជាតិ គ្មានទីបញ្ចប់ ។ ដូច្នេះលោកសូមទូលថ្វាយព្រះករុណាព្រះមហាក្សត្រ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អាជ្ញាធរដែនដី ក្រសួងបរិស្ថាន និងក្រសួងធម្មការនិងសាសនា មានចំណាត់ការលើជនល្មើសដែលបំផ្លាញព្រៃឈើ និងបំផ្លាញព្រះពុទ្ធបដិមា នៅព្រៃនិងវត្តមេត្តាធម្មជាតិ នេះផង។
ជុំវិញបញ្ហាខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំមតិយោបល់ពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងលោកសេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា បានទេ កាលពីម្សិលមិញ ។
ប៉ុន្តែកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោក វ៉ី សំណាង ធ្លាប់បានបញ្ជាក់ប្រាប់ “នគរធំ” ថា អាជ្ញាធរអត់គាំទ្រ ឬចូលដៃចូលជើងជាមួយអ្នកបំផ្លាញព្រះពុទ្ធបដិមានេះទេ ព្រោះការដែលខំធ្វើវត្ត ដោយសារតែជឿលើបុណ្យបាប ។ ដូច្នេះទង្វើដែលខុសទៅនឹងវិស័យពុទ្ធចក្រនេះ វានាំឲ្យអន្តរាយដល់ខ្លួន ឬអ្នកណាប្រព្រឹត្ត អ្នកហ្នឹងទទួលយកកម្មផលហ្នឹងទៅ ។ ប៉ុន្តែលោកអំពាវនាវឲ្យប្រជាសហគមន៍ និងអ្នកដែលជាប់ពាក់ព័ន្ធបញ្ហាទាំងអស់ សុំកុំបង្ហោះតាមហ្វេសប៊ុក ព្រោះលោកមិនមានពេលមើលទេ គឺសុំឲ្យគាត់ដាក់ឯកសារ ឬបណ្ដឹងមកអាជ្ញាធរ ដើម្បីអាជ្ញាធរចាត់វិធានការទៅតាមបណ្ដឹង ឬសំណូមពរនោះ ។
ចំណែកលោកសេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា ក៏បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នោះដែរថា កន្លងមក ក្រសួង ទទួលបានព័ត៌មានខ្លះដែរ ពាក់ព័ន្ធវត្តមេត្តាធម្មជាតិនេះ ប៉ុន្តែជុំវិញបញ្ហាការបំផ្លាញព្រះពុទ្ធបដិមានៅវត្តមេត្តាធម្មជាតិ នោះ លោកមិនទាន់បានទទួលទេ ព្រោះមិនទាន់មានការរាយការណ៍ពីខាងអាជ្ញធរថ្នាក់ក្រោមជាតិ ដែលទទួលបន្ទុកដោះស្រាយនៅមូលដ្ឋាន ។ ដូច្នេះលោកគ្រាន់តែអាចបញ្ជាក់បានថា សរណវត្ថុ មិនអាចបុគ្គលណាបំផ្លិចបំផ្លាញ ឬធ្វើឲ្យខូចខាតបានទេ ព្រោះវាខុសនឹងច្បាប់ក្រមព្រហ្មទណ្ឌ ប៉ុន្តែបើសរណវត្ថុ គ្រាន់តែជារូប មិនទាន់បានក្លាយទៅជាសរណវត្ថុដែលស្របច្បាប់រដ្ឋ ច្បាប់សាសនាទេ ជាងអាចកែបាន ។
ដោយឡែក លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ បានលើកឡើងថា ពួកដែលបានបំផ្លាញព្រះពុទ្ធបដិមា ធ្វើឲ្យព្រះពុទ្ធបដិមាបាក់ក ដាច់ព្រះសិរ (ក្បាល) នៅព្រៃមេត្តាធម្មជាតិ និងដើមជ្រៃដ៏ធំ ត្រូវបានបំផ្លិចបំផ្លាញ ជាពិសេសអាស្រម ឬកុដិមួយ ត្រូវបានដុតបំផ្លាញចោលនោះ ចាត់ទុកជាពួកទមិឡអត់សាសនាដូចរបបប៉ុល ពត ដែរ ៕ កុលបុត្រ