ភ្នំពេញ៖ខេមរៈ សិរីមន្ដ និងសុខ ពិសី ធ្លាប់ជ្រកក្រោមដំបូលផលិតកម្មសាន់ដេរួមគ្នាហើយក៍អាចចាត់ទុកថាជាដៃគូដ៍យល់ចិត្តផងដែរ ប៉ុន្ដែតារាទាំងពីរលែងមានឱកាសបានច្រៀងសម្ដែងរួមគ្នាបន្ទាប់ពីលោកប៊ុនថៃ ទៅរួមរស់ជាមួយហង្សមាស។ប៉ុន្ដែកាលពីព្រឹកថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២២ តារាល្បីទាំងពីបានជួបគ្នាសារជាថ្មីនៅសាលមហាសន្និបាទក្រសួងដែនដី នគររូបនីយ៍កម្ម ក្នុងកម្មវិធីសម្ពោធភាពយន្ដចម្រៀង”ជីវិតក្មេងវត្ត”ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធ័ម និងវិចិត្រសិល្បៈ។




ខេមរៈ សិរីមន្ដ បានច្រៀងបទ”លោកពុកសែនល្អ” ខណៈដែលស្រីស្អាតសុខ ពិសី ច្រៀងបទ”ស្ពានសាងស្នេហ៍”ហើយទាំងសិរីមន្ដ និងពិសី បានបង្ហាញអារម្មណ៍មានមោទនភាពដូចគ្នានៅពេលដែលមានឱកាសបានបកស្រាយពីបទចម្រៀងទាក់ទងប្រវត្តិសម្ដេចតេជោហ៊ុន សែន ។


អ្នកនាងចន ច័ន្ទលក្ខិណា ប្រធានសមាគមន៍សិល្បករខ្មែរបានឲ្យដឹងថា”ជីវិតក្មេងវត្ត”និពន្ធឡើងនៅថ្ងៃទី៨ខែកក្កដាឆ្នាំ១៩៩៦ ដោយសម្ដេចតេជោហ៊ុន សែន និងដឹកនាំការថតដោយឯកឧត្តមហ៊ុន ហេង ច្រៀងដោយលោកយិន សារិន ហើយនៅពេលនេះត្រូវបានច្រៀងឡើងវិញដោយលោកជិន វឌ្ឍនា សម្រួលតន្រ្ដីដោយលោកប៊ូ វណ្ណមុន្នីរក្ស និងលោកកែវ ម៉ារ៉ា ហើយដឹកនាំឡើងវិញដោយលោកហ្វៃ សំអាង ។ភាពយន្ដចម្រៀង”ជីវិតក្មេងវត្ត”នេះមានរយៈពេល៣០នាទី ហើយចំណាយការផលិតអស់ថវិការចំនួន១២ម៉ឺនដុល្លារ និងមានតារាសម្ដែងចូលរួមដូចជាអ្នកគ្រូឌី សាវ៉េត,ឌួង ហ្សូរីដា ,លី ម៉ារីណា, នីតា វរវង្ស,លោកម៉េង ប៊ុនឡូ,ពៅ ពិសិដ្ឋ , ឆឹម សក្កដា,ប៉ាន់ ខែមម៉ានូ និងប្អូនប្រុសអោក ឧត្តម ជាដើម។



លោកប៉ាន់ ខែមម៉ានូ ដែលសម្ដែងជាតួសម្ដេចតេជោកាលនៅរៀនវិទ្យាល័យស្នាក់នៅវត្តនាគវ័ននោះបានថ្លែងថាលោកជាអ្នកចម្រៀងបុរាណមួយរូបដែលបានវិវត្តន៍ខ្លួនមកជាតួភាពយន្ដគឺមានផលវិបាកសម្រាប់រូបលោក។ប៉ុន្ដែការតាំងចិត្តនិងការតស៊ូរៀនសូត្រពីសំណាក់លោកគ្រូអ្នកគ្រូ រៀមច្បង អ្នកសិល្បករ ក្នុងវប្បធ័មចែករំលែកទើបលោកមានថ្ងៃនេះ ពិសេសការថតពីជីវិតពិតរបស់សម្ដេចតេជោ គឺលោកបានសិក្សាររៀនសូត្រពីវីរៈភាពដ៍ឧត្តុងឧត្តម្ភរបស់លោក តាំងពីនៅយុវវ័យ។លោកថាយុវវ័យគ្រប់រូបគូរៀនសូត្រពីវីរៈភាពរបស់សម្ដេចតេជោ ដើម្បីក្លាយខ្លួនជាវីរៈយបុគ្គលរស់នៅក្រោមម្លប់សន្ដិភាព។



លោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធ័ម និងវិចិត្រសិល្បៈបានមានប្រសាសន៍ថាចម្រៀងភាពយន្ដ”ជីវិតក្មេងវត្ត”ជាគុណតម្លែប្រវត្តិសាស្រ្ដ សម្រាប់កុលបុត្រកុលធីតាគ្រប់ជំនាន់ ព្រោះជាខ្សែជីវិតរបស់ថ្នាក់ដឹកនាំកំពូលរបស់យើង។លោកជំទាវក៍សូមថ្លែងអរគុណដល់សិល្បករដែលបានសរសេរចារនៅក្នុងទំព័រប្រវត្តិសាស្រ្ដរួមគ្នាតាមរយៈការសម្ដែងភាពយន្ដរឿង”ជីវិតក្មេងវត្ត”នេះឡើង៕

