ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានដើរវង្វេងបាត់ពីផ្ទះ អស់រយៈពេលជាងកន្លះខែ មកហើយ ទោះជាក្រុមគ្រួសារតាមស្វែងរកយ៉ាងណា ក៏គ្មានដំណឹងបន្តិចសោះ ធ្វើឱ្យកូនស្រីមានការព្រួយបារម្ភពីសុវត្ថិភាពម្តាយ ក៏កាន់រូបថតដើរត្រាច់ចរតាមរកម្តាយ សព្វកន្លែង និងទទូចសុំឱ្យអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយរកម្តាយរបស់គាត់ផង។
ករណីកូនស្រីកាន់រូបថតតាមរកម្តាយនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។
ស្ត្រីចំណាស់ដែលបាត់ខ្លួនពីផ្ទះ ដោយគ្មានដំណឹងនោះ មានឈ្មោះអែល យ៉ា អាយុ៦១ឆ្នាំ មានលំនៅ ម្តុំផ្សារទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកូនស្រីស្ត្រីចំណាស់ដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា ម្តាយរបស់គាត់ឈ្មោះអែល យ៉ា ដែលមានស្រុកកំណើតនៅភូមិត្រពាំងថ្ម ឃុំត្រពាំងគ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានបាត់ខ្លួនចេញពីផ្ទះ នៅម្តុំផ្សារទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ តាំងពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ មកម៉្លេះ រហូតមកដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នៅមិនទាន់រកឃើញនៅឡើយ ជាហេតុធ្វើឱ្យរូបគាត់ជាកូនស្រី រួមនិងសាច់ញាតិ ក្រុមគ្រួសារ មានការព្រួយបារម្ភពីសុវត្ថិភាពម្តាយយ៉ាងខ្លាំង។
ស្ត្រីជាកូនស្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញស្ត្រីចំណាស់ដែលមានភិនភាគដៅមុខពណ៌ក្រហមខាងស្តាំ (ដូចក្នុងរូបថតខាងលើ) សូមជួយទំនាក់ទំនងផ្តល់ដំណឹង តាមទូរស័ព្ទលេខ ០៣១ ៤៨៧ ៦៤៣០ និង ០៩៧ ៣០៥ ១៦៩៦ ដោយក្តីអនុគ្រោះ៕