ភ្នំពេញ៖វាមិនមែនជារឿងចៃដន្យនោះទេដែលស្រីស្រស់ហ្វា ហ្វា ហៅស្រីយី បានចាប់ដៃថតសម្ដែងជាមួយអតីតសង្សារនាយចឺម ដល់ទៅ២ដងហើយធ្វើការជាមួយគ្នាដោយរលូនគ្មានទំនាស់អ្វីកើតឡើងឡើយ។លើកទី១ ហ្វា ហ្វា ថតស្ពតជាមួយអ្នកមេម៉ាយនាងសេង សុខឃីម ដែលជាអតីតសង្សារទី៤នាយចឺម ដោយស្និតស្នាលគ្នាដូចមិត្តភក្ដិ។កាលនោះស្រីយី បានប្រាប់អ្នកយកព័តមានយើងថាអត់បញ្ហា ឲ្យតែអ្នកដឹកនាំរឿងតម្រូវនាងអាចថតទៅតាមអ្វីដែលគេចង់បាន គ្មានរឿងអីទេ…។

ដោយឡែកកាលពីពេលថ្មីៗនេះហ្វា ហ្វា បានសហការណ៍គ្នាជាមួយនាងអៀ ម៉េងលិ ហៅអូនម៉ី ជាអតីតសង្សារទី១ របស់នាយចឺម ថតMVរបស់លោកដួង វីរៈសិទ្ធ បទ”ចានស្រាក់”ហើយពួកគេរាំក្បែគ្នាយ៉ាងសប្បាយរីករាយ។ការបង្ហាញសកម្មភាពទាំងពីរលើករបស់ហ្វា ហ្វា នាពេលនេះជាគំរូល្អមួយក្នុងសិល្បៈ ដោយសារតែនាងមិនមានការកាច់កុងគ្នាជាមួយសង្សារចាស់របស់លោកសុខ មេសា នោះទេពេលរួមការងារជាមួយគ្នា ដែលខុសពីតារាមួយចំនួនពេលថតសិល្បៈប៉ៈស្រីស្នេហ៍របស់សង្សារខ្លួនពួកគេធ្វើឲ្យអ្នកដឹកនាំសម្ដែងឈឺក្បាល ដោយសារតែពេលនាងនាងប៉ៈគ្នាបែបនេះគឺគិតតែនិយាយដៀមដាមដាក់គ្នា…។ដោយឡែកសម្រាប់ហ្វា ហ្វា វិញនាងកាចឬស្លូតទៅតាមអ្នកដឹកនាំរឿងចង់បានគឺមានតែក្នុងរឿងប៉ុណ្ណោះ តែនៅក្រៅឆាកនាងត្រូវបានគេចាត់ទុកថាជាតារាវ័យក្មេងដែលចេះគោរពរៀមច្បងហើយថែមទាំងជានារីម្នាក់ដែលស្លូតបូតទៀតផង។

ហ្វា ហ្វា បានភ្ជាប់ស្នេហ៍ជាមួយនាយចឺម ជាង២ឆ្នាំក៍ចែកផ្លូវគ្នាទៅវិញហើយទាំងសងខាងបានព្យាយាមមិនប្រាប់មូលហេតុនោះទេ ព្រោះចង់ទុកកិត្តិយសឲ្យរៀងៗខ្លួនទើបជៀសវាងការហែកហួរគ្នាលើបណ្ដាញសង្គម។ស្រីយី ធ្លាប់ប្រាប់ថាបើសិនជាជួបនាយចឺម ដោយចៃដន្យនាងនៅតែនិយាយស្ដីរកគ្នាព្រោះអត់បានចងគំនុំឬចាត់ទុកជាសត្រូវឡើយ។ស្រីស្រស់ដែលបានសារភាពកែពង្រីកដើមទ្រូងរូបនេះថែមទាំងថាបើថ្ងៃក្រោយនាយចឺម មានបទតម្រូវឲ្យនាងថតMV ដូចមុនគឺនាងនៅតែទទួលថតឲ្យដដែល តែលោកមេសា ហាក់មិនចាប់អារម្មណ៍ហៅសង្សារចាស់របស់ខ្លួនមកថតសម្ដែងរួមគ្នាដូចមុនវិញនោះទេ ព្រោះនាយ គិតតែពីរវល់ឡង់សេតារាថ្មីៗសាច់សខ្ចីផ្សេងៗទៀត។គេចាំមើលថាក្រោយហ្វា ហ្វា បានថតសម្ដែងជាមួយអតីតសង្សារនាយចឺម ២នាក់រួចមកហើយគឺនាងសេង សុខឃីម និងអូនម៉ី នោះតើស្រីយី នឹងបន្ដចាប់ដៃធ្វើការងារសិល្បៈជាមួយសង្សារទី២នាយចឺម ម្នាក់ទៀតគឺនាងពុធ ស្រីខួច ដែរឬទេ?

