ភ្នំពេញ៖លោកព្រាប សុវត្ថិ បានឡើងជាឧកញ៉ាគម្រប់៥ខែគត់គិតត្រឹមថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២២ នេះ តែរឿងដែលអ្នកគាំទ្រលោកមើលឃើញនាពេលបច្ចុប្បន្ននោះគឺអតីតតារាហង្សមាសរូបនេះហាក់រយាលៗពីអាជីពចម្រៀងទើបគេសន្និដ្ឋានថាមិនយូទេលោកសុវត្ថិ នឹងព្រលែងអាជីពចាស់ដោយផ្ដោតតែលើការធ្វើជំនួញជាមិនខាន។ប៉ុន្ដែលោកព្រាប សុវត្ថិ បានប្រាប់”នគរធំ”កាលពីថ្ងៃទី២៨ខែកញ្ញា ថាលោកនឹងចាប់យកអាជីពចម្រៀងនិងជំនួញឲ្យស្មើគ្នាតែម្ដង។លោកសុវត្ថិ បានប្រាប់ហេតុផលថាការចាប់យកអាជីពចម្រៀងរយៈពេលជាង២០ឆ្នាំមកនេះហើយទើបធ្វើឲ្យលោកមានអ្វីៗគ្រប់យ៉ាងទាំងអស់រហូតមកដល់បច្ចុប្បន្ន ហេតុនេះហើយឲ្យតែមហាជននៅតែគាំទ្រ គ្មានហេតុផលណាដែលលោកមិនទៅច្រៀងសម្ដែងដូចមុនវិញនោះទេ ព្រោះថាសិល្បៈជាការស្រលាញ់ចូលចិត្តរបស់លោកតាំងពីដើមរហូតមកដល់សព្វថ្ងៃ។ដោយឡែកទាក់ទងការធ្វើជំនួញវិញលោកថាក៍មិនអាចព្រលែងបានដែរព្រោះបើមិនរកស៊ីទេគឺអត់ទៅមុខ ហេតុនេះហើយលោកសូមចាប់យកអាជីពសិល្បៈនិងជំនួញព្រមគ្នាតែម្ដង។អតីតតារាហង្សមាសរូបនេះក៍បានឲ្យដឹងថាអ្នកដែលធ្លាប់ទាក់ទងលោកហៅច្រៀងពីមុនលោកទទួលបានគោរម្យងាជាឧកញ៉ា ហើយក្រោយពេលលោកក្លាយជាឧកញ៉ាគឺតែនៅដដែលហើយឲ្យតែត្រូវរ៉ូវនិងល័ក្ខខណ្ឌទាំងសងខាងគឺលោកនៅតែចេញច្រៀងសម្ដែងបានដដែលទេ។

ឆ្លើយតបសំណួរថាបន្ទាប់ពីឡើងជាឧកញ៉ាមកតើតម្លៃខ្លួនរបស់លោកព្រាប សុវត្ថិ កើនជាងមុនឬរក្សារថេនោះតារាវ័យ៤៧ឆ្នាំរូបនេះថាការខិតខំប្រឹងប្រែងគឺតែងតែចង់បានលទ្ធផល តែលោកមិនអាចប្រាប់បានទេថាតើការច្រៀងសម្ដែងម្ដងស៊ីថ្លៃពីចន្លោះណាទៅណាបានឡើយ។អ្នកចម្រៀងGalaxy រូបនេះថាមិនមែនតែរូបលោកនោះទេ តែអ្នកសារព័តមានក៍ដូចគ្នាខិតខំធ្វើការដើម្បីឲ្យការងារបានល្អ ក៍ព្រោះតែចង់បានតម្លៃឬលទ្ធផលមួយដែលខ្លួនឯងពេញចិត្តផងដែរ។

លោកព្រាប សុវត្ថិ បានឲ្យដឹងដែរថាក្រោយលោកទទួលបានគោរម្យងារជាឧកញ៉ានេះមក ទស្សនិកជនអាចហៅលោកថាជាឧកញ៉ាព្រាប សុវត្ថិ ក៍បាន ហៅថាលោកព្រាប សុវត្ថិ ក៍បានព្រោះរូបលោកនៅតែជាព្រាប សុវត្ថិ អីចឹង។លោកក៍បានឲ្យដឹងថាថ្មីៗនេះបានថតចម្រៀងនៅGalaxy ជាបទបែបបឋមវ័យផង យុវវ័យផង ហើយនឹងមានចេញបទជាបន្ដបន្ទាប់ទៀត ខណៈដែលមុននេះលោកហាក់ដូចជារាងស្ងប់ស្ងាត់បន្ដិចក៍ព្រោះតែចង់រកអ្វីដែលថ្មីៗមកបង្ហាញ ម្យាងជាប់រវល់ទៅលើការធ្វើជំនួញផងដែរ។ទាក់ទងរឿងកូនប្រុសទាំង៣របស់លោកវិញតារាចម្រៀងល្បីជាង២ទសវត្សន៍រូបនេះបានឲ្យដឹងថាពួកគេសុទ្ធតែមានទេពកោសល្យសិល្បៈរៀងៗខ្លួន ហេតុនេះអ្វីដែលមានហើយមិនអាចបោះបង់នោះទេគឺអាចនឹងបញ្ចេញនាពេលដ៍ឆាប់ៗខាងមុខនេះ ព្រោះពេលនេះលោកមានលទ្ធភាពដែលអាចធ្វើបទថ្មីៗឲ្យកូនៗលោកនៅពេលណាក៍បាន គឺគ្រាន់តែរងចាំពីពេលវេលាសមស្របប៉ុណ្ណោះ។

ក្រៅពីតាំងចិត្តថានៅបន្ដអាជីពចម្រៀងទន្ទឹមនិងការធ្វើជំនួញនោះលោកព្រាប សុវត្ថិ ក៍អះអាងទៀតថាការថតភាពយន្ដក៍ជាការស្រលាញ់របស់លោកមួយផ្នែកទៀតដែរ បន្ទាប់ពីលោកបានសម្ដែងរឿង”នេសាទ ក្រពើ”និងរឿង”ធ្លាប់ស្រលាញ់ខ្ញុំទេ?”។ប៉ុន្ដែលោកថាមិនអាចកំណត់បានថាលោកគូតែថតឲ្យបានប៉ុន្មានរឿងក្នុងអាជីពនោះទេគឺអាស្រ័យទៅលើពេលវេលា។

គូរបញ្ជាក់ថាព្រាប សុវត្ថិ បានចាប់អាជីពចម្រៀងនៅហង្សមាសរយៈពេល២៣ឆ្នាំ(១៩៩៧-២០២០)ដោយបន្សល់បទចម្រៀងជាង៣០០០បទ ហើយពេលនេះលោកបានច្រៀងឲ្យGalaxy ជាង២ឆ្នាំទៅហើយ តែមជ្ឈដ្ឋានមហាជនមើលឃើញថាបទថ្មីៗរបស់លោកសុវត្ថិ មិនសូវមានគុណភាពនិងការគាំទ្រដូចកាលលោកនៅទ្រនុំចាស់ឡើយ៕
