ភ្នំពេញ៖អ្នកមេម៉ាយកូន១សាច់សខ្ចីនាងសេង សុខឃីម អតីតសង្សារទី៤របស់នាយចឺម បានអះអាងថានាងមិនដែលប្រចណ្ឌលោកមេសា ហួសហេតុទើបនាំឲ្យចំណងស្នេហាប្រែទៅជាប្រេះស្រាំនោះទេ តែគ្រាន់ធ្លាប់ប្រាប់ថាកុំឲ្យលេងសើចច្រើនពេកអី។ការអះអាងរបស់នាងឃីម នៅពេលនេះក្រោយពីមានព័តមានថាដើមចមដែលបណ្ដាលឲ្យនាងនិងនាយចឺម ចែកផ្លូវគ្នាក៍ព្រោះតែបណ្ដាលមកពីអ្នកមេម៉ាយប្រចណ្ឌនាយចឺម ខ្លាចទាក់ទងស្រីផ្សេង។ប៉ុន្ដែនាងឃីម អះអាងថាពេលនាងជូននាយចឺម ទៅច្រៀងសម្ដែងតាមខេត្តហើយឃើញមានអ្នកគាំទ្រថតរូបជាមួយលោកមេសា នាងមិនដែលហាមឃាត់នោះទេគឺមានតែសប្បាយចិត្ត ព្រោះគេមានការគាំទ្រខ្ពស់។យ៉ាងណានាងថាក្រោយបែកគ្នានេះពេលនាងជួបនាយចឺម ដោយចៃដន្យគឺរាប់អានគ្នាជាធម្មតា ហើយការស្រលាញ់សាបបន្ដិចម្ដងៗដែលយូៗគង់តែអាចរស់នៅដោយខ្លួនឯងដូចមុនបាន។ដោយឡែកទាក់ទងរឿងនាងនិងនាយចឺម ធ្លាប់បានទិញផ្ទះរួមគ្នានោះនាងឃីម ថាដោយសារតែផ្ទះនោះដាក់ឈ្មោះនាង ហេតុនេះក្រោយបែកបាក់ឥឡូវបានមកលើនាង។តែអ្វីដែលនាងក្ដុកក្ដួលនោះគឺកូនប្រុសនាងមុននេះចេះតែសួររកនាយចឺម ព្រោះកូននាងតាំងពីតូចកើតមកគ្មានឪពុក អីចឹងពេលទៅណាជាមួយលោកមេសា ស្មានថាជាឪពុកខ្លួនទើបធ្វើឲ្យនាងសែនអាណិតកូន។

ក្រោយបេះឆាស្នេហ៍ពីលើកស្ទួនៗនេះនាងសេង សុខឃីម មិនទាន់កំណត់ថាតើត្រូវប្រើជីវិតមេម៉ាយប៉ុន្មានឆ្នាំទៀតទើបយកគូស្នេហ៍ថ្មីនោះទេ ហើយនាងថារឹតតែមិនអាចដៅថាបុរសប្រភេទណាជាម្ចាស់បេះដូងថ្មីរបស់នាងទៀតផង ព្រោះនាងឃីម យល់ថាការចង់បានរបស់មនុស្សម្នាក់ៗគឺមិនមែនចេះតែបានដូចចិត្តនោះឡើយ។ប៉ុន្ដែនាងថាទោះជាពេលនេះរូបនាងលែងជាសង្សាររបស់នាយចឺម មែន ប៉ុន្ដែការថតMVបទថ្មីៗនៅសាន់ដេ គឺនាងនៅតែមានជាធម្មតាព្រោះថានាងនិងសុខ ពិសី ស្និតស្នាលគ្នា។

ក្រៅពីចែកផ្លូវនាយចឺម ទាំងមិនអាស់ចិត្តនោះនាងសេង សុខឃីម ក៍ជួបរាសីដាក់ផ្ទួនៗផងដែរ នារយៈពេលចុងក្រោយនេះដូចជាថ្មីៗនេះនាងមានបញ្ហាជាមួយអ្នកទិញផ្ទះរួមគ្នារហូតដល់ត្រូវដៃគូវិនិយោគបង្ហោះផ្អើលហ្វេសបុកទៀតផង។តែអតីតសង្សារទី៤របស់នាយចឺម រូបនេះថាដោយសារតែនាងបាននទិញផ្ទះបង់រំលោះនៅបុរីមួយត្រូវបង់ប្រចាំខែដល់ទៅ៤៧០០ដុល្លារ ហើយថ្ងៃនោះដល់ថ្ងៃបង់ នៅកុងធនាគាររបស់នាងសល់តែជាង៣ពាន់ដុល្លារ ទើបឲ្យភាគីដៃគូបាញ់ឲ្យជាង១ពាន់ដុល្លារដើម្បីបង្រ្គប់ក៍កើតទៅជាមានរឿងបែបនេះទៅ។នាងថាឥឡូវរឿងនោះបានដោះស្រាយអស់ហើយ ឥឡូវនាងតាំងចិត្តថាត្រូវតែរឹងមាំ ព្រោះត្រូវរកលុយបង់ផ្ទះផង ចិញ្ចឹមកូនផង៕

