ភ្នំពេញ៖មាស សុខសោភា ក៍មិនខុសពីសុគន្ធ និសា ដែរពោលគឺនាងកំព្រាឪពុកជាច្រើនឆ្នាំមកហើយ និងទៅណាមកណាតែជាមួយម្ដាយ។អំឡុងពិធីបុណ្យភ្ជុំបិណ្ឌកាលពីពេលថ្មីៗនេះ សុខសោភា បាននាំស្វាមីនាងលោកអ៊ឹត រ៉ាដា ទៅធ្វើបុណ្យរួមគ្នាដើម្បីឧទ្ទិសមគ្គផលជូនទៅឪពុកនាងលោកមាស សារឹម អតីតប្រធានមន្ទីរឧសហ្សាហកម្មខេត្តកំពង់ស្ពឺដែលបានទទួលមរណភាពតាំងពីនាងនៅក្មេង។សុខសោភា បួងសួងថាការធ្វើបុណ្យទានរបស់នាងទាំងឡាយសូមឲ្យឪពុកនាងធ្វើតំណើរទៅទិសខាងជើង និងបានស្វែងរកកាយថ្មី។ដោយឡែកស្វាមីសោភា លោករ៉ាដា វិញគេឃើញលោកពិតជាពូកែសម្របខ្លួនតាមតារាចម្រៀងល្បីរូបនេះបានគ្រប់ពេលតែម្ដងពោលគឺទោះជានាងស៊ិចស៊ីនៅឆ្នេសមុទ្រដោយស្លៀកតែខោលីអូនិងអាវវ៉ែនតា ក៍លោកគាំទ្រ ពេលតារារាម រូបនេះគ្រងឈុតប្រពៃណីខ្មែរបិតជិតក៍លោកពេញចិត្តដែលចំណុចពិសេសរបស់អាណិកជនខ្មែរមកពីកាណាដាបែបនេះហើយទើបធ្វើឲ្យពួកគេរក្សារចំណងស្នេហាបានដល់ទៅ១៥ឆ្នាំរហូតមកដល់ពេលនេះ។


គូរបញ្ជាក់ថាមាស សុខសោភា តាំងពីចូលរាម ជាង១ឆ្នាំមកនេះអ្វីដែលគ្រប់គ្នាមើលឃើញគឺការផ្លាស់ប្ដូរវិធីស្លៀកពាក់របស់នាងដែលប្លែកៗគ្រប់កម្មវិធីទាំងអស់ ប៉ុន្ដែសោភា នៅតែមិនទាន់ធ្វើឲ្យទីផ្សារចម្រៀងរបស់នាងមានការប្រែប្រួលឡើយ ពោលគឺហាក់នៅទ្រឹងទោះជាកាលពីដើមខែមករាឆ្នាំ២០២២ នាងបានតាំងចិត្តថាត្រូវតែបំបែកទីផ្សារចម្រៀងឲ្យខាងតែបានហើយបញ្ចេញអ្វីដែលទស្សនិកជនមិនធ្លាប់បានឃើញឲ្យគ្រប់គ្នាប្លែកភ្នែកក្ដី ប៉ុន្ដែរយៈពេល៩ខែមកនេះសោភា នៅតែមិនទាន់ធ្វើព្យុះភ្លៀងបានទេ ខណៈដែលមុននេះបទចម្រៀងនាងមានការចូលរួមពីអ្នកខាងក្រៅផលិតកម្មរាមដូចជានិពន្ធដោយលោកពេជ្រ សង្វារពេជ្រ ហៅលោកតាសក់ស ភ្នំត្រែង ព្រមទាំងលោកទ្រី ហេង ដែលជាប្ដីលោកម៉ា ដូណា និងស្វាមីនាងលោកអ៊ឹត រ៉ាដា ជាដើមក្ដី តែតារាសំនៀងផ្អែមរូបនេះនៅតែមិនទាន់ផ្ទុះ។យ៉ាងណាគេសង្កេតមើលឃើញថាសុខសោភា លែងពឹងលើអាជីពចម្រៀងទាំងស្រុងទៀតហើយ ព្រោះពេលនេះនាងមានហាង២ផ្ទាល់ខ្លួន ហើយនាងក៍ដៃគូរកស៊ីធំជាមួយថៅកែរាម ផងដែរ។

ក្រៅពីមាស សុខសោភា តារាស្រីល្បីៗដែលរស់នៅកំព្រាឪពុកមានដូចជាអ្នកនាងសុគន្ធ និសា ,ឱក សុគន្ធកញ្ញា(ឪពុកម្ដាយបែកបាក់គ្នា),ពេជ្រ សោភា,យុគ ចិន្ដា និងឌួង ហ្សូរីដា ជាដើម៕
