Tuesday, November 26, 2024
Homeព័ត៌មានជាតិកម្ពស់ទឹកទំនប់អាងបឹងតាម៉ុក ហក់ឡើងជាថ្មី

កម្ពស់ទឹកទំនប់អាងបឹងតាម៉ុក ហក់ឡើងជាថ្មី

ខេត្តឧត្តរមានជ័យ ៖ ស្ថានភាពជំនន់ទឹកភ្លៀង ចាប់ផ្តើមហក់ឡើងសាជាថ្មី ដោយទឹកហូរបុកខ្លាំងនៅលើទំនប់ស្ពាន អាងបឹងតាម៉ុក ស្ថិតនៅត្រង់ចំណុចភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង។

លោកញឹម កួន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តឧត្តរមានជ័យ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ថា គិតត្រឹមវេលាម៉ោង ៦និង៥៣នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ កម្ពស់ទឹកនៅទំនប់ស្ពានអាងបឹងតាម៉ុក ចាប់ផ្តើមហក់ឡើងសាជាថ្មី រហូតដល់កម្ពស់ ៣,៩៨ម៉ែត្រទៅហើយ ដូចនេះស្ថិតនៅក្នុងឱ្យមានការប្រុងប្រយ័ត្ន តែបើនៅមានភ្លៀងទៀតកម្ពស់ទឹកនឹងហក់ឡើងជាបន្តទៀត។

លោកងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង បានអះអាងថា ជំនន់ទឹកភ្លៀងនៅទំនប់អាងបឹងតាម៉ុក នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ តាមរបាយការណ៍ដែលលោកទទួលបានពីជំនាញធនធានទឹកនិងឧតុនិយមខេត្ត ស្ថានភាពទឹកឡើងដល់ ៣,៩៨ម៉ែត្រហើយ។ ដូច្នេះក្នុងនាមរដ្ឋបាលស្រុក ត្រូវដាក់ឱ្យមានការប្រុងប្រយ័ត្ន ហើយដោយឡែក បើទឹកភ្លៀងនៅបន្តធ្លាក់មកទៀត បើទឹកឡើងដល់ ៤,៥០ម៉ែត្រ ឡើងទៅ  នឹងដល់ចំណុចប្រកាសអាសន្នហើយ។

យោងតាមរបាយការណ៍ពីជំនាញធនធានទឹកនិងឧតុនិយម កម្ពស់ទឹកដែលហក់ឡើងឱ្យមានការប្រុងប្រយ័ត្ន គឺមានកម្ពស់ចាប់ពី ៣,៨០ម៉ែត្រឡើងទៅ ហើយបើកម្ពស់ទឹក ចាប់ពី ៤,៥០ម៉ែត្រ គឺត្រូវប្រកាសអាសន្នហើយ។

ចំពោះស្ថានភាពកម្ពស់ទឹកនៅទំនប់អាងបឹងតាម៉ុក កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ យោងទៅតាមក្រសួងធនធានទឹកនិងឧតុនិយម ប្រកាសលើផេកផ្លូវការថា កម្ពស់ទឹក នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ គឺ ៣,៧៩ម៉ែត្រ តែនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ស្ថានភាពទឹកបានហក់ឡើងដល់ ៣,៩៨ម៉ែត្រ ទើបមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ក៏ដូចជារដ្ឋបាលស្រុកអន្លង់វែង បានដាក់ឱ្យមានការប្រុងប្រយ័ត្ន៕

ប៊ុនថេត

RELATED ARTICLES