ខេត្តកំពង់ធំ ៖ កម្លាំងចម្រុះរបស់ទីបញ្ជាការឃុំពាមបាង នៅក្នុងរដូវបិទនេសាទ ឆ្នាំ២០២២ តែងតែអនុវត្តសកម្មភាពទប់ ស្កាត់និងបង្ក្រាបបទល្មើសជលផលនៅក្នុងដែនសមត្ថិកិច្ចរបស់ខ្លួន ដូចភ្លៀងរលឹម មិនតែប៉ុណ្ណោះ ថែមទាំងធ្វើការ ផ្សព្វផ្សាយអំពីឧបករណ៍នេសាទ ក៏ដូចជាច្បាប់ស្តីពីជលផល ជាច្រើនលើកច្រើនសាមកហើយដែរ ក្នុងនោះក៏មានការអប់រំណែនាំ និងធ្វើកិច្ចសន្យាដល់ប្រជានេសាទដែលបានប្រព្រឹត្តបទល្មើសជលផល ផ្ទុយពីច្បាប់ស្តីពីជលផលបានយ៉ាងច្រើនករណីផងដែរ។
ជាក់ស្តែងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងខណ្ឌរដ្ឋបាលជលផល សហការជាមួយក្រុមការងារចម្រុះ ដឹកនាំដោយលោកគង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ និងជាប្រធានក្រុមការងារ បានដឹកនាំកម្លាំងចម្រុះ ចុះទប់ស្កាត់និងបង្ក្រាបបទល្មើសជលផល សហការជាមួយក្រុមការងារថ្នាក់ជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងសរុប ចំនួន១០នាក់ មធ្យោបាយធ្វើដំណើរ ដោយកាណូតតូចធំ ចំនួន៣គ្រឿង ប្រើប្រាស់ប្រេងសាំង អស់ចំនួន៧០លីត្រ បានចុះបង្ក្រាបបទល្មើសនេសាទ នៅត្រង់ចំណុចចាប់ពីភូមិបាឡត រហូតដល់ភូមិពាមបាង ឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានរុះរើកាប់បំផ្លាញចោលវត្ថុតាងឧបករណ៍នេសាទ របាំងសាច់អួនខុសច្បាប់ នៅនឹងកន្លែង។
ជាលទ្ធផល កម្លាំងចម្រុះ បានដកហូតវត្ថុតាង រួមមាន របាំងសាច់អួន ចំនួន១២របាំង ប្រវែង ៣៦០០ម៉ែត្រ លូសាច់អួន ចំនួន២៤មាត់ ឡុកសាច់អួន ចំនួន១២គ្រឿង កាប់បំផ្លាញបង្គោលឈើ ចំនួន ៣០០០ដើម និងចាក់លែងត្រីចម្រុះ ចូលបឹងធម្មជាតិវិញ ចំនួន ១៥០គីឡូក្រាម។
លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ឲ្យដឹងថា បញ្ហាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ត្រូវបានថ្នាក់លើ បង្កើតក្រុមការងារដែលមានការចូលរួមពីគ្រប់ស្ថាប័នពាក់ពន្ធ័ក្នុងស្រុក-ខេត្ត មិនមែនមានតែស្ថាប័នជលផល ជាអ្នកទទួលខុសត្រូវម្នាក់ឯងនោះទេ៕