ភ្នំពេញ៖លី ម៉ារីណា បានជប់លៀងខួបកំណើតឲ្យកូនប្រុសរបស់នាងគម្រប់អាយុ៩ឆ្នាំកាលពីរាត្រីថ្ងៃទី២៩កញ្ញា ដោយមានតារាសិល្បករជាច្រើនបានចូលរួមលើកទឹកចិត្តនាងក្រោយតារាវ័យ៤២ឆ្នាំរូបនេះបានធ្លាក់ខ្លួនមេម៉ាយកូន១ជាង១ឆ្នាំមកនេះ។ម៉ារីណា មើលទៅហាក់រីករាយចិត្តពេលបានជួបជុំមិត្តភក្ដិ ប៉ុន្ដែគេមិនបានឃើញអតីតប្ដីនាងលោកសាត ចាន់ថន ចូលរួមឡើយបើទោះជារៀងរាល់ឆ្នាំលោកមិនដែលភ្លេចថ្ងៃខួបកូនប្រុសក្ដី។អ្វីដែលម៉ារីណា ហាក់រំសាយទុក្ខសោកបានមួយកម្រិតនោះគឺមិត្តភក្ដិរួមអាជីពរបស់នាងសុទ្ធតែបានសរសើរនិងលើកទឹកចិត្តនាងថាពូកែរក្សារសម្រស់បានស្អាតក្មេងជាងវ័យ ហើយពួកគេបានជូនពរនាងឲ្យឆាប់មានស្វាមីថ្មីឆាប់ៗទៀតផង។

គូរបញ្ជាក់ថាមុនលី ម៉ារីណា ប្រារពខួបកំណើតឲ្យកូននេះនាងបានប្រាប់អ្នកយកព័តមានយើងថាអតីតស្វាមីបានប្ដឹងសុំទាមទារសិទ្ធិគ្រប់គ្រងកូនប្រុសតែម្នាក់ឯង ប៉ុន្ដែនាងបានបដិសេធផ្ដល់កូនឲ្យនិងអះអាងថាទោះជាប្ដឹងដល់ណាក៍នាងមិនព្រមប្រគល់កូនឲ្យជាដាច់ខាតព្រោះខំពពោះនិងចិញ្ចឹមរហូតមកដល់ពេលនេះមិនអាចឲ្យទៅប្ដីចាស់បាននោះទេ។ម៉ារីណា ថាពេលនេះនាងមានតែលើកម្រាបដៃ១០ស្នើសុំឲ្យលោកសាត ចាន់ថន មេត្តាយកទ្រព្យសម្បត្តិដែលលួចពីនាងទៅមកប្រគល់ឲ្យនាងវិញផង ព្រោះមាស ពេជ្រ ទាំងនោះនាងខំសន្សំតាំពីកាលនៅលីវនិងមានចំណែកខ្លះជារបស់ម្ដាយនាងទៀតផង តែមិនគូណាលោកចាន់ថន ប្រមូលទៅខ្ទេចបែបនេះឡើយ។តែជុំវិញការចោទប្រកាន់របស់ម៉ារីណា នេះកន្លងមកលោកចាន់ថន បានច្រានចោល ព្រមទាំងលោកមានចម្ងល់ថាហេតុអីបានជាអតីតភរិយាទាមទារលែងលះលោកទាំងមិនដឹងមូលហេតុទៅវិញ?ម៉ារីណា ថាលោកចាន់ថន បានធ្វើអ្វីមានតែលោកខ្លួនឯងទេដែលដឹងច្បាស់ណាស់ តែនាងរក្សារជំហដដែលគឺមិនប្ដឹងអតីតប្ដីទៅតុលាការឡើយ ព្រោះមិនចង់ឃើញលោកជាប់គុក ច្រវ៉ាក់។

អ្នកមេម៉ាយលី ម៉ារីណា បានរៀបការជាមួយអាណិកជនខ្មែរមកពីអាមេរិកលោកសាត ចាន់ថន កាលពីថ្ងៃទី២៧ខែតុលាឆ្នាំ២០១៣ បន្ទាប់ពីនាងចែកផ្លូវគ្នាជាមួយលោកទិត្យ ថាវរិទ្ធ ។ក្រោយបរាជ័យស្នេហ៍២លើកជាប់គ្នានេះម៉ារីណា ថាមិនអាចកំណត់ពេលវេលាយកស្វាមីថ្មីថាពេលណាបានឡើយ ប៉ុន្ដែនាងបង្ហើបថាគ្មានចំណាប់អារម្មណ៍បុរសអាណិកជនទៀតទេ៕

