ភ្នំពេញ៖ព្រាប សុវត្ថិ បានប្រាប់អ្នកកាសែតកាលពីពេលថ្មីៗនេះថាកូនៗរបស់លោកសុទ្ធតែមានទេពកោសល្យសិល្បៈរៀងៗខ្លួន ហេតុនេះហើយអ្វីដែលមានពីធម្មជាតិដោយគ្មានសាលាឬក៍មានការហ្វឹកហាត់បន្ថែមកាន់តែល្អនោះលោកនឹងមិនឲ្យពួកគេបោះបង់ឡើយ គឺត្រូវតែបញ្ចេញនាពេលខាងមុខនេះ។អតីតតារាហង្សមាសដែលឡើងងារជា”ឧកញ៉ា”ជាង៦ខែរូបនេះថាពេលនេះអ្វីៗគឺនៅក្នុងដៃពោលគឺបើកូនទាំង៣របស់លោកចង់ធ្វើអ្វីថ្មីៗនៅពេលណាអាចធ្វើបានភ្លាម តែបញ្ហានៅត្រង់ថារងចាំពេលវេលាសមស្រប ហើយពេលដល់ត្រូវបញ្ចេញហើយនោះនឹងចេញជារូបរាងតែម្ដង។គេចាប់អារម្មណ៍ថាការតាំងចិត្តរបស់លោកព្រាប សុវត្ថិ បែបនេះបន្ទាប់ពីកូនកំលោះរូបសង្ហារទាំង៣របស់លោកព្រាប សុវត្ថិ គឺសុវត្ថិ មុនីវណ្ណ,សុវត្ថិ មុនីនាគ ដែលបច្ចុប្បន្នពួកគេនៅតែជាតារាហង្សមាស និងសុវត្ថិ សិរីវុឌ្ឍ ដែលបានចេញពីហង្សមាសទាំងមិនដឹងមូលហេតុកាលពីដើមខែមករាឆ្នាំ២០២០ នោះពេលឪពុករបស់គេនៅរួមទ្រនុំប្រុសសង្ហារទាំង៣ល្បីលេចធ្លោគូរឲ្យកត់សម្គាល់ ពិសេសគឺនៅពេលច្រៀងសម្ដែងជាមួយលោកសុវត្ថិ តែតាំងពីលោកស្នាយ ដើរចេញពីហង្សមាសទៅGalaxy ជាង២ឆ្នាំមកនេះកូនៗរបស់លោកស្រាប់តែប្រឈមស្ងប់ស្ងាត់ និងមិនសូវមានបទល្បីៗដូចមុនទៀតទេ ហើយជាញឹកញាប់គេឃើញពួកគេទៅរកស៊ីលក់ដីឡូតិ៍ជាមួយឪពុករបស់គេទៅវិញ។កត្តាទាំងនេះហើយដែលធ្វើឲ្យមានការសន្និដ្ឋានថាអាជីពចម្រៀងរបស់កូនៗលោកព្រាប សុវត្ថិ ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ទើបកន្លងមកធ្លាប់មានព័តមានថាកូនទាំង២របស់លោកសុវត្ថិ ដែលកំពុងតែច្រៀងនៅហង្សមាសនោះនឹងទៅចូលរួមជាមួយGalaxy នាពេលខាងមុខជាមួយឪពុករបស់ពួកគេជាមិនខាន។ប៉ុន្ដែអ្នកជំនាញធ្វើភ្លេង(Composer) ម្នាក់នៅហង្សមាសធ្លាប់ប្រាប់ថាតាមទស្សនៈរបស់លោកគឺហង្សមាសនឹងមិនបណ្ដោយឲ្យកូនៗរបស់ព្រាប សុវត្ថិ ទៅចូលGalaxy ឡើយ ព្រោះតែលោកគិតថាថៅកែនឹងគិតថា”អ្ហែងយកបានឪ អាញ់យកបានកូន”…។

តាមរយៈការបង្ហើបរបស់ព្រាប សុវត្ថិ ថាកូនៗរបស់លោកចង់ធ្វើអ្វីថ្មីៗពេលណាក៍បានព្រោះរងចាំតែការបញ្ចេញនោះគេអាចយល់ថាសលោកសុវត្ថិ ចង់សំដៅថាក្រៅពីចេញបទនៅផលិតកម្មដែលពួកគេកំពុងតែច្រៀងនោះរូបលោកជាឪពុកក៍អាចជួលឲ្យគេធ្វើភ្លេង ឬនិពន្ធបទចម្រៀងឲ្យពួកគេច្រៀងពេលណាក៍បានដែរ ប៉ុន្ដែលោកមិនកំណត់ពីពេលវេលាជាក់លាក់នោះទេ ដោយគ្រាន់តែបង្ហើបថាអាចនឹងឆាប់ៗនេះហើយ។ចំណែកអតីតតារាចម្រៀងហង្សមាសលោកនូ ស៊ឹប ក៍ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាតាមលោកយល់ព្រាប សុវត្ថិ អាចនឹងត្រៀមចេញអ្វីដែលថ្មីជាមួយកូនលោករួមគ្នាឡើងវិញនាពេលខាងមុខនេះជាមិនខាន ។

ក្រៅពីព្រាប សុវត្ថិ តារាជើងចាស់ដែលឲ្យកូនបន្ដពូជក្នុងអាជីពសិល្បៈមានដូចជាលោកហួ ឡាវី,អ្នកនាងកែវ កល្យាណ,ម៉េង កែវពេជ្ជតា និងអ្នកនាងខាត់ សុឃីម ជាដើម។ចំពោះលោកសុវត្ថិ វិញទោះជាមុននេះលោកសន្យាថានឹងចាប់អាជីពចម្រៀងឲ្យស្មើគ្នាជាមួយការធ្វើជំនួញក្ដី ប៉ុន្ដែជាក់ស្ដែងគេមើលឃើញថាលោកកាន់តែរយាលៗពីអាជីពចាស់បន្ដិចម្ដងៗហើយងាកទៅរកស៊ីផ្នែកអចលនទ្រព្យកាន់តែជ្រៅទៅៗជាមិនខាន ព្រោះលោកថាបើសិនជាមិនធ្វើជំនួញទេគឺនឹង”មិនទៅមុខ”ឡើយ។អ្វីដែលធ្វើឲ្យFan របស់លោកសុវត្ថិ ខកចិត្តនោះគឺតារាវ័យ៤៧ឆ្នាំ រូបនេះនៅតែមិនទាន់មានបទណាដែលខ្លាំងដូចកាលលោកនៅហង្សមាសដដែល ក្រោយលោកផ្ញើរខ្លួននៅGalaxy អស់រយៈពេលជាង២៤ខែមកនេះ ហេតុនេះហើយគេរងចាំមើលថាតើនៅសល់កុងត្រាជិត៣ឆ្នាំទៀតនៅទ្រនុំថ្មីនេះលោកសុវត្ថិ នឹងធ្វើឲ្យទីផ្សារចម្រៀងទលោកប្រែប្រួលបានទេ ឬមួយក៍ប្ដូរទ្រនុំធ្វើឲ្យចម្រៀងលោកឧកញ៉ាដើរថយក្រោយ?អ្នកខ្លះយល់ថាលោកឧកញ៉ាសុវត្ថិ កំពុងតែរៀបយុទ្ធសាស្រ្ដឲ្យកូនៗលោកឡើងវិញម្ដង ជាជាងផ្ដោតលើខ្លួនលោកចង់ល្បីថែមទៀត៕


